ជំងឺរលាកប្រអប់ច្រមុះ (Rhinosinusitis)
ការរលាកប្រអប់ច្រមុះជាការរលាកភ្នាសប្រអប់ច្រមុះ(sinus)ម្ខាងឬសងខាងដែលបង្កឡើងដោយវីរុសឬមេរោគ។វីរុសដែលបង្កមានដូចក្នុងជំងឺផ្ដាសាយដែរដូចជា rhinovirus (ញឹកញាប់)parainfluenza virus, respiratory syncytial virus (RSV), corona virus រីឯមេរោគបណ្ដាលឲ្យមានការលាកនេះមានដូចជា Streptococcus pneumoniae (ញឹកញាប់), Hemophilus influenzae, Moraxella catarrhalis …។
រោគសញ្ញានៅដំណាក់ដំបូងដែលបង្កឡើងដោយវីរុសឬដោយមេរោគមានដូចជា ក្ដៅខ្លួន តឹងច្រមុះ ហៀរសំបោររាវទៅខាប់ ឈឺក្បាលមួយចំហៀងក្បាលឬពេញក្បាល នៅជុំចិញ្ចើម នៅម្ដុំក្រោមភ្នែក រហូតដល់ស្រៀវធ្មេញក៏សឹងមាន។ជំងឺនេះអាចចាត់ទុកថាជាការរលាកបង្កដោយមេរោគវាច្រើនតែកើតបន្ទាប់ពីការវិវត្តន៍ពីការរលាកដែលបង្កដោយវីរុសពី១សប្ដាហ៍ឡើងទៅ។
ជំងឺនេះគេចែកជា២ដំណាក់កាល(ឯកសារខ្លះមាន៣ដំណាក់កាល)
- ដំណាក់កាលស្រួចស្រាវមានរយៈពេល ≤ ៤សប្ដាហ៍
- ដំណាក់រ៉ាំរ៉ៃមានរយៈពេល ≥១២សប្ដាហ៍
ការព្យាបាលអាស្រ័យលើមូលហេតុរបស់វា។មានន័យថាបើបង្កដោយវីរុស គេប្រើថ្នាំសាមញ្ញធម្មតាកំចាត់ សញ្ញាដែលមាន ពោលគេមិនប្រើថ្នាំផ្សះទេ (Antibiotic)។ រីឯសញ្ញាដែលបណ្ដាលមកអំពីមេរោគគេ ប្រើថ្នាំផ្សះគួបផ្សំនិងថ្នាំផ្សេងទៀតក្នុងរយៈ៧ដល់១០ថ្ងៃក្នុងដំណាក់កាលស្រួចស្រាវ។រយៈពេលនៃការព្យាបាលអាចបន្តរហូតដល់៦សប្ដាហ៍ក្នុងដំណាក់កាលរ៉ាំរ៉ៃ។
វាមានការរលាក១ប្រភេទទៀតដែលបង្កដោយធ្មេញដែលមានបញ្ហាភាគច្រើនចាប់ពីធ្មេញទី៥ដល់ទី៨នៃធ្គាមខាងលើ។សញ្ញាដែលចាប់អារម្មណ៍ជាងគេនោះគឺក្លិនស្អុយច្រមុះខាងធ្មេញមានបញ្ហា។ការព្យាបាលត្រូវសហការជាមួយគ្រូពេទ្យធ្មេញ។
ជំងឺនេះអាចបង្កឲ្យមានផលវិបាកផងដែរនៅពេលមានការយឺតយ៉ាវក្នុងការព្យាបាល ជាពិសេសអាចកើតឡើងចំពោះកូនក្មេងដែលសរីរៈមិនទាន់មានការអភិវឌ្ឍន៍ពេញលេញ។ផលវិបាកទាំងនោះមានកើតនៅលើភ្នែក ស្រោមខួរ ខួរក្បាលជាដើម។ វាមានដោយកម្រនៅលើមនុស្សពេញវ័យ។
នៅពេលណាជំងឺនេះទើបត្រូវការវះកាត់?។ពោលគឺបន្ទាប់ពីការបរាជ័យនៃការព្យាបាលដោយឱសថ។ការព្យាបាលដោយការវះកាត់ទោះជាការត្រឹមត្រូវក៏ដោយអត្រាជាសះស្បើយមានត្រឹមតែ៧០ទៅ៨០%ប៉ុណ្ណោះ។ការលាប់ឡើងវិញអាចមានកត្តាច្រើនមានដូចជាការពិសោធន៍របស់គ្រូពេទ្យវះកាត់ ដំណើការមិនប្រក្រតីរបស់មុខងាររបស់សរីរៈរបស់ប្រអប់ឆ្អឹងច្រមុះឬផ្សេងទៀតដូចជា Cystic fibrosis, Immotile Cilia syndromeជាដើម។
ឯកសារយោង៖
- Otolaryngology Head and Neck Surgery; Clinical Reference Guide, Raza Pasha, Justin S. Golub