បរិស្ថានសម្លេង
សម្លេងជាអ្វី? សម្លេងជាសូរឬស្នូរដែលមានហ្វ្រេកង់ (frequencyតាងដោយHz)និង អាំងតង់ស៊ីតេ (intensityតាងដោយ dB) និង សំនៀង (timbre)ជាសំនៀងមនុស្ស សត្វ ឧបករណ៍តន្ត្រី។ សម្លេងឬសូរដែលមានក្នុងបរិយាកាស ដែលបញ្ចេញដោយឧបករណ៏ភ្លេង សម្លេង មនុស្ស សត្វ ខ្យល់ ទឹកជាដើម អាចត្រង់ត្រាប់ស្ដាប់បានដឹងនូវប្រភព និង ថាមពលរបស់វាបានដោយត្រចៀក(សោតវិញ្ញាណ)។
សម្លេងដែលសោតវិញ្ញាណយើងទទួលបានក្នុងជីវិតប្រចាំថ្ងៃមានគ្រប់ទិសទីមិនថានៅទីណា ពេលណាទោះទេ ។សម្លេងនេះសោតទៀតមានកំរិតខ្សោយឬខ្លាំងទៅតាមប្រភពរបស់វា។
ការនិយាយដល់បរិស្ថានសម្លេងយើងចង់ផ្ដោតលើកំរិតសម្លេងចម្រុះដែល សមស្របនិងមិនសមស្របក្នុងបិយាកាសសំរាប់ការរស់នៅប្រចាំថ្ងៃរបស់យើង។
ជាទូទៅគេសន្មតសម្លេងដែលយើងប្រាស្រ័យគ្នារាល់ថ្ងៃ មានហ្វ្រេកង់ពី២៥០Hz ដល់២០០០Hz ក្នុងកំរិតអាំងតង់ស៊ីតេជាមធ្យម ពី ៣០dB ដល់៧០dB ដែលនៅក្នុងនោះគេកំណត់(៣៥dB សម្លេងទាប ៥៥dB សម្លេងមធ្យម ៧០dB សម្លេងខ្លាំង)។បើខ្លើសពីនេះវាអាចបង្កការំខានដល់ការស្ដាប់ជាលក្ខណៈបុគ្គលឬជាសាធារណៈ។លើសពីនេះវាក៏អាចប៉ះពាល់ដល់សោតវិញ្ញាណនិងអាចឈានដល់ហ៊ឹងត្រចៀកនិងពិការភាព(ធ្ងន់ត្រចៀកឬថ្លង់តែម្ដង)ដែលបង្កឡើងដោយសម្លេង (Noise induced hearing loss)។
មួយបែបទៀតផលប៉ះពាល់ដោយសម្លេងទោះខ្សោយ មធ្យម ឬខ្លាំង ក្នុងរយៈពេលយូរវាអាចបង្កឲ្យមានការថយចុះនែការផ្ចង់ស្មារតីក្នុងការសិក្សា អាការៈមួហ្មង គេងមិនលក់ ស្ត្រេស(stress) និងអាចបណ្ដាលឲ្យមានជំងឺផ្សេងៗទៀតបាន។ ឧទាហរណ៍កម្មករដែលមិនមានឧបករណ៍ការពារដែលធ្វើការក្នុងរោងចក្រដែលមានសម្លេងខ្លាំង ដូចជារោងចក្រដែក កម្មករដែលប្រើឧបករណ៍បញ្ចេញសម្លេងខ្លាំងៗ ដូចជាម៉ាស៊ីនអារ ម៉ាស៊ីនកាត់ដែក ម៉ាស៊ីនបុកកំទិចថ្មស៊ីម៉ង់ ម៉ាស៊ីនខៃថ្មជាដើម។ សូម្បីតែនៅក្នុងការប្រគុំតន្ដ្រីធំៗ(concert)ដែលមានឧបករណ៍បំពងសម្លេងខ្លាំងៗក្នុងទីវាលក៏ដោយគេក៏ត្រូវមានការប្រុងប្រយ័ត្នដែរ ព្រោះវាមានហ្វ្រេកង់និងអាំងស៊ីតេអាចខ្ពស់ដល់ ៤០០០Hz និង ៩០dB ឯណោះ។ រោងចក្រ សហគ្រាសណាដែលមានសម្លេងដែលលើសពីកំរិតធម្មតាដែលមាន ៧៥dBឬ៨០dB ឡើងទៅត្រូវបំពាក់នូវឧបករណ៏ការពារដល់កម្មករដែលកំពង់បំពេញការងារប្រចាំថ្ងៃ ដើម្បីការពារនូវហានិភ័យពីសម្លេងដូចបានរៀបរាប់ពីខាងលើ។
មួយវិញទៀតយើងក៏សង្កេតឃើញថានៅក្នុងពិធីបុណ្យទានឬអាពាពិហ៍ពាហ៍មិនថានៅទីក្រុងឬជនបទ(ជាពិសេស) របស់ជនជាតិយើងមានទម្លាប់ចូលចិត្តបន្លឺសម្លេងឧឃ្ឍោសនសព្ទយ៉ាងកងរំពងដែលបង្កឲ្យមានការរំខានច្រើនមិនត្រឹមតែដល់អ្នកដែលរស់នៅជុំវិញប៉ុណ្ណោះទេ តែវាអាចបង្កហានិភ័យខាងសោតប្រាសាទទៀតផង។ទម្លាប់បែបនេះគួរតែយើងជម្រុះចោល។
ម៉្យាងទៀតនោះឥរិយាបថក្នុងការសន្ទនាដោយបន្លឺនូវសម្លេងស្រាលឬធ្ងន់ក៏វាអាចបញ្ជាក់នូវចរិតមនុស្ស សេចក្ដីថ្លៃថ្នូរ ក្នុងសុជីវធ៌មក្នុងការរស់នៅផងដែរ។
សរុបមក សម្លេងទោះក្នុងបរិស្ថានណាក៏តម្រូវឲ្យមានកំរិតមួយដែលជាកំរិតស្ដង់ដារ ព្រោះខុសពីនេះវាអាចបង្កនូវការរំខាន បង្កផលប៉ះពាល់ក្នុងការប្រាស្រ័យក្នុងការរស់នៅ ក៏ដូចជា និងអាចបង្កជាជំងឺនិងពិការភាពរបស់សោតវិណញ្ញាណផងដែរ។
ឯកសារយោង៖
Michel Portman, Claudine Portman, précis d’audiométrie clinique , 5ème edition , MASSON
Gallaudet, Encyclopedia of DEAF PEOPLE AND DEAFNESS, 1
Essentials of Audiology, 2nd edition, Stanley A. Gelfand