ការចេះនិយាយរបស់កុមារនិងភាសា
កុមារនៅអាយុប៉ុន្មានទើបអាចចេះនិយាយបាន? ចាប់ពីអាយុចន្លោះ១២ទៅ១៨ខែរហូតដល់២ឆ្នាំកុមារចាប់ផ្ដើមចេះនិយាយជាបណ្ដើរៗដូចជាបន្លឺពាក្យថា ម៉ាក់ៗ ប៉ាៗ ។ពាក្យចំនួនដល់ប្រហែល២០០ដែលក្មេងអាចនិយាយបានក្នុង២ឆ្នាំទៅ៣ឆ្នាំ។កូនក្មេងដែលមានកាយសម្បទា និងការលូតលាស់គ្រាប់គ្រាន់នៃសរសៃប្រាសាទ ពេលនោះក្មេងនឹងអាចត្រងត្រាប់ពាក្យដែលគេបានឮដោយសារត្រចៀករបស់គេដែលមានសមត្ថភាពស្ដាប់នូវសម្លេងនៅជុំវិញគេ។នៅពេលនោះកុមារចាប់ត្រាប់តាមពាក្យដែលគេបានឮ។នេះជាដំណាក់កាលដំបូងនៃការចេះនិយាយ។ឪពុកម្ដាយភាគច្រើនតែងច្រឡំនឹងពាក្យដែលយើងនិយមថាជាពាក្យកកែរកករ ដោយក្ដីអំណរថាកូនរបស់ខ្លួនចេះនិយាយ។តាមពិតមិនមែនទេ។ការចេះនិយាយគឺជាការត្រាប់នូវសម្លេងដែលកុមារបានឮ ។បើមិនឮម្ដេចនឹងអាចត្រាប់តាមបាន?។
តាមន័យពិតការចេះពាក្យ១ម៉ាត់២ម៉ាត់មិនមានសេចក្ដីថាចេះនិយាយនោះទេ។នេះគ្រាន់ជាចាប់ផ្ដើម។ យើងត្រូវតាមដានមើលថាកូនរបស់យើង ថាតើវាមានការវិវឌ្ឍន៍ក្នុងចេះពាក្យដែរឬទេ?ព្រោះថាកុមារដែលមានបញ្ហាក្នុងការស្ដាប់មិនមានការរីកចំរើននៃការរៀនពាក្យដូចក្មេងធម្មតាឡើយ។ការវាយតម្លៃនៃការស្ដាប់បានរបស់កុមារតម្រូវមានការធ្វើរោគវិនិច្ឆ័យត្រឹមត្រូវនិងទាន់ពេលវេលា ដោយហេតុថាការស្ដាប់មិនសូវឬក៏មិនបានវាបណ្ដាលឲ្យការរៀនភាសាមានការយឺតយ៉ាវឬមួយមិនអាចតែម្ដង។ការអន្តរាគមន៍ទាន់ពេលវេលាកុមារអាចមានលទ្ធភាពរៀនភាសាបាន។
ឯកសារយោង៖
- Fondamentos Audiofoniátricos; Jorge Parello, M.A. Rodriguez, Miguel Serra-Reventos
- Otorrinolaringología, Oído Tomo 2; Michael M. Paparella, Donald A. Shumrick