ជំងឺគេងស្ទះ/ដាច់ដង្ហើម (Obstructive Sleep Apnea)

ទីតាំងដែលតែងមានបញ្ហា
កំរិត១៖ ច្រមុះ
កំរិត២៖ កន្លើត សាច់បំពង់ក
កំរិត៣៖ គល់អណ្ដាត និងផ្នែកខាងលើនៃបំពង់ខ្យល់

ក្មេងដែលមានជំងឺស្ទះ/ដាច់ដង្ហើមនៅពេលគេងមានរាងកាយស្គម ដើមទ្រូងផត ។ ក្រោយការវះកាត់សាច់បំពង់ករួចរយៈពេល៦ខែ រាងកាយ មានការលូតលាស់ ដើមទ្រូងមានសភាពធម្មតាវិញ។
ជំងឺនេះគេអាចសង្កេតឃើញនៅលើកូនក្មេងនិងមនុស្សចាស់។ទោះចាស់ឬក្មេងជំងឺនេះអាចមានសញ្ញាដូចជា បើក្មេងវាស្រមុក មានស្ទះដង្ហើមច្រើនដងឬដាច់ដង្ហើមនៅពេលគេង ដំណេករវើរវាយ មានចរិតឆេវឆាវ មានភាពងងុយនៅពេលថ្ងៃ ឧស្សាហ៍មានជំងឺផ្ដាសាយ ក្អកជាញឹកញាប់ រាងកាយមានការធំធាត់យឺត។បើមនុស្សចាស់វិញគេសង្កេតឃើញមានដូចជាស្រមុកខ្លាំង មានដាច់ដង្ហើមជាញឹកញយ ងងុយនៅពេលថ្ងៃ មានការផ្ដោតអារម្មណ៍ថយចុះ បែកញើសនៅពេលយប់ ឈឺក្បាលនៅពេលព្រឹក។
ផលវិបាកដែលបង្កដោយជំងឺនេះ បើកូនក្មេងវាបណ្ដាលឲ្យមានសុខភាពខ្សោយ បញ្ញាស្មារតីមិនឈ្លាសវៃ បើមនុស្សចាស់វិញវាបណ្ដាលឲ្យមានបញ្ហាសម្ពាធឈាមខ្ពស់ បេះដូង ជាដើម។
លក្ខណៈវិនិច្ឆ័យជារួមមានដូចជា ទម្ងន់ធៀបនិងកំពស់ (BMI=Body Mass Index)។ រូបមន្ដនេះគេគណ នាដូចនេះ គេយកទម្ងន់(គីឡូក្រាម)ចែកនឹងកំពស់គិតជាម៉ែត្រ(ដំឡើងឲ្យទៅជាការេ) ឧទាហណ៍ ទម្ងន់៧០គីឡូក្រាម កំពស់ ១.៧៥ម៉ ដំឡើងទៅជាការេ (៣.០៦)។យើងយក ៧០ចែកនិង៣.០៦វាស្មើ ២២.៨៧ រួចគេសរសេរថា ២២.៨៧/ម² មានន័យថាយើងមាន២២.៨៧គីឡូក្នុង១ម៉ែត្រការេ។
ក្នុងយករូបមន្ដនេះជាគោលសំរាប់វាយតម្លៃថាធាត់លុះត្រាតែ BMI នេះលើសពី 25kg/m²។គេសង្កេតឃើញថាអ្នកដែលមានសន្ទស្សនេះចាប់ពី 25kg/m²ឡើងទៅមានអត្រាកើតជំងឺគេងស្ទះឬដាច់ដង្ហើម ខ្ពស់។ តួលេខបង្ហាញថា ៩៣% (sensitivity of 93%) អាចកើតជំងឺនេះ និង៧៤%(specificity of 74%)ប្រាកដថានឹងកើត។ រូបមន្ដមួយទៀតដែលងាយស្រួលគឺរង្វាស់រង្វង់ក(នៅត្រង់គល់កខាងលើ)។បើរង្វង់នេះលើសពី៤០សង់ទីម៉ែត្រគឺអាចប្រឈមនឹងជំងឺនេះ។តួលេខបង្ហាញថាបើរង្វង់លើសពី៤០cm ៦១%នឹងអាចកើតជំងឺនេះ (sensitivity of 61%) ហើយ៩៣%ច្បាស់ណាស់ថាជំងឺនេះនឹងកើត (specificity of 93%)។
ការវាយតម្លៃជារួមមិនទាន់គ្រប់គ្រាន់នៅឡើយ ព្រោះដូចតួលេខបានចង្អុលបង្ហាញថាមិនមែនគ្រប់តែអ្នកធាត់សុទ្ធតែកើតជំងឺនោះទេ។ដូចនេះការពិនិត្យជាក់ស្ដែងនៅលើសរីរាង្គជាការចាំបាច់សម្រាប់ឈានដល់ការធ្វើរោគវិនិច្ឆ័យមួយដ៏ត្រឹមត្រូវ។លើសពីនេះទៅទៀតនោះគឺគេអាចប្រើឧបករណ៍វាស់ទៅលើការដាច់ដង្ហើមប៉ុន្មានដង ស្របពេលជាមួយនិងចង្វាក់បេះដូង កំរិតអុកស៊ីសែននៅក្នុងឈាម(pO²) នៅក្នុង១យប់។ រង្វាស់ដោយឧបករណ៍នោះឈ្មោះថា Polysomnography។រង្វាស់នេះគេច្រើនធ្វើនៅលើមនុស្សចាស់ តែគេក៏ធ្វើនៅលើកូនក្មេងដែរប្រសិនចាំបាច់។
កូនក្មេងដែលមានជំងឺដាច់ដង្ហើមនៅពេលគេង ភាគច្រើនមានសាច់បំពង់រីកធំខុសធម្មតា(Tonsillar Hypertrophy) ឬក៏មានរីកសាច់អាដេណូយ(Adenoidal Hypertrophy) ឬមួយជាការរីកសាច់ព្រមគ្នានៃសាច់បំពង់កនិងសាច់អាដេណូយ (Adeno-tonsillar Hypertrophy)។ បើការវាយតម្លៃឃើញថាវាមានបញ្ហាដូចខាងលើដែលបណ្ដាលឲ្យមានជំងឺនេះ ការវះកាត់ជាការចាំបាច់ តែបើកំរិតបង្កត្រឹមតែស្ទះ ការប្រើឱសថនិងការផ្លាស់ប្ដូររបៀបរស់នៅជាពិសែសបញ្ចុះទម្ងន់ជាអាចជាការព្យាបាលមួយដ៏ត្រឹមត្រូវ។
គេសង្កេតជាទូទៅឃើញថាបើមនុស្សធាត់មានបញ្ហាស្រមុកឬដាច់ដង្ហើមញឹកញាប់ក្នុងដំណាក់កាលដំបូង ការបញ្ចុះទម្ងន់ឲ្យស្មើនឹងទម្ងន់មុនមានបញ្ហាជាមធ្យោបាយមួយដ៏មានប្រសិទ្ធភាពបំផុត។
ពន្យល់ពាក្យ៖
Adenoid ជាសាច់ប្រភេទដូចសាច់បំពង់ក តែវាស្ថិតនៅផ្នែកខាងក្រោយច្រមុះ។ជាធម្មតាដូចសាច់បំពង់កដែរ វាអាចរួមតូចទៅៗនៅពេលអាយុក្មេងកើនឡើង។ តែបើវាមានបញ្ហាដូចជាឧស្សាហ៍មានជំងឺរលាកផ្លូវដង្ហើមខាងលើ សាច់នោះមិនស្រកចុះតាមអាយុក្មេងកើននោះទេ។
ឯកសារយោង៖
- Sleep Apnea and Snoring; Surgical and non-surgical Therapy, Friedman