ជំងឺរលាកសាច់បំពង់ក និងសាច់អាដេណូយ
មុននឹងយល់នូវជំងឺទាំងពីរខាងលើ យើងគប្បីយល់ដឹងខ្លះអំពីការកកើតនិងការវិវឌ្ឍន៍ខ្លះរបស់សាច់បំពង់កនិងសាច់អាដេណូយ។តាមពិតសាច់បំពង់កដែលយើងមើលឃើញក្នុងបំពង់ក មនុស្សគ្រប់រូបមានកំណើតចាប់តាំងពីទារកមានអាយុ៤ខែក្នុងផ្ទៃម្ដាយម៉្លេះ។សាច់បំពង់កស្ថិតក្នុងចង្កោមរង្វង់មួយដែលគេហៅជាភាសាបច្ចេកទេសថា Waldeyer’s ring ក្នុងនោះមានសាច់បំពង់ក(Palatine tonsils)សាច់អាដេណូយក្រោយច្រមុះ(Adenoid) និងសាច់នៅគល់អណ្ដាត (Lingual tonsil)។ សាច់អស់ទាំងនោះមានមុខងារជម្រុញឲ្យមានការករកើតភាពស៊ាំដែលសាច់ទាំងនោះផ្លល់ដល់រាងកាយក្នុងការជម្នះជំងឺ។តែការបង្កើតភាពស៊ាំនេះមានត្រឹមពីអាយុ៤ទៅ១០ឆ្នាំប៉ុណ្ណោះ។សាច់ទាំងនោះនឹងមានការវិវឌ្ឍន៍ថយចុះនៅពេលក្រោយពេញវ័យ។
ជំងឺរលាកសាច់បំពង់កនិងអាដេណូយ គេសង្កេតឃើញមានជាញឹកញាប់នៅលើកូនក្មេងជាងមនុស្សចាស់។តែមនុស្សចាស់មិនឈឺសាច់អាដេណូយទេ។ការរលាកទាំងនោះបណ្ដាលមកពីវីរុសនិងមេរោគ។
- ក្រុមវីរុស៖
- Adenovirus, rhinovirus, reovirus,
- Respiratory syncytial virus (RSV)
- Influenza & parainfluenza viruses
- Epstein Barr virus (EBV)
រោគសញ្ញាបង្កដោយពពួកវីរុស៖
- ឈឺបំពង់ក មានក្ដៅខ្លួនចាប់ពី ៣៨ ទៅ ៣៨.៥ C ˚ បើកូនក្មេងអាចលើសពីនេះ
- មានស្លេស្ម៍ រមាស់នៅបំពង់កនិងក្អក
- ចុករោយក្នុងខ្លួន អស់កម្លាំងល្ហិតល្ហៃជាដើម
សញ្ញាពិនិត្យនៅលើអ្នកជំងឺ គេឃើញសាច់បំពង់ក និងជញ្ជាំងខាងក្រោយបំពង់កឡើងក្រហមមានស្លេស្ម៍។គេអាចសង្កេតឃើញមានកូនកណ្ដុរនៅគល់កត្រង់គល់ធ្គាម។
ការព្យាបាលការរលាកសាច់បំពង់កឬជញ្ជាំងខាងក្រោយបំពង់កមានលក្ខណៈសាមញ្ញដោយត្រឹមតែប្រើឱសថបំបាត់ការឡើងកំដៅ ការឈឺចាប់ ពិសារទឹកឲ្យច្រើន ខ្ពុរមាត់នឹងទឹកអំបិល ពិសារអាហារដែលងាយរំលាយ សំរាកឲ្យបានគ្រប់គ្រាន់។
ចំពោះកូនក្មេងដែលរលាកសាច់អាដេណូយ អាចមានកម្ដៅក្នុងខ្លួន ហៀរសំបោរធ្លាក់ទៅបំពង់ក បង្កឲ្យមានក្អក ឈឺត្រចៀកនិងរលាកត្រចៀកកណ្ដាលថែមទៀត។ការព្យបាលមានភាពប្រហាក់ប្រហែលគ្នាទៅនឹងការរលាកសាច់បំពង់កដែលបណ្ដាលមកពីវីរុសដូចគ្នា។
ក្នុងករណីយទាំងពីរខាងលើគេមិនប្រើថ្នាំអង់ទីបៃអូទិកក្នុងការព្យាបាល ព្រោះវាមិនត្រឹមឥតប្រយោជន៍ អស់ថវិការ តែវានាំឲ្យមានការស៊ាំនឹងថ្នាំអង់ទីបៃអូទិកថែមទៀត។
ក្រុមមេរោគ៖
- ក្រុម ß-hemolytic streptococcus ជាពពួកមេរោគដែលបង្កឲ្យមានការលាកបំពង់
- Staphyloccoci, Pneumoccoci
- Haemophilus influenzae & E.Coli
ការេលាកសាច់បំពង់កដែលខ្លាំងជាងគេគឺបណ្ដាលមកពី ß-hemolytic streptococcus។ការរលាកនេះបង្កឲ្យមានរោគសញ្ញានិងសញ្ញា៖
- ក្ដៅខ្លួនខ្លាំង ៣៨.៥ទៅ ៣៩ C ˚ បើមានកើតលើកុមារសីតណ្ហភាពអាចឡើងដល់ ៤០អង្សា
- ឈឺបំពង់កខ្លាំង ពិបាកលេបអាហារ
- អាចមានកូនកណ្ដុរនៅម្ដុំគល់កត្រង់គល់ធ្គាម
- បើពិនិត្យបំពង់គេឃើញសាច់បំពង់កទាំងសងខាង ឡើងហើម មានសណ្ឋានដូចជាខ្ទុះ ជញ្ជាំងខាងក្រោយក៏ឡើងក្រហមដែររួមផ្សំនិងស្លេស្ម៍
ការព្យាបាលតម្រូវឲ្យប្រើពពួកថ្នាំអង់ទីបៃអូទិក រួមផ្សំជាមួយការព្យាបាលបំបាត់កំដៅ ការឈឺចាប់ជាដើម។រយៈពេលនៃការព្យាបាលដាច់ខាតត្រូវឲ្យបាន៧ទៅ១០ថ្ងៃ បើពុំនោះទេវាអាចឲ្យមានការលាប់ឡើងវិញដោយមេរោគមិនត្រូវបានសម្លាប់អស់។លើសពីនេះទៅទៀតប្រសិនបើជាការរលាកបង្កដោយ ß-hemolytic streptococcus ការព្យាបាលត្រឹមត្រូវវាអាចទប់ស្កាត់នូវផលវិបាកដូចជា រលាកបេះដូង រលាកសន្លាក់មិនឲ្យកើតឡើងបាន។
សំណូរសូរថាតើនៅពេលណាគេត្រូវធ្វើការវះកាត់សាច់បំពង់កនិងសាច់អាដេណូយ?
ការកំណត់មានដូចតទៅ៖
- សាច់បំពង់កនិងសាច់អដេណូយរលាកញឹកញាប់៖
- ៧ដងក្នុង១ឆ្នាំ
- ៥ដងក្នុង១ឆ្នាំ រយៈពេល២ឆ្នាំជាប់គ្នា
- ៣ដងក្នុង១ឆ្នាំ រយៈពេល៣ឆ្នាំជាប់គ្នា
ចំពោះសាច់អាដេណូយវិញ នៅពេលណាគេវាយតម្លៃថាវាអាចបង្កបញ្ហានៅត្រចៀកណ្ដាលញឹកញាប់ ដូចជាឲ្យមានការរលាក្រចៀកណ្ដាល (Otitis Media) និងមានទឹកក្នុងត្រចៀកកណ្ដាលជាដើម(Otitis Media with Effusion=OME)
- សាច់បំពង់កនិងសាច់អាដេណូយបង្កឲ្យមានការស្ទះនិងដាច់ដង្ហើម
- សញ្ញាមួយចំនួនទៀតដូចជា ពិបាកលេបអាហារ និយាយមិនច្បាស់ ឬក៏មានក្លិនមិនល្អក្នុងមាត់ជាដើម
- សញ្ញាមួយចុងក្រោយគឺសាច់បំពង់កដែលកើតមហារីក(ភាគច្រើនសាច់បំពង់កម្ខាងធំជាងម្ខាង ហើយមានសណ្ធានរីកខុសធម្មតា)
ឯកសារយោង៖
CURRENT Diagnosis & Treatment in OTOLARYNGOLOGY- HEAD & NECK SURGERY
Anil K. Lalwani