+855 12 848 929ros.prachponlu@gmail.comចន្ទ-សៅរ៍ ៧ព្រឹក-៩ព្រឹក៣ៈ៣០រសៀល-៧ល្ងាចផ្ទះលេខ៧៩A/B ផ្លូវ៩៥ សង្កាត់បឹងកេងកងទី៣ ខ័ណ្ឌបឹងកេងកង រាជធានីភ្នំពេញ
  • English

ត្រចៀកហ៊ឹង

ត្រចៀកហ៊ឹង

ខែ​វិច្ឆិកា 24, 2020 by Ros Prach Ponlu0

ជាធម្មតាការរស់ណៅប្រចាំថ្ងៃរបស់ យើងមិនឮសម្លេងអ្វីក្នុងត្រចៀកឡើយក្រៅអំពីការស្ដាប់នូវសម្លេងដែលនៅបរោស្ថានជុំវិញ។​សម្លេងដែលឮគឺមានប្រភពមកពីខាងក្រៅ។កាលបើយើងឮសម្លេងក្នុងត្រចៀកឬនៅក្នុងក្បាល គេសន្មត់ថាជាការហ៊ឹងត្រចៀក។ភាគច្រើនការហ៊ឹងត្រចៀកច្រើនតែឮនៅក្នុងត្រចៀកម្ខាង តែអាចមានសងខាង។ការដែលឮសម្លេងនៅក្នុងក្បាលកើតឡើងដែរតែដោយកម្រ។

សម្លេងដែលសន្មត់ថាជា “ហ៊ឹង” គឺជាសូរដែលមានលក្ខណៈដូចជា ៖ សម្លេងរៃយំ សម្លេងកប៉ាល់ សម្លេងពស់វែក។ល។ តែពាក្យថាហ៊ឹងនេះអាចមានការច្រឡំថាហ៊ឹងដែរ តែប្រការនេះមានសណ្ឋានដូចជាទឹកចូលវិញ ហើយមូលហេតុផ្សេងពីគ្នា ហើយការពញយបាលក៏ខុសគ្នាដែរ។​ក្រុមនេះមានមូលហេតុចេញពីត្រចៀកក្រៅនិងត្រចៀកកណ្ដាល។

ប្រភពដែលបង្កឲ្យហ៊ឹងត្រចៀកមានច្រើន អាចមកពីត្រចៀកក្រៅ ត្រចៀកកណ្ដាល ត្រចៀកក្នុងព្រមទាំងសរសៃបន្តពីត្រចៀកក្នុងទៅខូរក្បាល។

១- ប្រភពពីត្រចៀកក្រៅ

  • អាចម៍ត្រចៀក (រឹង ក្ដាំង )
  • បូសត្រចៀក ផ្សិតត្រចៀក
  • រលាកក្រដាសត្រចៀក
  • វត្ថុផ្សេងៗក្នុងរន្ធត្រចៀកមាន​ ប៉្លាស់ស្ទិក សត្វស្រមោច គ្រាប់អង្កាំជាដើម

  ២- ប្រភពមកពីត្រចៀកកណ្ដាល

  • រលាកត្រចៀកកណ្ដាល
  • រលាកត្រចៀកកណ្ដាលមានដក់ទឹក​ (OME)
  • Otosclerosis
  • ការភ្លាត់កូនឆ្អឹង (ossicular chain disruption)
  • បំពង់ Eustachian tube ចំហ (Patulous eustachian tube)

  ៣- ប្រភពមកពីត្រចៀកក្នុង

  • ជំងឺម៉េនីញែរ (Meniere disease) ជាជំងឺដែលសម្ពាធទឹកក្នុងត្រចៀកក្នុងខ្ពស់
  • ការលាកត្រចៀកក្នុង (Labyrinthitis)
  • ការរលាកបែបរួញស្វិតនៃត្រចៀកក្នុង (Cochlear otosclerosis)
  • ការប៉ះទង្គិចដោយសម្លេង (Acoustic trauma)
  • ការពុលថ្នាំទៅលើត្រចៀកក្នុង(Ototoxicity)
  • ចលនាឈាមរត់មិនស្រួលនៃត្រចៀកក្នុង(Circulatory failure)
  • ការប៉ះទង្គិចក្បាល (Head trauma)

៤- មូលហេតុផ្សេងទៀត

    • ដុំពកសសៃទី៨ក្នុងរន្ធត្រចៀកក្នុង (acoustic neuroma/neurinoma)
    • សម្ពាធឈាមខ្ពស់
    • ផលវិបាកនៃជំងឺទឹកនោមផ្អែម
    • ការមុជទឹកជ្រៅដោយគ្មានឧបករណ៍ការពារ
    • ការប្រឈមនឹងសម្លេងខ្លាំងៗ មានសម្លេងកាំភ្លើង សម្លេងផ្ទុះគ្រប់ប្រភេទ
    • ការប្រឈមនឹងសម្លេងការងារប្រចាំថ្ងៃក្នុងរោងសិប្បកម្ម រោងចក្រ ការដ្ឋាន​ រយៈពេលយូរ

សូមបញ្ជាក់ថាសម្លេងហ៊ឹងដែលឮដែលមានប្រភពពីត្រចៀកក្នុងមានលក្ខណៈ ដូចរៃយំ សម្លេងកប៉ាល់ សម្លេងខ្យល់ សម្លេងពស់វែកដកពពែ ។ល។ សម្លេងទាំងនោះអាចឮខ្សោយនៅពេលថ្ងៃ ឮខ្លាំងនៅពេលយប់ស្ងាត់ អាចពីមធ្យម ឬខ្លាំងរហូតដល់រំខានការសម្រាន្ដ និងមានអារម្មណ៍មួរម៉ៅខ្លាំងនិងស្ដ្រេសទៀតផង។

 ចំណាំ៖

 សម្លេងដែលហ៊ឹងដែលបង្កដោយមូលហេតុត្រចៀកក្រៅនិងកណ្ដាលមានសណ្ឋានខ្ទរ​ហាក់បីដូចមានទឹកចូល ហើយការស្ដាប់មានការប៉ះពាល់ខ្លះដោយស្ដាប់មិនសូវច្បាស់។

ចំណែកសម្លេងហ៊ឹងដែលមានមូលហេតុពីត្រចៀកក្នុងវិញមិនមានលក្ខណៈខ្ទរដូចជាមានទឹកចូលនោះទេ។ពេលខ្លះអាចស្ដាប់បានជាធម្មតា ពេលខ្លះស្ដាប់មិនសូវបានដែរ តែប្រភេទនៃការស្ដាប់មិនបានវាក៏ខុសគ្នាពីប្រភេទខាងលើដែរ។ ការវាស់សមត្ថភាពស្ដាប់ដោយឧបករណ៏ (audiometer) អាចញែកច្បាស់នូវប្រភេទនៃការធ្លាក់ចុះនៃការស្ដាប់។

ការផ្ដល់យោបល់៖ ពីសណាក់គ្រូពេទ្យនិងការណែនាំ

  • ពន្យល់ឲ្យបានច្បាស់អំពីមូលហេតុនៃបញ្ហា
  • ពន្យល់លក្ខណៈនៃសម្លេងដែលឮ (ខ្ទរឬមិនខ្ទរ)
  • ពន្យល់អំពីប្រភេទនៃការធ្លាក់ចុះការស្ដាប់
  • ពន្យល់អំពីការព្យបាល និងការវិវត្តន៍
  • ពន្យល់ឲ្យច្បាស់នូវផលប៉ះពាល់នៃការរស់នៅប្រចាំថ្ងៃនិងគុណភាពនៃជីវិត
  • ការបន្ធូរអារម្មណ៍ដោយការហាត់ប្រាណ លំហែរកាយ បន្ធូរសម្ពាធការងារ
  • ការហាត់បន្ថយស្ត្រេសតាមរបៀបយ៉ូហ្កា (Yoga)
  • ការធ្វើសមាធិ បន្ធូរអារម្មណ៍តានតឹង
  • ការចេះរស់នៅជាមួយវា

ការពន្យល់ទាំងអម្បាលមាណខាងលើត្រូវធ្វើឡើងជាមួយអ្នកជំងឺក្នុងបរិយាកាសស្និទ្ធស្នាលនិងប្រកបដោយវិជ្ជាជីវៈ។

សូមអានអត្ថបទ៖

.បូសត្រចៀក

.​ជំងឺដក់ទឹកក្នុងត្រចៀក

.ការរលាកត្រចៀកកណ្ដាល

 

 

ឯកសារយោង៖

Introduction to AUDIOLOGY, Fourth Edition, Frederick N. Martin