+855 12 848 929ros.prachponlu@gmail.comចន្ទ-សៅរ៍ ៧ព្រឹក-៩ព្រឹក៣ៈ៣០រសៀល-៧ល្ងាចផ្ទះលេខ៧៩A/B ផ្លូវ៩៥ សង្កាត់បឹងកេងកងទី៣ ខ័ណ្ឌបឹងកេងកង រាជធានីភ្នំពេញ
  • English

បរិស្ថានក្នុងផ្ទះនិងអាគារ

បរិស្ថានក្នុងផ្ទះនិងអាគារ

ខែ​ធ្នូ 8, 2022 by Ros Prach Ponlu

បរិស្ថានខាងក្នុងក៏មានសារៈសំខាន់ណាស់សំរាប់ការរស់នៅប្រចាំថ្ងៃរបស់មនុស្សយើង។ តើយើងមានការចាប់អារម្មណ៍យ៉ាងណាដែរចំពោះការលើកឡើងនូវបរិស្ថានខាងក្នុងផ្ទះ? ភាគច្រើនពិតជាមិនបានយល់ដឹងពីបញ្ហានេះនៅឡើយ។​ តែយ៉ាងហោចណាស់គ្រប់ៗគ្នាបានយល់ថាផ្ទះឬអគារដែលមានពន្លឺនិងខ្យល់ចេញចូលគ្រប់គ្រាន់នឹងផ្ដល់ផាសុខភាពដល់អ្នករស់នៅយ៉ាងពិតប្រាកដមែន។ពិតជាត្រឹមត្រូវ អ្វីៗដែលមាននៅក្នុងផ្ទះឬអាគារសុទ្ធតែអាចបង្កបញ្ហាសុខភាពដល់យើងគ្រប់ពេលវេលាទាំងអស់ ប្រសិនបើយើងមិនយល់ដឹងពីការថែទាំ និងអនាម័យ។

ចាប់ពីបន្ទប់គេង កម្រាលព្រំ ស៊ីនត្រជាក់ គ្រែសំរាន្ដ ពូក កន្ទេលខ្នើយ សំពត់ខោអាវ តុទូកៅអី ផ្ទះបាយ បន្ទប់ចំអិនអាហារ​​ ទូរចានឆ្នាំង​ ទូរដាក់ម្ហូប ចង្ក្រាន ។ល។ សុទ្ធតែអាចបង្កបញ្ហាដល់សុខភាពបានទាំងអស់ដោយរបស់ទាំងនោះមិនមានបោស លាង​សំអាតឲ្យបានជាប្រចាំ។ឧទារហណ៍សត្វដែលមានឈ្មោះថា  House Dust Mites វារស់នៅក្នុងពូក កន្ទេលខ្នើយ វាស៊ីស្បែកងាប់ជាអាហារ។កំទេចខ្មៅៗដែលមានក្នុងម៉ាស៊ីនត្រជាក់ដែលមិនបានត្រូវលាងជាប្រចាំដែលជាផ្សិត ដែលអាចបង្កអាល់លែកហ្ស៊ីច្រមុះបាន ​​​។ សត្វកន្លាតដែលរស់ភាគច្រើននៅកន្លែងសើមក្រោមចានលាង បំពង់ទឹក ទូរចានជាដើម ដែលអាចម៍វាសុទ្ធតែអាចបង្កអាល់លែកហ្ស៊ីច្រមុះបាន។

មិនត្រឹមតែប៉ុណ្ណឹងទេ ការដុតធ្យូងក្នុងការចំអិនអាហារ អាចបញ្ចេញហ្គាស កាបូនឌីអិកស៊ីដ និងកំទេចដែលសុទ្ធជាហ្គាសពុល។ ការប្រើប្រាស់សារជាតិគីមីក្នុងការសំអាតចាន ឆ្នាំងឧបករណ៍បំបាត់ក្លិន ធូប និងក្លិនផ្សេងៗទៀតសំរាប់ការបំបាត់ក្លិនក្នុងបន្ទប់ បន្ទប់ទឹក ទូរខោអាវ​ ការប្រើថ្នាំសម្លាប់សត្វល្អិត ថ្នាំសំអាតបន្ទប់ទឹក សំអាតសង្ហារឹម ផ្ទៃផ្ទះ ជាដើមនោះសុទ្ធជានាំមកនូវផលអវិជ្ជមានដល់សុខភាពព្រោះ   វត្ថុទាំងនោះវាបញ្ចេញនូវសារជាតិ “ Volatile organic compounds (VOCs)” នៅពេលវាស្ងួត​ ប្រសិនបើបន្ទប់ឬអាគារទាំងនោះមិនមានខ្យល់ចេញចូលគ្រប់គ្រាន់ឬមិនមានប្រព័ន្ធបឺតខ្យល់ត្រឹមត្រូវ។

លើសពីនេះទៅទៀតមានហ្គាសមួយប្រភេទទៀតដែលមានឈ្មោះថា រ៉ាដុង Radon (Rn)ដែលជាហ្គាសគ្មានរស​ មើលមិនឃើញមិនមានក្លិនវាអាចនៅក្នុងតំបន់មួយចំនួនក្នុងដី (អាចលេចចេញក្នុងផ្ទះ) ដោយការបំបែកពីវិទ្យុសកម្មអ៊ុយរ៉ានីញ៉ូមទៅជា រ៉ាដុង។​ ហ្គាសនេះអាចមានតិចតួចបំផុតតែបើយើងប្រឈមជាមួយវាក្នុងរយៈពេលយូរវាអាចបង្កជាមហារីកសួត។​ហ្គាសនេះអាចលេចចេញពីស្នាមជញ្ជាំងប្រេះឬបំពង់ស្នាមប្រេះនៃផ្ទៃផ្ទះ។គេមាននាឡិការស្ទង់សំរាប់ឲ្យដឹងពីការលេចធ្លាយនូវហ្គាសនេះ។ រង្វាស់ហ្គាសរ៉ាដុងជា picocurie ប្រសិនរង្វាស់នេះឡើងលើសពី៤ picocuries គេត្រូវមានវិធានការជួសជុលស្នាមប្រេះឬលេចធ្លាយជាចាំបាច់។

ការចិញ្ចឹមនូវសត្វដូចជាឆ្កែ ឆ្មា​ សត្វសារិកា សេកជាដើមសុទ្ធសឹងជាដើមចមក្នុងការនាំមកនូវប្រតិកម្មជាអាល់លែកហ្ស៊ីបានទាំងអស់ចំពោះអ្នកដែលងាយនឹងរងផលប៉ះពាល់ ដោយសារសារទឹកមាត់ឬស្បែកងាប់លាមករបស់សត្វទាំងនោះដែលជាដើមរឿង។ លើសពីនេះទៅទៀត មានពពួកផ្សិតអតិសុខុមទស្សន៍អាចបង្កនូវក្រុមជំងឺម៉្យាងឈ្មោះ Legionnaires diseases ដែលជាជំងឺរលាកសួតម៉្យាងពិបាកក្នុងការព្យាបាល​ វាបង្កឲ្យខូចសួត​ និងថ្លើមបាន។មហារីកសួតក៏អាចបណ្ដាលពីសារជាតិម៉្យាងដែលមានឈ្មោះថា អាសបែសស្តុស (Asbestos)។ សារជាតិនេះត្រូវបានគេប្រើក្នុង ការសាងសង់ផ្ទះនៅបណ្ដាប្រទេសត្រជាក់សំរាប់ទប់ទល់នៃធាតុក្ដៅឬត្រជាក់ពីធាតុអាកាស ក៏ដូចជាសំរាប់ទប់ការសាយភាយកម្ដៅឬត្រជាក់ពីបំពង់កំដៅឬម៉ាស៊ីនត្រជាក់ក្នុងអាគារធំៗ។

ការយល់ដឹងអំពីបរិស្ថាន អនាម័យក្នុងគេហដ្ឋានមានសារៈសំខាន់ខ្លាំងណាស់ ព្រោះយើងអាចធ្វើការទប់ទល់នូវហានិភ័យដែលអាចមានឡើងឲ្យទាន់ពេលវេលាដែលពីមុនយើងមិនទាន់បានយល់ដឹងព័ត៌មានលំអិតពីបាតុភូតនេះ។

 

ឯកសារយោង៖

Air pollution, Wikipedia

Radon, WebMD