+855 12 848 929ros.prachponlu@gmail.comចន្ទ-សៅរ៍ ៧ព្រឹក-៩ព្រឹក៣ៈ៣០រសៀល-៧ល្ងាចផ្ទះលេខ៧៩A/B ផ្លូវ៩៥ សង្កាត់បឹងកេងកងទី៣ ខ័ណ្ឌបឹងកេងកង រាជធានីភ្នំពេញ
  • English

Ros Prach Ponlu / គ្លីនិកបូកគោ


សម្លេងដែលមនុស្សយើងនិយាយចេញមកមានសូរស័ព្ទ ដោយសារប្រអប់សម្លេងដែលជាលទ្ធផលនៃការផ្គុំអណ្ដាតសម្លេងទាំងពីររួមផ្សំនិងចរន្ដខ្យល់បញ្ចេញពីក្នុងសួតបង្កើតជាសូរ។​សូរនេះអាចមានកំរិតខ្លាំងខ្សោយ ក្រោមឥទ្ធិពលបញ្ជារបស់មណ្ឌលខួរក្បាល។សម្លេងនិ យាយរបស់កូនក្មេង បុរស ស្ដ្រី មានសណ្ឋានខុសគ្នាដោយសារទំហំនៃប្រអប់សម្លេង។

សម្លេងដែលស្អកគឺកើតឡើងដោយសារមានការផ្លាស់ប្ដូរនៃសរីរាង្គនៃប្រអប់សម្លេងដូចជាអណ្ដាតសម្លេងហើមរលាក មានរបួស មានដុំពក ឬសដូង គីស ដុំសសៃឈាម ។ជំងឺផ្សេងមួយចំនួនមានរបេង មហារីក បំពង់សម្លេង។ ក្រៅពីនេះមានកើតក្រោយគ្រោះថ្នាក់ចរាចរ ការងារ កីឡា ឬក្រោយការចងកសម្លាប់ខ្លួនជាដើម។

តទៅនេះយើងនឹងបរិយាយអំពីជំងឺដែលអាចបណ្ដាលឲ្យស្អក៖

  • ជំងឺផ្ដាសាយដែលបណ្ដាលមកអំពីវីរុសបង្កឲ្យមានការរលាកជាទូទៅនៅក្នុងប្រព័ន្ធផ្លូវដង្ហើមខាងលើ ដូចនេះសរីរាង្គទាំងឡាយណាស្ថិតក្នុងផ្លូវនេះមានការរលាកទាំងអស់រួមផ្សំនិងប្រអប់សម្លេងផងដែរ។កាលណាអណ្ដាតសម្លេងហើមសម្លេងដែលបញ្ចេញមកមានស្នូរប្លែកពីធម្មតាដែលហៅថាស្អក ។ជាធម្មតាការជាសះស្បើយនៃជំងឺផ្ដសាយនេះអាចមានរយៈពេលពី ៧ដល់១០ថ្ងៃ ស្អកក៏បានធូរតាមហ្នឹង
  • ការនិយាយច្រើននិងឮហួសកំណត់ក៏អាចឲ្យមានស្អកបានក្នុងរយៈពេលខ្លី ឬវែងអាស្រ័យការប្រព្រឹត្តនេះខ្លីឬវែងដែរ។ ស្អកប្រភេទនេះគេច្រើនសង្កេតឃើញនៅអ្នកប្រកបកររកស៊ីលក់ដូរ គ្រូបង្រៀន ជាដើម។បើគេពិនិត្យមើលអណ្ដាតសម្លេងគេឃើញមាន ដុំលើអណ្ដាតសម្លេងទាំងសងខាងប៉ុនគ្រាប់ខ្សាច់ (មើលរូបខាងលើ)
  • ការស្អកមួយប្រភេទទៀតបណ្ដាលមកពីមានដុំគីស​ ដុំសសែឈាម ឬសដូងនៅលើអណ្ដាតសម្លេងម្ខាង
  • ការស្អកបណ្ដាលមកពីគាំងអណ្ដាតសម្លេងម្ខាង(vocal fold paralysis)ភាគច្រើនខាងឆ្វេងដោយសសៃញាក់អណ្ដាតសម្លង(Recurrent nerve) មួយខាងឆ្វេងដំណើរការមិនធម្មតា។មូលហេតុដោយសារតែផ្ដាសាយ ជំងឺបេះដូងរីក សាច់ដុំក្នុងសួត មហារីកសួតជាដើម
  • ការស្អកក្រោយការវះកាត់ក្រពេញទីរ៉ូអ៊ីត(Thyroid សៃរ៉ូយជាភាសាអង់គ្លេស)។វានឹងបាត់ក្នុងរយៈពេលខ្លីឬយូរ(សប្ដាហ៍ដល់ខែ)ប្រសិនបើការវះកាត់គ្រាន់តែប៉ះសសៃញាក់អណ្ដាតសម្លេងដោយសសៃ(Recurrent nerve) មួយខាងឬសងខាង។តែប្រសិនបើសសៃនោះវាដាច់នឹងមិនអាចជាមកវិញបានទេ។ក្នុងករណីយដាច់ម្ខាងវាគ្រាន់តែស្អកឬឈ្លក់ តែបើដាច់ទាំងសងខាងវិញវាមានផលវិបាកច្រើនមានស្អកខ្លាំង ពិបាកនិយាយ​ និងស្ទះដង្ហើមថែមទៀត
  • ការស្អកខ្លះបណ្ដាលមកពីគ្រោះថ្នាក់ចរាចរ ការងារ​ ការដាក់បំពង់ខ្យល់អុកស៊ីសែនយូរក្នុងបំពង់ខ្យល់ ការចងកសម្លាប់ខ្លួន។ ពេលនេះអណ្ដាតសម្លេងមានរបួសនៅត្រង់កន្លែងណាមួយឬមួយអាចប៉ះសសៃញាក់អណ្ដាតសម្លេង
  • ការស្អកបណ្ដាលមកពីរបេងសួតនិងប្រអប់បំពង់សម្លេង។ជាមកធម្មតាវិញក្រោយការព្យបាលរបេង
  • ការស្អកដែលបណ្ដាលមកពីមហារីក។ បើក្នុងដំណាក់កាលដំបូង ក្រោយការព្យបាលស្អកមានការប៉ះពាល់តិចតួច តែបើក្នុងដំណាក់ខ្លាំងសម្លេងមិនអាចត្រឡប់មកវិញបានទេ។

ឯកសារយោង៖

  1. VOICE SURGERY, Wilbur James Gould, Robert Thayer Sataloff, Joseph Richard Spiegel
  2. Ear, Nose, and Throat Diseases with Head and Neck Surgery, Hans Behrbohm, Oliver Kaschke



ខែ​តុលា 14, 2020 Ros Prach Ponluជំងឺទូទៅ0

ជំងឺដែលយើងជួបរាល់ថ្ងៃមានច្រើនប្រភេទ។ហើយសឹងតែមនុស្សយើងគ្រប់រូបបានជួបប្រទះ។តែករណីយនិមួយៗមិនដូចគ្នាទេ។

នៅក្នុងចំណាត់ថ្នាក់ជាអន្តរជាតិនៃជំងឺឈឺក្បាលមាន២ផ្នែកធំ៖

  • ជំងឺឈឺក្បាលដែលមិនបណ្ដាលពីសរីរាង្គណាមួយ (The primary headaches)
  • ជំងឺប្រកាំង(Migraine)
  • ឈឺក្បាលបែបស្ដ្រែស (Tension-type headache)
  • ឈឺក្បាលបែប​​ Cluster headache
  • ឈឺក្បាលផ្សេងៗទៀត
  • ជំងឺឈឹក្បាលដែលបណ្ដាលមកអំពីសរីរង្គណាមួយ (The secondary headaches)
    • ឈឺក្បាលបណ្ដាលមកអំពីការប៉ះទង្គិចក្បាលនិងក
    • ឈឺក្បាលបណ្ដាលមកអំពីសសៃឈាមខួរក្បាលនិងក
    • ឈឺក្បាលបណ្ដាលមកអំពីការរលាកផ្នែកត្រចៀក ច្រមុះ បំពង់ក ភ្នែក មាត់ធ្មេញ​ ការរលាកសន្លាក់ឆ្អឹងក ថ្គាមជាដើម
    • ឈឺក្បាលបណ្ដាលមកអំពីពីការញៀនថ្នាំ និងការឈប់ប្រើប្រាស់វា
    • ឈឺក្បាលបណ្ដាលមកអំពីរោគផ្លូវចិត្ត
    • ឈឺក្បាលបណ្ដាលមកអំពីការលាកសសៃ

ការធ្វើរោគវិនិច្ឆ័យវាអាស្រ័យលើការសួរនាំពីប្រវត្តិច្បាស់លាស់ ជាពិសែសពីរយៈកាលនៃការចាប់ផ្ដើម សភាពនៃការឈឺចាប់មានស្រាល មធ្យម ខ្លាំង មានការធូរស្រាលឬធ្ងន់នៅពេលប្រើថ្នាំឬដោយកត្តាអ្វីផ្សេងទៀតដូចជាពន្លឺ សម្លេង ការគេងមិនលក់ ចំពោះនារីទាក់ទិនទៅនឹងរដូវ ពេលមានគ៌ភ ពេលអស់រដូវ ។ល។ កំណត់ទីកន្លែងដែលមានការឈឺចាប់ និងមានការរាលដាលទៅកន្លែងណាផ្សេងទៀត។ បន្ទាប់មកទៀតមានការពិនិត្យលើសរីរាង្គ មានពិនិត្យឈាម ការថតស្កែន​ អឹមរ៉ៃ ​(MRI) ជាដើម។ដូចបានរៀបរាប់ខាងលើ មូលហេតុនៃការឈឺក្បាលមានច្រើន ដូចនេះជំនាញជាច្រើនត្រូវចូលរួមក្នុងការធ្វើរោគវិនិច្ឆ័យទើបជាការត្រឹមត្រូវ។

ការព្យបាលសោតទៀតក៏មានច្រើនសន្ឋានតាមមូលហេតុរបស់វា។តែពេលខ្លះវាទាមទានូវការព្យាបាលចម្រុះដោយការប្រើថ្នាំ ចៀសវាងចំណីដែលអាចបង្កដូចជាគ្រឿងស្រវឹង ហាត់ប្រាណក្នុងមានតាមរបៀបយ៉ូហ្គាជាដើម។ល។

ឯកសារយោង៖

  1. Headache, Orofacial Pain and Bruxism, Peter Selvaratman, Ken Niere, Maria Zuluaga
  2. Les céphalée en 30 leçons, G. Géraud, N. Fabre


ខែ​តុលា 14, 2020 Ros Prach Ponluជំងឺទូទៅ0

ចូរត្រូវដឹងថាកូនកណ្ដុរមានជាទូទៅនៅក្នុងខ្លួនមនុស្សយើង​សឹងគ្រប់កន្លែង។វាជាកញ្ចុំប្រព័ន្ធឡាំហ្វាទិក​(lymphatic system)​ មានកោសិកា lymphocytes, plasma cells, monocytes,និង​ histiocytes ដែលមានមុខងារការពារសរីរាង្គពីការរុករានពីវីរុសក៏ដូចជាមេរោគ។នៅពេលមានការទន្ទ្រានចូលពីសំណាក់ពពួកវីរុសដូចជា CMV (cytomegalovirus), HSV (herpes simplex virus), adenovirus, enterovirus, roseola​ (ក្រុម herpes virus), rubella (វីរុសកញ្ជ្រឹល) EBV(Epstein-Barr virus)​ និង HIV: វីរុសហ៊ីវ ។កូនកណ្ដុរដែលមានស្រាប់ចាប់មានប្រតិកម្មនៅពេលសរីរាង្គយើងបានទទួលការញាំញីដោយពពួកវីរុស ដោយបញ្ចេញអាការៈដូចជាខ្លួនឡើងកំដៅ កូនកណ្ដុររីកធំ ឈឺចាប់តិចតួច​ ។ប្រសិនបើប្រតិកម្មជាមួយមេរោគសញ្ញាទាំងប៉ុន្មានខាងអាចមានសន្ទុះខ្លាំងជាង ហើយអាចមានផលវិបាកដូចជា សែលលុយលីត (cellulitis) បូស ហើមសសៃឈាមកខាងក្នុង(internal jugular thrombosis), mediastinitis, sepsis។

លើសពីនេះវាអាចមានជំងឺផ្សេងទៀតដូចជា៖

  • ជំងឺឆ្មាខ្វាច (Cat-Scratch Disease) អាចកើតឡើង២សប្ដាហ៍បន្ទាប់ពីឆ្មាខាំឬខ្វាច ឈឺចាប់នៅកូនកណ្ដុរក បន្ទាប់មកក៏ធូរស្រាល​ កម្ដៅឡើងតិចតួច មិនសូវស្រួលក្នុងខ្លួន។​កូនកណ្ដុរអាចធ្លាយមកខាងក្រៅ
  • Lyme disease: ជាជំងឺបង្កដោយ spirochaete, Borrelia burgdorferi ដែលឆ្លងដោយសត្វល្អិតទិច ចៃក្ដាន់ ចៃឈ្លូស។ការសួរនាំពីប្រវត្តិជំងឺជារឿងសំខាន់ដើម្បីរករោគវិនិច្ឆ័យ។
  • Infectious mononucleosis បង្កឡើងដោយ (EBV)។បើកើតនៅលើក្មេង​ មានឈឺបំពង់ក​​ ក្កៅខ្លួន និងកូនកណ្ដុរករីកធំ។​បើមនុស្សធំ មិនសូវមានកូនកណ្ដុរទេ ហើយដៅខ្លួនក៏មិនសូវមានដែរ។ មិនការព្យាបាលអ្វីពិសេស។
  • ជំងឺមាត់-ធ្មេញ ក៏អាចមានឡើងកូនកណ្ដុរនៅម្ដុំកដែរ
  • លក្ខណៈមិនពិសេសនៃ​មីកូបាក់តេរី (Atypical Mycobacterium) :
    • Mycobacterium avium complex
    • Mycobacterium scrofulaceum
    • Mycobacterium kansasii

ពពួកមេរោគនេះមានលក្ខណៈស្រាលជាងមេរោគរបេងតែមិនសូវមានការឆ្លើយតបជាមួយថ្នាំកំចាត់រោគរបេងទេ។កូនក្មេងអាចប្រឈមច្រើនជាង។ហាមចោះបង្ហូរកូនកណ្ដុរដាច់ខាត

ជំងឺផ្សេងទៀតដែលបង្កឲ្យមានកូនកណ្ដុរ៖

  • ជំងឺរបេងសួត
  • ស្វាយ
  • Toxoplasmosis
  • Lupus
  • Phenytoin (ជាំឱសថសំរាប់ព្យាបាលរោគឆ្គួតជ្រូកនិងប្រកាច់)
  • HIV
  • ជំងឺកូនកណ្ដុរដែលមានលក្ខណៈទូទៅ​ ឧទាហណ៍ដូចជាការរលាកផ្នែកក្រោយច្រមុះឬការរលាកនៅក្បាលនិងក។
  • មហារីកនៅម្ដុំមាត់-ធ្មេញ អណ្ដាត កញ្ចុំត្រចៀក ច្រមុះ បំពង់ក។
  • កណ្ដុរបណ្ដាលមកពីមហារីក មានលក្ខណៈរីកធំមិនស្រក​ កាន់តែរីក រឹង មានម្ខាង រួចអាចមានសងខា

 

អាប់សែធ្មេញ
​​Tooth abscess

របេងកូនកណ្ដុរ
Tuberculosis (node)

 

 

 

 

រលាកសាច់បំពង់កដែលបណ្ដាលដោយ Streptococcus
Strep throat

 

 

 

ជំងឺរឺម
Shingles (Herpes Zoster)

 

 

 

 

 

 

 

 

 

ឯកសារយោង៖

CURRENT Diagnosis & Treatment Otolaryngology Head and Neck Surgery, Anil K. LALWANI

WemMd.com

 



មុននឹងយល់នូវជំងឺទាំងពីរខាងលើ យើងគប្បីយល់ដឹងខ្លះអំពីការកកើតនិងការវិវឌ្ឍន៍ខ្លះរបស់សាច់បំពង់កនិងសាច់អាដេណូយ។តាមពិតសាច់បំពង់កដែលយើងមើលឃើញក្នុងបំពង់ក មនុស្សគ្រប់រូបមានកំណើតចាប់តាំងពីទារកមានអាយុ៤ខែក្នុងផ្ទៃម្ដាយម៉្លេះ។សាច់បំពង់កស្ថិតក្នុងចង្កោមរង្វង់មួយដែលគេហៅជាភាសាបច្ចេកទេសថា Waldeyer’s ring  ក្នុងនោះមានសាច់បំពង់ក(Palatine tonsils)សាច់អាដេណូយក្រោយច្រមុះ​(Adenoid)​ និងសាច់នៅគល់អណ្ដាត​ (Lingual tonsil)។ សាច់អស់ទាំងនោះមានមុខងារជម្រុញឲ្យមានការករកើតភាពស៊ាំដែលសាច់ទាំងនោះផ្លល់ដល់រាងកាយក្នុងការជម្នះជំងឺ។តែការបង្កើតភាពស៊ាំនេះមានត្រឹមពីអាយុ៤ទៅ១០ឆ្នាំប៉ុណ្ណោះ។សាច់ទាំងនោះនឹងមានការវិវឌ្ឍន៍ថយចុះនៅពេលក្រោយពេញវ័យ។​​

ជំងឺរលាកសាច់បំពង់កនិងអាដេណូយ​ គេសង្កេតឃើញមានជាញឹកញាប់នៅលើកូនក្មេងជាងមនុស្សចាស់។​តែមនុស្សចាស់មិនឈឺសាច់អាដេណូយទេ។ការរលាកទាំងនោះបណ្ដាលមកពីវីរុសនិងមេរោគ។

  • ក្រុមវីរុស៖
  • Adenovirus, rhinovirus, reovirus,
  • Respiratory syncytial virus (RSV)
  • Influenza & parainfluenza viruses
  • Epstein Barr virus (EBV)

រោគសញ្ញាបង្កដោយពពួកវីរុស៖

  • ឈឺបំពង់ក មានក្ដៅខ្លួនចាប់ពី​ ៣៨ ទៅ ៣៨.៥​ C ˚ បើកូនក្មេងអាចលើសពីនេះ
  • មានស្លេស្ម៍ រមាស់​នៅបំពង់កនិងក្អក
  • ចុករោយក្នុងខ្លួន អស់កម្លាំងល្ហិតល្ហៃជាដើម

សញ្ញាពិនិត្យនៅលើអ្នកជំងឺ គេឃើញសាច់បំពង់ក និងជញ្ជាំងខាងក្រោយបំពង់កឡើងក្រហមមានស្លេស្ម៍។​គេអាចសង្កេតឃើញមានកូនកណ្ដុរនៅគល់កត្រង់គល់ធ្គាម។

ការព្យាបាលការរលាកសាច់បំពង់កឬជញ្ជាំងខាងក្រោយបំពង់កមានលក្ខណៈសាមញ្ញដោយត្រឹមតែប្រើឱសថបំបាត់ការឡើងកំដៅ ការឈឺចាប់​ ពិសារទឹកឲ្យច្រើន ខ្ពុរមាត់នឹងទឹកអំបិល ពិសារអាហារដែលងាយរំលាយ សំរាកឲ្យបានគ្រប់គ្រាន់។

ចំពោះកូនក្មេងដែលរលាកសាច់អាដេណូយ អាចមានកម្ដៅក្នុងខ្លួន ហៀរសំបោរធ្លាក់ទៅបំពង់ក បង្កឲ្យមានក្អក​​ ឈឺត្រចៀកនិងរលាកត្រចៀកកណ្ដាលថែមទៀត។ការព្យបាលមានភាពប្រហាក់ប្រហែលគ្នាទៅនឹងការរលាកសាច់បំពង់កដែលបណ្ដាលមកពីវីរុសដូចគ្នា។

ក្នុងករណីយទាំងពីរខាងលើគេមិនប្រើថ្នាំអង់ទីបៃអូទិកក្នុងការព្យាបាល ព្រោះវាមិនត្រឹមឥតប្រយោជន៍​ អស់ថវិការ តែវានាំឲ្យមានការស៊ាំនឹងថ្នាំអង់ទីបៃអូទិកថែមទៀត។

ក្រុមមេរោគ៖

  • ក្រុម ß-hemolytic streptococcus ជាពពួកមេរោគដែលបង្កឲ្យមានការលាកបំពង់
  • Staphyloccoci, Pneumoccoci
  • Haemophilus influenzae & E.Coli

ការេលាកសាច់បំពង់កដែលខ្លាំងជាងគេគឺបណ្ដាលមកពី ß-hemolytic streptococcus។ការរលាកនេះបង្កឲ្យមានរោគសញ្ញានិងសញ្ញា៖

  • ក្ដៅខ្លួនខ្លាំង​ ៣៨.៥ទៅ ៣៩ C ˚ បើមានកើតលើកុមារសីតណ្ហភាពអាចឡើងដល់​ ៤០អង្សា
  • ឈឺបំពង់កខ្លាំង ពិបាកលេបអាហារ
  • អាចមានកូនកណ្ដុរនៅម្ដុំគល់កត្រង់គល់ធ្គាម
  • បើពិនិត្យបំពង់គេឃើញសាច់បំពង់កទាំងសងខាង ឡើងហើម​ មានសណ្ឋានដូចជាខ្ទុះ ជញ្ជាំងខាងក្រោយក៏ឡើងក្រហមដែររួមផ្សំនិងស្លេស្ម៍

ការព្យាបាលតម្រូវឲ្យប្រើពពួកថ្នាំអង់ទីបៃអូទិក រួមផ្សំជាមួយការព្យាបាលបំបាត់កំដៅ ការឈឺចាប់ជាដើម។រយៈពេលនៃការព្យាបាលដាច់ខាតត្រូវឲ្យបាន៧ទៅ១០ថ្ងៃ បើពុំនោះទេវាអាចឲ្យមានការលាប់ឡើងវិញដោយមេរោគមិនត្រូវបានសម្លាប់អស់។លើសពីនេះទៅទៀតប្រសិនបើជាការរលាកបង្កដោយ ß-hemolytic streptococcus ការព្យាបាលត្រឹមត្រូវវាអាចទប់ស្កាត់នូវផលវិបាកដូចជា រលាកបេះដូង រលាកសន្លាក់មិនឲ្យកើតឡើងបាន។

សំណូរសូរថាតើនៅពេលណាគេត្រូវធ្វើការវះកាត់សាច់បំពង់កនិងសាច់អាដេណូយ?

ការកំណត់មានដូចតទៅ៖

  • សាច់បំពង់កនិងសាច់អដេណូយរលាកញឹកញាប់៖
    • ៧ដងក្នុង១ឆ្នាំ
    • ៥ដងក្នុង១ឆ្នាំ រយៈពេល២ឆ្នាំជាប់គ្នា
    • ៣ដងក្នុង១ឆ្នាំ​ រយៈពេល៣ឆ្នាំជាប់គ្នា

ចំពោះសាច់អាដេណូយវិញ​​ នៅពេលណាគេវាយតម្លៃថាវាអាចបង្កបញ្ហានៅត្រចៀកណ្ដាលញឹកញាប់​ ដូចជាឲ្យមានការរលាក្រចៀកណ្ដាល (Otitis Media) និងមានទឹកក្នុងត្រចៀកកណ្ដាលជាដើម(Otitis Media with Effusion=OME)

  • សាច់បំពង់កនិងសាច់អាដេណូយបង្កឲ្យមានការស្ទះនិងដាច់ដង្ហើម
  • សញ្ញាមួយចំនួនទៀតដូចជា ពិបាកលេបអាហារ និយាយមិនច្បាស់​ ឬក៏មានក្លិនមិនល្អក្នុងមាត់ជាដើម
  • សញ្ញាមួយចុងក្រោយគឺសាច់បំពង់កដែលកើតមហារីក(ភាគច្រើនសាច់បំពង់កម្ខាងធំជាងម្ខាង ហើយមានសណ្ធានរីកខុសធម្មតា)

ឯកសារយោង៖

CURRENT Diagnosis & Treatment in OTOLARYNGOLOGY- HEAD & NECK SURGERY

Anil K. Lalwani




ទីតាំងដែលតែងមានបញ្ហា

កំរិត១៖ ច្រមុះ
កំរិត២៖ កន្លើត សាច់បំពង់ក
កំរិត៣៖ គល់អណ្ដាត និងផ្នែកខាងលើនៃបំពង់ខ្យល់


ក្មេងដែលមានជំងឺស្ទះ/ដាច់ដង្ហើមនៅពេលគេងមានរាងកាយស្គម ដើមទ្រូងផត ។ ក្រោយការវះកាត់សាច់បំពង់ករួចរយៈពេល៦ខែ​ រាងកាយ មានការលូតលាស់ ដើមទ្រូងមានសភាពធម្មតាវិញ។



ជំងឺនេះគេអាចសង្កេតឃើញនៅលើកូនក្មេងនិងមនុស្សចាស់។ទោះចាស់ឬក្មេងជំងឺនេះអាចមានសញ្ញាដូចជា បើក្មេងវាស្រមុក​ មានស្ទះដង្ហើមច្រើនដងឬដាច់ដង្ហើមនៅពេលគេង ដំណេករវើរវាយ មានចរិតឆេវឆាវ មានភាពងងុយនៅពេលថ្ងៃ ឧស្សាហ៍មានជំងឺផ្ដាសាយ ក្អកជាញឹកញាប់ រាងកាយមានការធំធាត់យឺត។បើមនុស្សចាស់វិញគេសង្កេតឃើញមានដូចជាស្រមុកខ្លាំង មានដាច់ដង្ហើមជាញឹកញយ ងងុយនៅពេលថ្ងៃ​ មានការផ្ដោតអារម្មណ៍ថយចុះ បែកញើសនៅពេលយប់ ឈឺក្បាលនៅពេលព្រឹក។

ផលវិបាកដែលបង្កដោយជំងឺនេះ បើកូនក្មេងវាបណ្ដាលឲ្យមានសុខភាពខ្សោយ បញ្ញាស្មារតីមិនឈ្លាសវៃ បើមនុស្សចាស់វិញវាបណ្ដាលឲ្យមានបញ្ហាសម្ពាធឈាមខ្ពស់ បេះដូង ជាដើម។

លក្ខណៈវិនិច្ឆ័យជារួមមានដូចជា ទម្ងន់ធៀបនិងកំពស់ (BMI=Body Mass Index)។ រូបមន្ដនេះគេគណ នាដូចនេះ គេយកទម្ងន់(គីឡូក្រាម)ចែកនឹងកំពស់គិតជាម៉ែត្រ(ដំឡើងឲ្យទៅជាការេ) ឧទាហណ៍ ទម្ងន់៧០គីឡូក្រាម កំពស់ ១.៧៥ម៉​ ដំឡើងទៅជាការេ (៣.០៦)។យើងយក ៧០ចែកនិង​៣.០៦វាស្មើ ២២.៨៧ រួចគេសរសេរថា ២២.៨៧/ម² មានន័យថាយើងមាន២២.៨៧គីឡូក្នុង១ម៉ែត្រការេ។

ក្នុងយករូបមន្ដនេះជាគោលសំរាប់វាយតម្លៃថាធាត់លុះត្រាតែ BMI នេះលើសពី 25kg/m²។គេសង្កេតឃើញថាអ្នកដែលមានសន្ទស្សនេះចាប់ពី 25kg/m²ឡើងទៅមានអត្រាកើតជំងឺគេងស្ទះឬដាច់ដង្ហើម  ​​ ​ ខ្ពស់។ តួលេខបង្ហាញថា​ ៩៣% (sensitivity of 93%)  អាចកើតជំងឺនេះ និង៧៤%(specificity of 74%)ប្រាកដថានឹងកើត។ រូបមន្ដមួយទៀតដែលងាយស្រួលគឺរង្វាស់រង្វង់ក(នៅត្រង់គល់កខាងលើ)។បើរង្វង់នេះលើសពី៤០សង់ទីម៉ែត្រគឺអាចប្រឈមនឹងជំងឺនេះ។តួលេខបង្ហាញថាបើរង្វង់លើសពី៤០cm​ ៦១%នឹងអាចកើតជំងឺនេះ (sensitivity of 61%)  ហើយ៩៣%ច្បាស់ណាស់ថាជំងឺនេះនឹងកើត (specificity of 93%)។

ការវាយតម្លៃជារួមមិនទាន់គ្រប់គ្រាន់នៅឡើយ ព្រោះដូចតួលេខបានចង្អុលបង្ហាញថាមិនមែនគ្រប់តែអ្នកធាត់សុទ្ធតែកើតជំងឺនោះទេ។ដូចនេះការពិនិត្យជាក់ស្ដែងនៅលើសរីរាង្គជាការចាំបាច់សម្រាប់ឈានដល់ការធ្វើរោគវិនិច្ឆ័យមួយដ៏ត្រឹមត្រូវ។លើសពីនេះទៅទៀតនោះគឺគេអាចប្រើឧបករណ៍វាស់ទៅលើការដាច់ដង្ហើមប៉ុន្មានដង ស្របពេលជាមួយនិងចង្វាក់បេះដូង កំរិតអុកស៊ីសែននៅក្នុងឈាម(pO²) នៅក្នុង១យប់។ រង្វាស់ដោយឧបករណ៍នោះឈ្មោះថា ​Polysomnography។រង្វាស់នេះគេច្រើនធ្វើនៅលើមនុស្សចាស់ តែគេក៏ធ្វើនៅលើកូនក្មេងដែរប្រសិនចាំបាច់។

កូនក្មេងដែលមានជំងឺដាច់ដង្ហើមនៅពេលគេង ភាគច្រើនមានសាច់បំពង់រីកធំខុសធម្មតា(Tonsillar Hypertrophy) ឬក៏មានរីកសាច់​អាដេណូយ(Adenoidal Hypertrophy) ឬមួយជាការរីកសាច់ព្រមគ្នានៃសាច់បំពង់កនិងសាច់អាដេណូយ (Adeno-tonsillar Hypertrophy)។​ បើការវាយតម្លៃឃើញថាវាមានបញ្ហាដូចខាងលើដែលបណ្ដាលឲ្យមានជំងឺនេះ ការវះកាត់ជាការចាំបាច់​ តែបើកំរិតបង្កត្រឹមតែស្ទះ ការប្រើឱសថនិងការផ្លាស់ប្ដូររបៀបរស់នៅជាពិសែសបញ្ចុះទម្ងន់ជាអាចជាការព្យាបាលមួយដ៏ត្រឹមត្រូវ។

គេសង្កេតជាទូទៅឃើញថាបើមនុស្សធាត់មានបញ្ហាស្រមុកឬដាច់ដង្ហើមញឹកញាប់ក្នុងដំណាក់កាលដំបូង ការបញ្ចុះទម្ងន់ឲ្យស្មើនឹងទម្ងន់មុនមានបញ្ហាជាមធ្យោបាយមួយដ៏មានប្រសិទ្ធភាពបំផុត។

 ពន្យល់ពាក្យ៖

Adenoid ជាសាច់ប្រភេទដូចសាច់បំពង់ក តែវាស្ថិតនៅផ្នែកខាងក្រោយច្រមុះ។ជាធម្មតាដូចសាច់បំពង់កដែរ វាអាចរួមតូចទៅៗ​នៅពេលអាយុក្មេងកើនឡើង។ តែបើវាមានបញ្ហាដូចជាឧស្សាហ៍មានជំងឺរលាកផ្លូវដង្ហើមខាងលើ សាច់នោះមិនស្រកចុះតាមអាយុក្មេងកើននោះទេ។

ឯកសារយោង៖

  1. Sleep Apnea and Snoring; Surgical and non-surgical Therapy, Friedman


ខែ​តុលា 14, 2020 Ros Prach Ponluត្រចៀក0

កុមារនៅអាយុប៉ុន្មានទើបអាចចេះនិយាយបាន? ចាប់ពីអាយុចន្លោះ១២ទៅ១៨ខែរហូតដល់​២ឆ្នាំកុមារចាប់ផ្ដើមចេះនិយាយជាបណ្ដើរៗដូចជាបន្លឺពាក្យថា ម៉ាក់ៗ ប៉ាៗ ។ពាក្យចំនួនដល់ប្រហែល២០០ដែលក្មេងអាចនិយាយបានក្នុង២ឆ្នាំទៅ៣ឆ្នាំ។កូនក្មេងដែលមានកាយសម្បទា និងការលូតលាស់គ្រាប់គ្រាន់នៃសរសៃប្រាសាទ ពេលនោះក្មេងនឹងអាចត្រងត្រាប់ពាក្យដែលគេបានឮដោយសារត្រចៀករបស់គេដែលមានសមត្ថភាពស្ដាប់នូវសម្លេងនៅជុំវិញគេ។នៅពេលនោះកុមារចាប់ត្រាប់តាមពាក្យដែលគេបានឮ។នេះជាដំណាក់កាលដំបូងនៃការចេះនិយាយ។ឪពុកម្ដាយភាគច្រើនតែងច្រឡំនឹងពាក្យដែលយើងនិយមថាជាពាក្យកកែរកករ ដោយក្ដីអំណរថាកូនរបស់ខ្លួនចេះនិយាយ។តាមពិតមិនមែនទេ។ការចេះនិយាយគឺជាការត្រាប់នូវសម្លេងដែលកុមារបានឮ ។បើមិនឮម្ដេចនឹងអាចត្រាប់តាមបាន?។

តាមន័យពិតការចេះពាក្យ១ម៉ាត់២ម៉ាត់មិនមានសេចក្ដីថាចេះនិយាយនោះទេ។នេះគ្រាន់ជាចាប់ផ្ដើម។ យើងត្រូវតាមដានមើលថាកូនរបស់យើង ថាតើវាមានការវិវឌ្ឍន៍ក្នុងចេះពាក្យដែរឬទេ?ព្រោះថា​កុមារដែលមានបញ្ហាក្នុងការស្ដាប់មិនមានការរីកចំរើននៃការរៀនពាក្យដូចក្មេងធម្មតាឡើយ។ការវាយតម្លៃនៃការស្ដាប់បានរបស់កុមារតម្រូវមានការធ្វើរោគវិនិច្ឆ័យត្រឹមត្រូវនិងទាន់ពេលវេលា ដោយហេតុថាការស្ដាប់មិនសូវឬក៏មិនបានវាបណ្ដាលឲ្យការរៀនភាសាមានការយឺតយ៉ាវឬមួយមិនអាចតែម្ដង។ការអន្តរាគមន៍ទាន់ពេលវេលាកុមារអាចមានលទ្ធភាពរៀនភាសាបាន។

ឯកសារយោង៖

  1. Fondamentos Audiofoniátricos; Jorge Parello, M.A. Rodriguez, Miguel Serra-Reventos
  2. Otorrinolaringología, Oído Tomo 2; Michael M. Paparella, Donald A. Shumrick


ខែ​តុលា 14, 2020 Ros Prach Ponluត្រចៀក0

ជាទូទៅនៅក្នុងមជ្ឍដ្ឋានប្រជាជនយើងភាគច្រើនតែងយល់ថាជំងឺគទេដែលបណ្ដាលឲ្យថ្លង់។ជាលក្ខណៈសាមញ្ញគាត់បកស្រាយថាបើអ្នកគអាចស្ដាប់ឮតែនិយាយមិនកើតច្បាស់ជាគាត់បែកទ្រូងស្លាប់ជាមិនខាន។ចំណុចមួយទៀតពួកគាត់យល់ថាមកពីអណ្ដាតជាប់ឬកន្លើតធំ។

ការយល់បែបនេះមិនត្រឹមត្រូវទេ។ផ្ទុយទៅវិញថ្លង់ទេដែលបណ្ដាលឲ្យគ។ពិចារណាមើលទៅ​ឧទាហណ៏យើងមិនដែលឮបរទេសនិយាយភាសាគេម្ដេចឡើយយើងអាចនិយាយត្រាប់តាមគេបាន?ដូចនេះការដែលមិនឮសម្លេងឧទានមិនអាចនិយាយបានទេ។

អត្ថន័យរបស់ពាក្យបរទេស Hard-hearing អាចមានន័យថាត្រចៀកធ្ងន់។​ក្រុមនេះគេអាចមានវិធីដើម្បីអាចឲ្យក្មេងអាចស្ដាប់បាននិងអាចរៀនភាសាបាន។ចំណែក Deaf-mutes មានន័យថាស្ដាប់មិនបានទាល់តែសោះ ដូចនេះមិនអាចរៀនភាសាបានទេ។​​ ។ឯកសារបានឲ្យដឹងថាជាទូទៅអ្នកគថ្លង់មានសូវច្រើនប៉ុន្មានទេ ប្រហែលតិចជាង០,១%នៅក្នុងប្រជាជនទូទៅ។

មូលហេតុដែលកុមារដែលដល់អាយុចេះនិយាយមិនអាចនិយាយបានមានច្រើន៖

  • រយៈកាលមុនសម្រាល៖

ដូចជា​នៅពេលម្ដាយពរផ្ទៃមានទទួលការប្រើថ្នាំចាក់ពពួក​ Streptomycin,​Gentamycin, Kanamycin, Tobramycinតែឯកសារបានសសេររៀបរាប់ ឥទ្ធិពលនៃឱសថទាំងអាចមានលុះត្រាតែម្ដាយមានបញ្ហាក្រលៀនហើយប្រើប្រាស់ថ្នាំនោះរយៈពេលយូរ អ្វីដែលសំខាន់ជាងនេះទៅទៀតនោះគឺមានកត្តាសេណេទិក ។ម្ដាយមានជំងឺស្អូចក្នុងត្រីមាសទី១នៃពេលមានទម្ងន់។

  • រយៈកាលក្រោយសម្រាល

ទារកដែលសម្រាលមិនប្រក្រតីដូចជាប្រើឧបកណ៏កៀបក្បាល​ឬមួយពេលសម្រាលមានពិន្ទុApgar score(ពិន្ទុវាយតម្លៃសុខភាពទារកពេលសម្រាល)ទាប មានទម្ងន់ស្មើឬទាបជាង១៥០០មីលីក្រាម មានជំងឺលឿង រលាកស្រោមខួរ កើតស្អូចក្នុង ​ ។ល។

ជំងឺនេះគេចែកចេញជា២ប្រភេទ៖

  • ប្រភេទទី១ ដែលបង្កដោយជំងឺរបស់ម្ដាយ របស់ទារក ឬរបស់កូនក្មេងដែលមានអត្រាច្រើនជាងប្រភេទទី២។
  • ប្រភេទទី២ ជាប្រភេទតំណពូជ តែមិនសូវសម្បូរប៉ុន្មានទេ។ ប្រភេទនេះសោតទៀតគេចែកចេញជា២ប្រភេទទៀតតាមលក្ខណៈហ្សែន(gene)៖
    • លក្ខណៈហ្សែនខ្សោយ​ (autosomal recessive)មានប្រហែល ១លើ៣០០០ករណីយក្នុងបណ្ដាកូនក្មេងនៅប្រទេសជឿនលឿន។កំរិតនៃថ្លង់វាធ្ងន់ជាងប្រភេទខាងក្រោម
    • លក្ខណៈហ្សែនខ្លាំង (autosomal dominant)​មានប្រហែល១លើ៣ប្រៀបទៅលក្ខណៈ ហ្សែនខ្សោយ

គេសង្កេតឃើញថាគូរស្រករដែលមានឈាមជ័រដូចគ្នា(បងប្អូនជីដូនមួយឬមានជាប់សាច់ឈាម)អាចនឹងមានកូនជួបបញ្ហានៃការស្ដាប់ជាលក្ខណៈហ្សែន (genetic hearing loss)។តែអ្នកដែលមានបញ្ហាការស្ដាប់រៀបការជាមួយអ្នកដែលមានបញ្ហាការស្ដាប់ដែរនោះមិនប្រាកដថានឹងអាចមានកូនមានបញ្ហាដូចឪពុកម្ដាយគេឡើយ ព្រោះគូរស្រករនេះអាចមិនមានបញ្ហាហ្សែនដូចគ្នា។

ជំងឺគថ្លង់នេះមិនមានវិធីព្យាបាលដោយការប្រើឱសថបានទេ គេអាចបំពាក់ឧបករណ៏បង្កើនការស្ដាប់ លទ្ធផលល្អឬមិនសូវជាល្អ។ ពេលខ្លះសូម្បីតែបំពាក់ឧបករណ៏បំពងសម្លេងកំរិតណាក៏មិនអាចទៅរួចដែរ។តែនៅមានមធ្យោបាយដែលអាចព្យបាលដោយការវះកាត់គឺការបណ្ដុះត្រចៀកកណ្ដាល (Cochlear Implant)។​ក្នុងដំណាក់កាលមួយហៅថា Prelingual Deafness (ថ្លង់ក្នុងដំណាក់កាលមុនអាយុចេះនិយាយ ពោលគឺចាប់ពីពេលកើតដល់អាយុ៣ឆ្នាំ) ការវះកាត់របៀបនេះអាចទទួលលទ្ធផលល្អ។​តែវិធីនេះមិនអាចវះកាត់រាល់ចំពោះអ្នកថ្លង់នោះទេ គេត្រូវជ្រើសរើសបេក្ខជនដែលមានលក្ខណៈសម្បត្តិដែលអាចកែបាន។វិធីព្យបាលបែបនេះមានតម្លៃថ្លៃណាស់ ហើយត្រូវតាមដានថែទាំនិងបង្ហាត់និយាយថែមទៀតទើបអាចទទួលផល។

កុមារគថ្លង់ចាំបាច់ត្រូវទទួលបង្ហាត់នូវភាសាសញ្ញា(sign language)ដើម្បីអាចឲ្យពួកគេអាចមានទំនាក់ទំនងគ្នាបាន ពួកគេក៏អាចរៀននូវមុខវិជ្ជាបានដូចកុមារដ៏ទៃទៀតដែលមិនពិការបានដែរ។ទាំងនេះវាជាការដោះស្រាយបន្ទុកក្នុងគ្រូសារនិងសង្គម។

ពន្យល់ពាក្យ៖ ធ្ងន់ត្រចៀក ស្ដាប់មិនសូវឮពីស្រាលទៅធ្ងន់

ឯកសារយោង៖

  1. Encyclopedia of Deaf People and Deafness, Gallaudet
  2. Otolaringología, Michael M. Paparella, Donald A. Shumrick


ខែ​តុលា 14, 2020 Ros Prach Ponluច្រមុះ0

ក្លិនដែលយើងបានទទួលរាល់ថ្ងៃនេះបានដឹងដោយច្រមុះ។និយាយឲ្យច្បាស់ទៅទៀតគឺដោយសារកោសិកាដែលស្ថិតនៅក្នុងផ្ទៃប្រហែល១ភាគ៣នៃភ្នាសច្រមុះទាងសងខាង។វិញ្ញាណនេះមានផ្សំដោយសសៃក្បាលទី១(Cranial nerve I)ដែលមានប្រវែងខ្លីបំផុតក្នុងបណ្ដាសសៃទាំង១២គូរ និងភ្នាសនៅប៉ែកខាងលើនៃភ្នាសច្រមុះ។ដង្ហើមចេញចូលតាមផ្លូវច្រមុះដែលផ្ទុកនូវមូលីគុលក្លិន វិញ្ញាណនេះអាចដឹងតាមសភាពធម្មតា តែបើមានអ្វីកើតឡើងមិនប្រក្រតីនៅក្នុងច្រមុះវិញ្ញាណនឹងមានការផ្លាស់ប្ដូរនៃការទទួលក្លិនជាប្រាកដ។

​​​មូលហេតុជាច្រើនមានដូចជា៖

  • ការតឹងច្រមុះ ជំងឺផ្ដាសាយ ជំងឺរលាកច្រមុះរ៉ាំរ៉ៃ អាល់លែលហ្ស៊ី ជំងឺឫសដូងច្រមុះ
  • ការប៉ះទង្គិចនៅម្ដុំច្រមុះ ក្បាលដោយគ្រោះថ្នាក់ចរាចរ ឬការវះកាត់ខួរក្បាល
  • មហារីកច្រមុះ
  • ការមិនដឹងពីកំណើត (ប្រហែល៣%)
  • ការមិនដឹងក្លិននៃមនុស្សដែលមានអាយុច្រើន(​ >៦៥ឆ្នាំ)ដែលហៅថា​​​ ​Presbyosmia បានកើតឡើងនៅលើអ្នកជំងឺ Alzheimer និងជំងឺ Parkinson
  • ផ្សេងទៀតដូចជា៖ ​ ការពុលថ្នាំ​​ កង្វះជីវជាតិ វិបត្តិផ្លូវចិត្ត និងការព្យាបាលដោយកាំរស្មី​​ X

គេបែងចែកការមិនដឹងក្លិនជា៖

  • Hyposmia  ការមិនសូវដឹងក្លិន
  • Anosmia​​  ការមិនដឹងក្លិនសោះ
  • Parosmia  ការដឹងក្លិនខុសពីក្លិនដើម ឧទាហណ៏ពីការមានក្លិនទៅជាគ្មានក្លិន
  • Phantosmia  ការដឹងក្លិនដោយមិនមានក្លិន
  • Dysosmia  គុណភាពនៃក្លិនមានការផ្លាស់ប្ដូរ
  • Hyperosmia  ការដឹងក្លិនហួសពីការពិត

ការព្យាបាលធ្វើឡើងតាមមូលហេតុរបស់វា។តែអ្វីដែលយើងគួរដឹងនិងអាចប្រតិបត្តិបាននោះមានដូចជា៖

  • ជៀសវាងនូវផ្សែងពុល ក្លិនមុតៗ​ដូចជាក្លិនថ្នាំពុល ក្លិនហ្គាស ថ្នាំលាបជញ្ជាំង តុទូ ឬបរិក្ខាផ្សេងៗ
  • ឈប់ជក់បារី
  • ជៀសវាងចំណីអាហារដែលហួសពេលកំណត់

ឯកសារយោង៖

  1. Rhinology and Allergy; Brent A. Senior, Yvonne Chan


ខែ​តុលា 14, 2020 Ros Prach Ponluច្រមុះ0

ជំងឺនេះតែងតែបង្កឲ្យតឹងច្រមុះម្ខាងឬសងខាង។សូមកុំច្រឡំជាមួយដុំសាច់ដែលដុះក្នុងច្រមុះដែលអាចជាមិនមែនមហារីកឬអាចជាមហារីក។

ឫសដូងអាចកើតឡើងលើមនុស្សគ្រប់វ័យមិនថាប្រុសឬស្រី។​តាមកាសង្កេតបុរសអាចច្រើនជាងនារីព្រោះអាចដោយសារបុរសមានការប្រឈមច្រើនដូចការជក់បារី ការងារជាងឈើ សំណង់ ។ល។

មូលហេតុពិតប្រាកដរបស់ជំងឺនេះមិនត្រូវគេបានដឹងច្បាស់នៅឡើយ។គេគ្រាន់តែដឹងថាជាការរលាករ៉ាំរ៉ៃនៃភ្នាសច្រមុះដោយសារអាល់ល្លែកហ្ស៊ី តែអាល់ល្លែកហ្ស៊ីច្រមុះមិនបណ្ដាលឲ្យកើតឫសដូងទេ។មានមេឌីអេតទ័រ(Mediators)មួយចំនួនដូចជា​​ Prostaglandine, Arachidonic Acid, IL6,8, និង​ Eosinophil, Basophil ជាដើមដែលទ្រទ្រង់ឲ្យមានការរលាករ៉ាំរ៉ៃរបស់ភ្នាសច្រមុះ។

រោគសញ្ញាមានតឹងច្រមុះម្ខាងឬសងខាង ហៀរសំបោរថ្លាឬខាប់ មិនសូវឬក៏មិនដឹងក្លិន​ អាចមានអាការៈ     ក្អក។អ្នកជំងឺកម្រមានឈាមច្រមុះណាស់។បើគេឆ្លុះមើលក្នុងច្រមុះគេអាចឃើញសាច់ព៌ណស្លេកថ្លា ដូចប្លោកពោះត្រី ឬព៌ណក្រហមព្រឿងដូចផ្លែទំពាំងបាយជូរ។​ទម្រង់របស់វាមានលក្ខណៈជាកញ្ចុំ។

ជំងឺឫសដូងច្រមុះមានច្រើនប្រភេទ។

  • ប្រភេទទោល (antrochoanal polyp)ការព្យបាលដោយការវះកាត់ត្រឹមត្រូវអាចជា១០០%
  • ប្រភេទដែលមិនមានការរលាកផ្សំជាមួយsinus (Nasal polyp) អាចជាសះស្បើយ

ប្រភេទដែលរលាកផ្សំជាមួយ sinus​: chronic rhinosinusitis with nasal polyp(CRSwNP)ព្យាបាលដោយការវះកាត់តែមានអត្រាលាប់ខ្ពស់ហើយត្រូវព្យបាលបន្តដោយឱសថនិងតាមដានជាប្រចាំផងដែរ។



ខែ​តុលា 14, 2020 Ros Prach Ponluច្រមុះ0

ការរលាកប្រអប់ច្រមុះជាការរលាកភ្នាសប្រអប់ច្រមុះ​(sinus)ម្ខាងឬសងខាងដែលបង្កឡើងដោយវីរុសឬមេរោគ។វីរុសដែលបង្កមានដូចក្នុងជំងឺផ្ដាសាយដែរដូចជា rhinovirus (ញឹកញាប់)​​parainfluenza virus, respiratory syncytial virus (RSV), corona virus រីឯមេរោគបណ្ដាលឲ្យមានការលាកនេះមានដូចជា Streptococcus pneumoniae ​​  (ញឹកញាប់), Hemophilus influenzae, Moraxella catarrhalis …។

រោគសញ្ញានៅដំណាក់ដំបូងដែលបង្កឡើងដោយវីរុសឬដោយមេរោគមានដូចជា ក្ដៅខ្លួន តឹងច្រមុះ ហៀរសំបោររាវទៅខាប់ ឈឺក្បាលមួយចំហៀងក្បាលឬពេញក្បាល​ នៅជុំចិញ្ចើម នៅម្ដុំក្រោមភ្នែក រហូតដល់ស្រៀវធ្មេញក៏សឹងមាន។ជំងឺនេះអាចចាត់ទុកថាជាការរលាកបង្កដោយមេរោគវាច្រើនតែកើតបន្ទាប់ពីការវិវត្តន៍ពីការរលាកដែលបង្កដោយវីរុសពី១សប្ដាហ៍ឡើងទៅ។

ជំងឺនេះគេចែកជា២​ដំណាក់កាល(ឯកសារខ្លះមាន៣ដំណាក់កាល)

  • ដំណាក់កាលស្រួចស្រាវមានរយៈពេល​ ≤ ៤សប្ដាហ៍
  • ដំណាក់រ៉ាំរ៉ៃមានរយៈពេល​ ≥១២សប្ដាហ៍

ការព្យាបាលអាស្រ័យលើមូលហេតុរបស់វា។មានន័យថាបើបង្កដោយវីរុស គេប្រើថ្នាំសាមញ្ញធម្មតាកំចាត់ សញ្ញាដែលមាន ពោលគេមិនប្រើថ្នាំផ្សះទេ (Antibiotic)។​ រីឯសញ្ញាដែលបណ្ដាលមកអំពីមេរោគគេ​     ​ប្រើថ្នាំផ្សះគួបផ្សំនិងថ្នាំផ្សេងទៀតក្នុងរយៈ៧ដល់១០ថ្ងៃក្នុងដំណាក់កាលស្រួចស្រាវ។​រយៈពេលនៃការព្យាបាលអាចបន្តរហូតដល់៦សប្ដាហ៍ក្នុងដំណាក់កាលរ៉ាំរ៉ៃ។

វាមានការរលាក១ប្រភេទទៀតដែលបង្កដោយធ្មេញដែលមានបញ្ហាភាគច្រើនចាប់ពីធ្មេញទី៥ដល់ទី៨នៃធ្គាមខាងលើ។សញ្ញាដែលចាប់អារម្មណ៍ជាងគេនោះគឺក្លិនស្អុយច្រមុះខាងធ្មេញមានបញ្ហា។​ការព្យាបាលត្រូវសហការជាមួយគ្រូពេទ្យធ្មេញ។

ជំងឺនេះអាចបង្កឲ្យមានផលវិបាកផងដែរនៅពេលមានការយឺតយ៉ាវក្នុងការព្យាបាល ជាពិសេសអាចកើតឡើងចំពោះកូនក្មេងដែលសរីរៈមិនទាន់មានការអភិវឌ្ឍន៍ពេញលេញ។ផលវិបាកទាំងនោះមានកើតនៅលើភ្នែក ស្រោមខួរ ខួរក្បាលជាដើម។ វាមានដោយកម្រនៅលើមនុស្សពេញវ័យ។

នៅពេលណាជំងឺនេះទើបត្រូវការវះកាត់?។ពោលគឺបន្ទាប់ពីការបរាជ័យនៃការព្យាបាលដោយឱសថ។ការព្យាបាលដោយការវះកាត់ទោះជាការត្រឹមត្រូវក៏ដោយអត្រាជាសះស្បើយមានត្រឹមតែ៧០ទៅ៨០%ប៉ុណ្ណោះ។ការលាប់ឡើងវិញអាចមានកត្តាច្រើនមានដូចជាការពិសោធន៍របស់គ្រូពេទ្យវះកាត់ ដំណើការមិនប្រក្រតី​របស់មុខងាររបស់សរីរៈរបស់ប្រអប់ឆ្អឹងច្រមុះឬផ្សេងទៀតដូចជា Cystic fibrosis, Immotile Cilia syndromeជាដើម។

ឯកសារយោង៖

  1. Otolaryngology Head and Neck Surgery; Clinical Reference Guide, Raza Pasha, Justin S.  Golub