+855 12 848 929ros.prachponlu@gmail.comចន្ទ-សៅរ៍ ៧ព្រឹក-៩ព្រឹក៣ៈ៣០រសៀល-៧ល្ងាចផ្ទះលេខ៧៩A/B ផ្លូវ៩៥ សង្កាត់បឹងកេងកងទី៣ ខ័ណ្ឌបឹងកេងកង រាជធានីភ្នំពេញ
  • English

បំពង់ក និង ប្រអប់សម្លេង / គ្លីនិកបូកគោ


សម្លេងដែលមនុស្សយើងនិយាយចេញមកមានសូរស័ព្ទ ដោយសារប្រអប់សម្លេងដែលជាលទ្ធផលនៃការផ្គុំអណ្ដាតសម្លេងទាំងពីររួមផ្សំនិងចរន្ដខ្យល់បញ្ចេញពីក្នុងសួតបង្កើតជាសូរ។​សូរនេះអាចមានកំរិតខ្លាំងខ្សោយ ក្រោមឥទ្ធិពលបញ្ជារបស់មណ្ឌលខួរក្បាល។សម្លេងនិ យាយរបស់កូនក្មេង បុរស ស្ដ្រី មានសណ្ឋានខុសគ្នាដោយសារទំហំនៃប្រអប់សម្លេង។

សម្លេងដែលស្អកគឺកើតឡើងដោយសារមានការផ្លាស់ប្ដូរនៃសរីរាង្គនៃប្រអប់សម្លេងដូចជាអណ្ដាតសម្លេងហើមរលាក មានរបួស មានដុំពក ឬសដូង គីស ដុំសសៃឈាម ។ជំងឺផ្សេងមួយចំនួនមានរបេង មហារីក បំពង់សម្លេង។ ក្រៅពីនេះមានកើតក្រោយគ្រោះថ្នាក់ចរាចរ ការងារ កីឡា ឬក្រោយការចងកសម្លាប់ខ្លួនជាដើម។

តទៅនេះយើងនឹងបរិយាយអំពីជំងឺដែលអាចបណ្ដាលឲ្យស្អក៖

  • ជំងឺផ្ដាសាយដែលបណ្ដាលមកអំពីវីរុសបង្កឲ្យមានការរលាកជាទូទៅនៅក្នុងប្រព័ន្ធផ្លូវដង្ហើមខាងលើ ដូចនេះសរីរាង្គទាំងឡាយណាស្ថិតក្នុងផ្លូវនេះមានការរលាកទាំងអស់រួមផ្សំនិងប្រអប់សម្លេងផងដែរ។កាលណាអណ្ដាតសម្លេងហើមសម្លេងដែលបញ្ចេញមកមានស្នូរប្លែកពីធម្មតាដែលហៅថាស្អក ។ជាធម្មតាការជាសះស្បើយនៃជំងឺផ្ដសាយនេះអាចមានរយៈពេលពី ៧ដល់១០ថ្ងៃ ស្អកក៏បានធូរតាមហ្នឹង
  • ការនិយាយច្រើននិងឮហួសកំណត់ក៏អាចឲ្យមានស្អកបានក្នុងរយៈពេលខ្លី ឬវែងអាស្រ័យការប្រព្រឹត្តនេះខ្លីឬវែងដែរ។ ស្អកប្រភេទនេះគេច្រើនសង្កេតឃើញនៅអ្នកប្រកបកររកស៊ីលក់ដូរ គ្រូបង្រៀន ជាដើម។បើគេពិនិត្យមើលអណ្ដាតសម្លេងគេឃើញមាន ដុំលើអណ្ដាតសម្លេងទាំងសងខាងប៉ុនគ្រាប់ខ្សាច់ (មើលរូបខាងលើ)
  • ការស្អកមួយប្រភេទទៀតបណ្ដាលមកពីមានដុំគីស​ ដុំសសែឈាម ឬសដូងនៅលើអណ្ដាតសម្លេងម្ខាង
  • ការស្អកបណ្ដាលមកពីគាំងអណ្ដាតសម្លេងម្ខាង(vocal fold paralysis)ភាគច្រើនខាងឆ្វេងដោយសសៃញាក់អណ្ដាតសម្លង(Recurrent nerve) មួយខាងឆ្វេងដំណើរការមិនធម្មតា។មូលហេតុដោយសារតែផ្ដាសាយ ជំងឺបេះដូងរីក សាច់ដុំក្នុងសួត មហារីកសួតជាដើម
  • ការស្អកក្រោយការវះកាត់ក្រពេញទីរ៉ូអ៊ីត(Thyroid សៃរ៉ូយជាភាសាអង់គ្លេស)។វានឹងបាត់ក្នុងរយៈពេលខ្លីឬយូរ(សប្ដាហ៍ដល់ខែ)ប្រសិនបើការវះកាត់គ្រាន់តែប៉ះសសៃញាក់អណ្ដាតសម្លេងដោយសសៃ(Recurrent nerve) មួយខាងឬសងខាង។តែប្រសិនបើសសៃនោះវាដាច់នឹងមិនអាចជាមកវិញបានទេ។ក្នុងករណីយដាច់ម្ខាងវាគ្រាន់តែស្អកឬឈ្លក់ តែបើដាច់ទាំងសងខាងវិញវាមានផលវិបាកច្រើនមានស្អកខ្លាំង ពិបាកនិយាយ​ និងស្ទះដង្ហើមថែមទៀត
  • ការស្អកខ្លះបណ្ដាលមកពីគ្រោះថ្នាក់ចរាចរ ការងារ​ ការដាក់បំពង់ខ្យល់អុកស៊ីសែនយូរក្នុងបំពង់ខ្យល់ ការចងកសម្លាប់ខ្លួន។ ពេលនេះអណ្ដាតសម្លេងមានរបួសនៅត្រង់កន្លែងណាមួយឬមួយអាចប៉ះសសៃញាក់អណ្ដាតសម្លេង
  • ការស្អកបណ្ដាលមកពីរបេងសួតនិងប្រអប់បំពង់សម្លេង។ជាមកធម្មតាវិញក្រោយការព្យបាលរបេង
  • ការស្អកដែលបណ្ដាលមកពីមហារីក។ បើក្នុងដំណាក់កាលដំបូង ក្រោយការព្យបាលស្អកមានការប៉ះពាល់តិចតួច តែបើក្នុងដំណាក់ខ្លាំងសម្លេងមិនអាចត្រឡប់មកវិញបានទេ។

ឯកសារយោង៖

  1. VOICE SURGERY, Wilbur James Gould, Robert Thayer Sataloff, Joseph Richard Spiegel
  2. Ear, Nose, and Throat Diseases with Head and Neck Surgery, Hans Behrbohm, Oliver Kaschke



មុននឹងយល់នូវជំងឺទាំងពីរខាងលើ យើងគប្បីយល់ដឹងខ្លះអំពីការកកើតនិងការវិវឌ្ឍន៍ខ្លះរបស់សាច់បំពង់កនិងសាច់អាដេណូយ។តាមពិតសាច់បំពង់កដែលយើងមើលឃើញក្នុងបំពង់ក មនុស្សគ្រប់រូបមានកំណើតចាប់តាំងពីទារកមានអាយុ៤ខែក្នុងផ្ទៃម្ដាយម៉្លេះ។សាច់បំពង់កស្ថិតក្នុងចង្កោមរង្វង់មួយដែលគេហៅជាភាសាបច្ចេកទេសថា Waldeyer’s ring  ក្នុងនោះមានសាច់បំពង់ក(Palatine tonsils)សាច់អាដេណូយក្រោយច្រមុះ​(Adenoid)​ និងសាច់នៅគល់អណ្ដាត​ (Lingual tonsil)។ សាច់អស់ទាំងនោះមានមុខងារជម្រុញឲ្យមានការករកើតភាពស៊ាំដែលសាច់ទាំងនោះផ្លល់ដល់រាងកាយក្នុងការជម្នះជំងឺ។តែការបង្កើតភាពស៊ាំនេះមានត្រឹមពីអាយុ៤ទៅ១០ឆ្នាំប៉ុណ្ណោះ។សាច់ទាំងនោះនឹងមានការវិវឌ្ឍន៍ថយចុះនៅពេលក្រោយពេញវ័យ។​​

ជំងឺរលាកសាច់បំពង់កនិងអាដេណូយ​ គេសង្កេតឃើញមានជាញឹកញាប់នៅលើកូនក្មេងជាងមនុស្សចាស់។​តែមនុស្សចាស់មិនឈឺសាច់អាដេណូយទេ។ការរលាកទាំងនោះបណ្ដាលមកពីវីរុសនិងមេរោគ។

  • ក្រុមវីរុស៖
  • Adenovirus, rhinovirus, reovirus,
  • Respiratory syncytial virus (RSV)
  • Influenza & parainfluenza viruses
  • Epstein Barr virus (EBV)

រោគសញ្ញាបង្កដោយពពួកវីរុស៖

  • ឈឺបំពង់ក មានក្ដៅខ្លួនចាប់ពី​ ៣៨ ទៅ ៣៨.៥​ C ˚ បើកូនក្មេងអាចលើសពីនេះ
  • មានស្លេស្ម៍ រមាស់​នៅបំពង់កនិងក្អក
  • ចុករោយក្នុងខ្លួន អស់កម្លាំងល្ហិតល្ហៃជាដើម

សញ្ញាពិនិត្យនៅលើអ្នកជំងឺ គេឃើញសាច់បំពង់ក និងជញ្ជាំងខាងក្រោយបំពង់កឡើងក្រហមមានស្លេស្ម៍។​គេអាចសង្កេតឃើញមានកូនកណ្ដុរនៅគល់កត្រង់គល់ធ្គាម។

ការព្យាបាលការរលាកសាច់បំពង់កឬជញ្ជាំងខាងក្រោយបំពង់កមានលក្ខណៈសាមញ្ញដោយត្រឹមតែប្រើឱសថបំបាត់ការឡើងកំដៅ ការឈឺចាប់​ ពិសារទឹកឲ្យច្រើន ខ្ពុរមាត់នឹងទឹកអំបិល ពិសារអាហារដែលងាយរំលាយ សំរាកឲ្យបានគ្រប់គ្រាន់។

ចំពោះកូនក្មេងដែលរលាកសាច់អាដេណូយ អាចមានកម្ដៅក្នុងខ្លួន ហៀរសំបោរធ្លាក់ទៅបំពង់ក បង្កឲ្យមានក្អក​​ ឈឺត្រចៀកនិងរលាកត្រចៀកកណ្ដាលថែមទៀត។ការព្យបាលមានភាពប្រហាក់ប្រហែលគ្នាទៅនឹងការរលាកសាច់បំពង់កដែលបណ្ដាលមកពីវីរុសដូចគ្នា។

ក្នុងករណីយទាំងពីរខាងលើគេមិនប្រើថ្នាំអង់ទីបៃអូទិកក្នុងការព្យាបាល ព្រោះវាមិនត្រឹមឥតប្រយោជន៍​ អស់ថវិការ តែវានាំឲ្យមានការស៊ាំនឹងថ្នាំអង់ទីបៃអូទិកថែមទៀត។

ក្រុមមេរោគ៖

  • ក្រុម ß-hemolytic streptococcus ជាពពួកមេរោគដែលបង្កឲ្យមានការលាកបំពង់
  • Staphyloccoci, Pneumoccoci
  • Haemophilus influenzae & E.Coli

ការេលាកសាច់បំពង់កដែលខ្លាំងជាងគេគឺបណ្ដាលមកពី ß-hemolytic streptococcus។ការរលាកនេះបង្កឲ្យមានរោគសញ្ញានិងសញ្ញា៖

  • ក្ដៅខ្លួនខ្លាំង​ ៣៨.៥ទៅ ៣៩ C ˚ បើមានកើតលើកុមារសីតណ្ហភាពអាចឡើងដល់​ ៤០អង្សា
  • ឈឺបំពង់កខ្លាំង ពិបាកលេបអាហារ
  • អាចមានកូនកណ្ដុរនៅម្ដុំគល់កត្រង់គល់ធ្គាម
  • បើពិនិត្យបំពង់គេឃើញសាច់បំពង់កទាំងសងខាង ឡើងហើម​ មានសណ្ឋានដូចជាខ្ទុះ ជញ្ជាំងខាងក្រោយក៏ឡើងក្រហមដែររួមផ្សំនិងស្លេស្ម៍

ការព្យាបាលតម្រូវឲ្យប្រើពពួកថ្នាំអង់ទីបៃអូទិក រួមផ្សំជាមួយការព្យាបាលបំបាត់កំដៅ ការឈឺចាប់ជាដើម។រយៈពេលនៃការព្យាបាលដាច់ខាតត្រូវឲ្យបាន៧ទៅ១០ថ្ងៃ បើពុំនោះទេវាអាចឲ្យមានការលាប់ឡើងវិញដោយមេរោគមិនត្រូវបានសម្លាប់អស់។លើសពីនេះទៅទៀតប្រសិនបើជាការរលាកបង្កដោយ ß-hemolytic streptococcus ការព្យាបាលត្រឹមត្រូវវាអាចទប់ស្កាត់នូវផលវិបាកដូចជា រលាកបេះដូង រលាកសន្លាក់មិនឲ្យកើតឡើងបាន។

សំណូរសូរថាតើនៅពេលណាគេត្រូវធ្វើការវះកាត់សាច់បំពង់កនិងសាច់អាដេណូយ?

ការកំណត់មានដូចតទៅ៖

  • សាច់បំពង់កនិងសាច់អដេណូយរលាកញឹកញាប់៖
    • ៧ដងក្នុង១ឆ្នាំ
    • ៥ដងក្នុង១ឆ្នាំ រយៈពេល២ឆ្នាំជាប់គ្នា
    • ៣ដងក្នុង១ឆ្នាំ​ រយៈពេល៣ឆ្នាំជាប់គ្នា

ចំពោះសាច់អាដេណូយវិញ​​ នៅពេលណាគេវាយតម្លៃថាវាអាចបង្កបញ្ហានៅត្រចៀកណ្ដាលញឹកញាប់​ ដូចជាឲ្យមានការរលាក្រចៀកណ្ដាល (Otitis Media) និងមានទឹកក្នុងត្រចៀកកណ្ដាលជាដើម(Otitis Media with Effusion=OME)

  • សាច់បំពង់កនិងសាច់អាដេណូយបង្កឲ្យមានការស្ទះនិងដាច់ដង្ហើម
  • សញ្ញាមួយចំនួនទៀតដូចជា ពិបាកលេបអាហារ និយាយមិនច្បាស់​ ឬក៏មានក្លិនមិនល្អក្នុងមាត់ជាដើម
  • សញ្ញាមួយចុងក្រោយគឺសាច់បំពង់កដែលកើតមហារីក(ភាគច្រើនសាច់បំពង់កម្ខាងធំជាងម្ខាង ហើយមានសណ្ធានរីកខុសធម្មតា)

ឯកសារយោង៖

CURRENT Diagnosis & Treatment in OTOLARYNGOLOGY- HEAD & NECK SURGERY

Anil K. Lalwani




ទីតាំងដែលតែងមានបញ្ហា

កំរិត១៖ ច្រមុះ
កំរិត២៖ កន្លើត សាច់បំពង់ក
កំរិត៣៖ គល់អណ្ដាត និងផ្នែកខាងលើនៃបំពង់ខ្យល់


ក្មេងដែលមានជំងឺស្ទះ/ដាច់ដង្ហើមនៅពេលគេងមានរាងកាយស្គម ដើមទ្រូងផត ។ ក្រោយការវះកាត់សាច់បំពង់ករួចរយៈពេល៦ខែ​ រាងកាយ មានការលូតលាស់ ដើមទ្រូងមានសភាពធម្មតាវិញ។



ជំងឺនេះគេអាចសង្កេតឃើញនៅលើកូនក្មេងនិងមនុស្សចាស់។ទោះចាស់ឬក្មេងជំងឺនេះអាចមានសញ្ញាដូចជា បើក្មេងវាស្រមុក​ មានស្ទះដង្ហើមច្រើនដងឬដាច់ដង្ហើមនៅពេលគេង ដំណេករវើរវាយ មានចរិតឆេវឆាវ មានភាពងងុយនៅពេលថ្ងៃ ឧស្សាហ៍មានជំងឺផ្ដាសាយ ក្អកជាញឹកញាប់ រាងកាយមានការធំធាត់យឺត។បើមនុស្សចាស់វិញគេសង្កេតឃើញមានដូចជាស្រមុកខ្លាំង មានដាច់ដង្ហើមជាញឹកញយ ងងុយនៅពេលថ្ងៃ​ មានការផ្ដោតអារម្មណ៍ថយចុះ បែកញើសនៅពេលយប់ ឈឺក្បាលនៅពេលព្រឹក។

ផលវិបាកដែលបង្កដោយជំងឺនេះ បើកូនក្មេងវាបណ្ដាលឲ្យមានសុខភាពខ្សោយ បញ្ញាស្មារតីមិនឈ្លាសវៃ បើមនុស្សចាស់វិញវាបណ្ដាលឲ្យមានបញ្ហាសម្ពាធឈាមខ្ពស់ បេះដូង ជាដើម។

លក្ខណៈវិនិច្ឆ័យជារួមមានដូចជា ទម្ងន់ធៀបនិងកំពស់ (BMI=Body Mass Index)។ រូបមន្ដនេះគេគណ នាដូចនេះ គេយកទម្ងន់(គីឡូក្រាម)ចែកនឹងកំពស់គិតជាម៉ែត្រ(ដំឡើងឲ្យទៅជាការេ) ឧទាហណ៍ ទម្ងន់៧០គីឡូក្រាម កំពស់ ១.៧៥ម៉​ ដំឡើងទៅជាការេ (៣.០៦)។យើងយក ៧០ចែកនិង​៣.០៦វាស្មើ ២២.៨៧ រួចគេសរសេរថា ២២.៨៧/ម² មានន័យថាយើងមាន២២.៨៧គីឡូក្នុង១ម៉ែត្រការេ។

ក្នុងយករូបមន្ដនេះជាគោលសំរាប់វាយតម្លៃថាធាត់លុះត្រាតែ BMI នេះលើសពី 25kg/m²។គេសង្កេតឃើញថាអ្នកដែលមានសន្ទស្សនេះចាប់ពី 25kg/m²ឡើងទៅមានអត្រាកើតជំងឺគេងស្ទះឬដាច់ដង្ហើម  ​​ ​ ខ្ពស់។ តួលេខបង្ហាញថា​ ៩៣% (sensitivity of 93%)  អាចកើតជំងឺនេះ និង៧៤%(specificity of 74%)ប្រាកដថានឹងកើត។ រូបមន្ដមួយទៀតដែលងាយស្រួលគឺរង្វាស់រង្វង់ក(នៅត្រង់គល់កខាងលើ)។បើរង្វង់នេះលើសពី៤០សង់ទីម៉ែត្រគឺអាចប្រឈមនឹងជំងឺនេះ។តួលេខបង្ហាញថាបើរង្វង់លើសពី៤០cm​ ៦១%នឹងអាចកើតជំងឺនេះ (sensitivity of 61%)  ហើយ៩៣%ច្បាស់ណាស់ថាជំងឺនេះនឹងកើត (specificity of 93%)។

ការវាយតម្លៃជារួមមិនទាន់គ្រប់គ្រាន់នៅឡើយ ព្រោះដូចតួលេខបានចង្អុលបង្ហាញថាមិនមែនគ្រប់តែអ្នកធាត់សុទ្ធតែកើតជំងឺនោះទេ។ដូចនេះការពិនិត្យជាក់ស្ដែងនៅលើសរីរាង្គជាការចាំបាច់សម្រាប់ឈានដល់ការធ្វើរោគវិនិច្ឆ័យមួយដ៏ត្រឹមត្រូវ។លើសពីនេះទៅទៀតនោះគឺគេអាចប្រើឧបករណ៍វាស់ទៅលើការដាច់ដង្ហើមប៉ុន្មានដង ស្របពេលជាមួយនិងចង្វាក់បេះដូង កំរិតអុកស៊ីសែននៅក្នុងឈាម(pO²) នៅក្នុង១យប់។ រង្វាស់ដោយឧបករណ៍នោះឈ្មោះថា ​Polysomnography។រង្វាស់នេះគេច្រើនធ្វើនៅលើមនុស្សចាស់ តែគេក៏ធ្វើនៅលើកូនក្មេងដែរប្រសិនចាំបាច់។

កូនក្មេងដែលមានជំងឺដាច់ដង្ហើមនៅពេលគេង ភាគច្រើនមានសាច់បំពង់រីកធំខុសធម្មតា(Tonsillar Hypertrophy) ឬក៏មានរីកសាច់​អាដេណូយ(Adenoidal Hypertrophy) ឬមួយជាការរីកសាច់ព្រមគ្នានៃសាច់បំពង់កនិងសាច់អាដេណូយ (Adeno-tonsillar Hypertrophy)។​ បើការវាយតម្លៃឃើញថាវាមានបញ្ហាដូចខាងលើដែលបណ្ដាលឲ្យមានជំងឺនេះ ការវះកាត់ជាការចាំបាច់​ តែបើកំរិតបង្កត្រឹមតែស្ទះ ការប្រើឱសថនិងការផ្លាស់ប្ដូររបៀបរស់នៅជាពិសែសបញ្ចុះទម្ងន់ជាអាចជាការព្យាបាលមួយដ៏ត្រឹមត្រូវ។

គេសង្កេតជាទូទៅឃើញថាបើមនុស្សធាត់មានបញ្ហាស្រមុកឬដាច់ដង្ហើមញឹកញាប់ក្នុងដំណាក់កាលដំបូង ការបញ្ចុះទម្ងន់ឲ្យស្មើនឹងទម្ងន់មុនមានបញ្ហាជាមធ្យោបាយមួយដ៏មានប្រសិទ្ធភាពបំផុត។

 ពន្យល់ពាក្យ៖

Adenoid ជាសាច់ប្រភេទដូចសាច់បំពង់ក តែវាស្ថិតនៅផ្នែកខាងក្រោយច្រមុះ។ជាធម្មតាដូចសាច់បំពង់កដែរ វាអាចរួមតូចទៅៗ​នៅពេលអាយុក្មេងកើនឡើង។ តែបើវាមានបញ្ហាដូចជាឧស្សាហ៍មានជំងឺរលាកផ្លូវដង្ហើមខាងលើ សាច់នោះមិនស្រកចុះតាមអាយុក្មេងកើននោះទេ។

ឯកសារយោង៖

  1. Sleep Apnea and Snoring; Surgical and non-surgical Therapy, Friedman



បំពង់ក


សំដៅលើអ្វីដែលគេអាចមើលឃើញនៅពេលគេហា មាត់ ដែលនៅក្នុងនោះគេឃើញមានសាច់បំពង់កនៅ សងខាងកន្តើត។ សាច់បំពង់ក (Tonsils) នេះដែល មនុស្សគ្រប់រូបតែងមានពីកំណើតមិនថាក្នេងឬចាស់ ឡើយ។ នៅពីក្រោយគេឲ្យឈ្មោះថាជញ្ជាំងខាង ក្រោយរបស់បំពង់ក។



តើមានអ្វីនឹងអាចកើតមានឡើងនៅលើបំពង់កនិងសាច់បំពង់ក?

  • មានការរលាកបំពង់កអាចកើតមាននៅពេលមានជម្ងឺផ្តាសាយ អាល់ល្លែកហ្ស៊ីចំណីអាហារ
  • មានការរលាកសាច់បំពង់កនៅពេលផ្តាសាយ ឬ បណ្តាលមកពីមេរោគ
  • មានជម្ងឺដុំសាច់អាចជាជម្ងឺមហារីកតែអាច កើតឡើងដោយកម្រ

ចំណាំ

  • សូមកុំវិនិច្ឆ័យភ្លាមៗថាមានដុះសាច់បំពង់កដោយគ្រាន់តែបើកមាត់មើលប៉ុណ្ណោះ
  • ការវិនិច្ឆ័យត្រូវមានការសួរព៌តមានច្បាស់រួមផ្សំនិងការពិនិត្យយ៉ាងដិតដល់
  • បើអស់លោក លោកស្រី មានអការៈដូចខាង លើ ចូរអញ្ជើញមកពិគ្រោះជាមួយគ្រូពេទ្យ ជំនាញ ជៀសវាងការវិនិច្ឆ័យមិនត្រឹមត្រូវ
  • ចូរចងចាំថា ការធ្វើអនាម័យមាត់ធ្មេញមាន សារៈសំខាន់ណាស់សំរាប់ទ្រទ្រង់ឲ្យមានសុខ

ភាពបំពង់ក ក៏ដូចជាសុខភាពទូទៅដែរ

  • ត្រូវដឹងថាសាច់បំពង់កដែលមនុស្សគ្រប់រូប

មានតាំងពីកំណើតមកនោះ មានសារៈសំខាន់ សំរាប់ទ្រទ្រង់សុខភាពយើង ជាពិសេសនៅ ពេលមនុស្សយើងក្នុងវ័យលូតលាស់

  • ការព្យបាលដោយការវះកាត់សាច់បំពង់ក

ចេញនៅពេលការព្យបាលដោយឱសថមិន

មានប្រសិទ្ឋិភាព​និងក្នុងលក្ខខ័ណ្ឌមួយចំ នួនទៀត


បំពង់ខ្យល់និងប្រអប់សម្លេង


ជាសិរីរាង្គមួយសំរាប់ការដកដង្ហើមនិងការបន្លឺសម្លេង។



តើមានអ្វីនឹងអាចកើតមានឡើងនៅលើបំពង់ខ្យល់និងបំពង់សម្លេង?

  • អាចមានការឈឺផ្សានិងអាការៈស្អកបន្ទាប់ ពីផ្តាសាយឬក្អក។ សម្លេងស្អកតិច ឬ ខ្លាំង

រហូតនិយាយមិនឮក៏សឹងមាននិងអាចមាន

ដង្ហើមហត់ផងដែរ ជាពិសេសកូនក្មេង

  • អាចមានការស្អករ៉ាំរ៉ៃជាច្រើនខែដែលអាច

បណ្តាលមកពីអាល់ល្លែកហ្ស៊ី និយាយច្រើន

និងនិយាយឮពេក។ លើសពីនេះក៏អាចមកពីដុំ  សាច់នៅលើអណ្តាតសម្លេង វាអាចជាដុំសាច់

ធម្មតា ឬក៏អាចមហារីកបានដែរ ពេលនោះ អ្នកជម្ងឺអាចហត់ពីខ្សោយទៅខ្លាំង

  • ឬមួយក៏អាចមានការគាំងអណ្តាតសម្លេងម្ខាង

ដែលនាំឲ្យស្អករ៉ាំរ៉ៃ


ប្រការគួរអនុវត្ត

  • កុំនិយាយឬនិងច្រើនពេក
  • ហាមនិយាយរហូតដល់ភ្លាត់សម្លេង
  • ហាមជក់បារី និងពិសារស្រា
  • ជៀសវាងនូវចំណីអាហារ ឬរបស់របរណា ដែលយើងអាល់ល្លែកហ្ស៊ីជាមួយ
  • ហាមរស់នៅកន្លែងដែលមានធូលី ឬផ្សែង ច្រើន

ប្រសិនលោកអ្នកមានសម្លេងស្អក ឬ ហត់ដោយប្រ   ការណាមួយ គប្បីចូលមកពិគ្រោះជាមួយគ្រូពេទ្យជំនាញ។


ដោយសាស្ត្រាចារ្យ រស់ ប្រាជ្ញពន្លឺ