+855 12 848 929ros.prachponlu@gmail.comចន្ទ-សៅរ៍ ៧ព្រឹក-៩ព្រឹក៣ៈ៣០រសៀល-៧ល្ងាចផ្ទះលេខ៧៩A/B ផ្លូវ៩៥ សង្កាត់បឹងកេងកងទី៣ ខ័ណ្ឌបឹងកេងកង រាជធានីភ្នំពេញ
  • English

អាល់ល្លែកហ្ស៊ីចំណីអាហារ (Food Allergy)

អាល់ល្លែកហ្ស៊ីចំណីអាហារ (Food Allergy)

ខែ​វិច្ឆិកា 20, 2020 by Ros Prach Ponlu0

ការទាស់ចំណីជាពាក្យដែលយើងគ្រប់គ្នាបានឮបានយល់ ពោលគឺសំដៅទៅលើការបរិភោគចំណីរួច អ្នកបរិភោគមានសញ្ញាដូចជា រមាស់បំពង់ក ក្អក រមាស់កណ្លើត ហើមបបូរមាត់ រមាស់ច្រមុះ កណ្ដាស់ ហៀរសំបោររហូតដល់ហើមពោះ ក្អួតចង្អោរ រាគជាដើម។

ពាក្យនេះគឺការបូករួមបញ្ចូលសញ្ញាទាំងអស់ដែលគេមិនទាន់ចែកឲ្យដាច់អ្វីជាអាល់ល្លែកហ្ស៊ី អ្វីទៅជាការទាស់ចំណីពិតប្រាកដ។ពាក្យនេះវាសមស្របជាមួយពាក្យដែលវិជ្ជាស្ថានសុខាភិបាលអាមេរិកផ្នែកអាលល្លែកហ្ស៊ី និងជំងឺឆ្លង(NIH = National Institutes of Health)ថាជាប្រតិកម្មចំណីអាហារ “An adverse food reaction”។ពាក្យនេះមានអត្ថន័យថាការទាស់ចំណីនេះ មកពីអាល់ល្លែកហ្ស៊ីចំណី ( food allergy) ឬក៏មកពីការទាស់ចំណី (food intolerance)។

បើនិយាយតាមបែបវិទ្យាសាស្ដ្ រពាក្យថាអាល់ល្លែកហ្ស៊ីលុះត្រាណាតែប្រតិកម្មទាំងឡាយណាដែលកើតមានឡើងពីការជួបប្រទះរវាងអាល់ ល្លែកហ្សែន (allergen)ជាមួយនិងអង្គបដិបក្ខ(IgE) វាជា ​IgE-mediated hypersensitivity reaction​​ វាអាចមានក្នុងអត្រាពី ២០ទៅ៣០% ដែលយើងអាចនិយាយបានថាជាអាល់ល្លែកហ្ស៊ីចំណីអាហារ។

ចំណែកឯការទាស់ចំណី(food intolerance) វិញគឺមិនមិនមែនជាប្រតិកម្មបែប ​IgE-mediated reaction នោះទេពោលគឺជា​ nonimmunologic​​  ​​​mechanisms ។ការទាស់ចំណីវាមានលក្ខណៈផ្សេងពីនេះ ឧទាហរណ៍ពោះវៀនមនុស្សដែលជាទីកន្លែងប្រព្រឹត្តិកម្មនូវរាល់ចំណីអាហារសំរាប់ចញ្ចឹមរាង្គកាយយើងមិនមានសារជាតិអង់ហ្ស៊ីម (enzyme)​ ដែលអាចបំបែកម៉ូលីគុលអាហារដែលយើងបរិភោគចូលទៅបាន។​ឧទាហរណ៍អ្នកខ្លះមិនអាចទទួលទានទឹកដោះគោ បានដោយសារពោះវៀនអ្នកនោះមិនមានអង់ហ្ស៊ីមម៉្យាងហៅថាឡាក់តាស៍ (lactase) សំរាប់បំបែកជាតិឡាក់តូស៍ (lactose) ដែលជាជាតិស្ករម៉្យាងនៅក្នុងទឹកដោះគោ។ការដែលមិនអាចទទួលបានវាអាចបង្កទៅជាហើមពោះ ទល់ពោះ រហូតដល់រាគក៏មាន។

ចុះការពុលចំណី(food poisoning)វិញវាមានលក្ខណៈបែបណាដែរ? វាជាលក្ខណៈដោយឡែកមួយទៀតពោលគឺចំណីអាហារអាចមានសារជាតិ ពុលដែលអាចបង្កប្រតិកម្មដល់សរីរាង្គបានដូចជាពពួក sulfites(សារជាតិដែលសំរាប់ការរក្សាចំណី មានបន្លែស្រស់ ស្រា ស្រាបៀ ជាដើម monosodium glutamate (ប៊ីចេង) និងសារជាតិពុលរបស់មេរោគឬក៏ការឆ្លងមេរោគតែម្ដង។រោគសញ្ញានៃការពុលចំណីក៏បណ្ដាលឲ្យក្អួតចង្អោរ រាគ ផង។

ប្រតិកម្មកើតចេញពីអាល់ល្លែកហ្ស៊ីចំណី៖

  • ប្រទាលត្រអាក​ (urticaria)
  • ហើមមុខ ហើមមាត់ បំពង់ខ្យល់ (angioedema)
  • សញ្ញាផ្លូវដង្ហើមខាងលើ៖ រមាស់ច្រមុះ បំពង់ក ហឺត រលាកសៃណឹស(rhinosinusitis)​
  • ស្បែក៖ ត្អក (eczema)
  • ពេលខ្លះរហូតដល់ អាណាហ្វីឡាក់ស៊ី​ (anaphylaxis)

វិធីការពារ៖

  • ការការពារជាមធ្យោបាយមួយដ៏មានប្រសិដ្ឋភាពខ្ពស់ តែមុននិងការពារយើងត្រូវតែដឹងចំណីអាហារណាដែលអាចមានប្រតិកម្ម ដូចនេះគួរតែយើងកត់តើសំគាល់ដោយខ្លួនឯង។
  • គេអាចមានការធ្វើតេស្តពីចំណីណាដែលអាចសង្ស័យដូចជាតេស្តដូចជា​ (skin prick test, patch test, radioallergosorbent test, total Ig-E, sIg-E, food challenge)ជាដើម។តែតេស្ដទាំងនោះវាអាចតម្លៃថ្លៃ មិនមែនជាតេស្តទូទៅ និងពេលខ្លះត្រូវធ្វើតេស្ដដូចជា food challenge ជាដើមតែតេស្ដគេត្រូវធ្វើវនៅមន្ទីរពេទ្យ ព្រោះវាអាចឲ្យមានគ្រោះថ្នាក់។
  • បើយើងសំគាល់ដឹងថាយើងប្រតិកម្មជាមួយនឹងចំណីណាមួយ យើងត្រូវប្រយ័ត្នដាច់ខាត បើមិនដូច្នោះទេវាអាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងររហូតដល់ជីវីតបាន។
  • ចាំបាច់ត្រូវពិនិត្យផ្លាកចំណីអាហារនៅលើកញ្ចប់ កំប៉ុងឬដបដែលផ្ទុកនូវសារជាតិដែលយើងអាចប្រតិកម្មជាមួយ។
  • នៅប្រទេសជឿនលឿន បើគេដឹងថាគេអាល់ល្លែកហ្ស៊ីជាមួយចំណីឬសារជាតិណាមួយ(ដូចជាពិសឪម៉ាល់) គេមានថ្នាំជាប់ជាមួយខ្លួនគេជាប្រចាំ ដែលកញ្ចប់នោះគេហៅថា​ (Allergy kit) សំរាប់ចាកភ្លាមៗដោយខ្លួនឯងបាននៅពេលណាដែលគេជួបប្រទះនូវបញ្ហា។

ចំណីអាហារដែលបង្កអាល់ល្លែកហ្ស៊ី (កូនក្មេងនិងមនុស្សចាស់ )៖

  • ទឹកដោះគោ
  • ស៊ុត
  • សណ្ដែកដី
  • សណ្ដែកសៀង
  • ស្រូវសាលី
  • ត្រី
  • គ្រាប់ផ្លែឈើ
  • គ្រឿងសមុទ្រ

ចំណាំ៖

ការសិក្សាបានបង្ហាញថារាល់ចំណីដែលបង្កអាល់ល្លែកហ្ស៊ី ច្រើនតែសាបរលាបទៅឯងៗទៅតាមពេលវេលា លើកលែងតែ សណ្ដែកដី គ្រាប់ផ្លែឈើ និងចំណីសមុទ្រ។ ប្រតិកម្មកម្រមានជាមួយចំណីអាហារក្នុងក្រុមប្រភេទផ្សេងណាស់ ឧទាហរណ៍ អាល់ល្លែកហ្ស៊ីជាមួយគ្រឿងសមុទ្រមិនអាចអាល់ល្លែកហ្ស៊ីជាមួយនិងគ្រាប់ផ្លែឈើ។នៅប្រទេសជឿនលឿនមួយចំនួន គេអាចសង្កេតឃើញមានអាល់ល្លែកហ្ស៊ីជាមួយសណ្ដែកដីដែលអាចប៉ះពាល់ដល់អាយុជីវិតបាន។

ឯកសារយោង៖

  1. Manual of Allergy and Immunology, Fourth Edition, Daniel C. Adelman, Thomas B. Casale
  2. Managing Allergic Patient, John H. Krouse, M. Jennifer Derebery
ប្រទាលត្រអាក
Urticaria​(លើស្បែក)
ប្រទាលត្រអាក  Urticaria(លើស្បែក)
ការហើមបណ្ដាលពីអាល់ល្លែកហ្ស៊ីចំណី
(Angioedema)
ការហើមបណ្ដាលមកពីអាល់ល្លែកហ្ស៊ីចំណី
(Angioedema)