+855 12 848 929ros.prachponlu@gmail.comចន្ទ-សៅរ៍ ៧ព្រឹក-៩ព្រឹក៣ៈ៣០រសៀល-៧ល្ងាចផ្ទះលេខ៧៩A/B ផ្លូវ៩៥ សង្កាត់បឹងកេងកងទី៣ ខ័ណ្ឌបឹងកេងកង រាជធានីភ្នំពេញ
  • English

តេស្តដើម្បីរកអាល់លែកហ្ស៊ី

តេស្តដើម្បីរកអាល់លែកហ្ស៊ី

ខែ​តុលា 11, 2021 by Ros Prach Ponlu0

ការធ្វើតេស្ដដើម្បីដឹងថាមានអាល់លែកហ្ស៊ីជាការចាំបាច់។​តែបើក្នុងករណីយដែលយើងមិនមានមធ្យោបាយក៏វាមិនចាំបាច់អ្វីណាស់ណាដែរ។

តេស្ដសំរាប់ឲ្យដឹងថាមានអាល់លែកហ្ស៊ីមានច្រើនយ៉ាង។​​មានតេស្ដដែលធ្វើនៅលើស្បែក​ នៅមានតេស្តដែលតម្រូវមើលក្នុងឈាម។តើតេស្តណាមួយដែលមានសារៈសំខាន់ជាង?យើងមិនអាចនិយាយថាតេស្តណាមួយសំខាន់ជាងតេស្តណាទេ តែវាមានលក្ខណៈពិសេសរបស់វា។

តេស្តលើស្បែក (Skin Prick Test)

តេស្តនេះធ្វើឡើងនៅលើស្បែកដោយប្រើឧបករណ៏ មានរាងជាបន្ទះមានដែលមានភ្ជាប់ម្ជុលតម្រៀបជា២ជួរ ។ម្ជុលដែលតម្រៀបជាជួរនៅលើបន្ទះនោះត្រូវគេជ្រលក់ក្នុងបំពង់ដែលមាន អាល់លែកហ្សែន (allergen: ជាសារជាតិបង្កអាចឲ្យមានអាល់លែកហ្ស៊ីបាន)។បន្ទាប់ពីបានជ្រលក់ក្នុងបំពង់ allergen​ រួច​គេចាក់នៅលើស្បែក រួចទុករយៈ១៥នាទី។​បន្ទាប់ពីនេះគេអាចមើលប្រតិកម្មដែលចេញជាកន្ទួលនៅលើស្បែកមានវិជ្ឈមាឌស្មើនឹងឬលើសពី១៥មីលីម៉ែត្រ (វិជ្ឍមាឌ<១៥មីលីម៉ែត្រសន្មតថាអវិជ្ជមាន) នៅពេលនោះគេសន្មត់ថាជាប្រតិកម្មជាវិជ្ជមាន។គេអាចសន្ឋិដ្ឋានថាអ្នកមានអាល់លែកហ្ស៊ីជាមួយនឹងអ្វីខ្លះតាមចំណុចវិជ្ជមាននៅលើបំពង់ដែលគេបានផ្សើមជាមួយ allergen ណាមួយ ឧទាហរណ៍ប្រតិកម្មវិជ្ជមាននៅកន្លែងអាលលែកហ្សែនអាចម៍កន្លាត នោះគេសន្មតថា​អ្នកជំងឺមានអាល់លែកហ្សីជាមួយអាចម៍កន្លាត។

តេស្តលើឈាម​ (Allegy Blood Test)

តេស្តនេះធ្វើឡើងដោយគ្រាន់តែបូមឈាមរួចបញ្ជូនទៅមន្ទីពិសោធន៏ជាការស្រេច។

តេស្តទាំងនោះមាន៖

– Enzyme-linked immunosorbant essay (ELISA, or EIA)

– Radioallergosorbent test (RAST)

គេធ្វើតេស្តទាំងនេះដើម្បីរកអង្គបដិបក្ខ (antibody=IgE)ដែលទាក់ទងទៅនឹង allergen ដែលបង្កឡើង។ គេក៏អាចរកឃើញក្នុងឈាមតាមរយៈការឡើងខ្ពស់របស់ eosinophil នៅក្នុងឈាមសបានដែរ តែបើចង់ដឹងច្បាស់ប្រតិកម្មជាមួយអាល់លែកហ្សែនណាមួយ យើងមិនអាចដឹងបានទេ។

លក្ខណៈរបស់តេស្ដនិមួយៗ ផលវិជ្ជមាន​ និងអវិជ្ជមាន៖

ផលវិជ្ជមាន

– តេស្តនៅលើស្បែកវារហ័ស​(skin prick test) មានតម្លៃសមរម្យ​​​និងអាចនិយាយថាមានប្រសិទ្ធភាពគួរទទួលយកបានខ្ពស់ ព្រោះលទ្ធផលវាស្ដែងចេញពីបំពង់ដែលមាន allergen​ដែលគេស្គាល់វារួចស្រេច។មុននឹងធ្វើតេស្ដនេះគេមិនអនុញ្ញាតឲ្យអ្នកជំងឺប្រើថ្នាំប្រភេទ (antihistamines) ។លទ្ធផលតេស្ដនេះអាចចេញក្នុងរយៈពេល១៥នាទី។

-តេស្តឈាម(blood testing for allergy)អាចធ្វើបានគ្រប់ពេលទោះជាអ្នកជំងឺប្រើថ្នាំអ្វីក៏ដោយនិងទោះបីជាអ្នកមានជំងឺមួយដូចជា​ ជំងឺបេះដូងមិននឹងន ជំងឺហឺត ជំងឺសើស្បែកជាដើមនិងសំខាន់ជាងទៅទៀតនោះគឺទោះបីជាអ្នកធ្លាប់មានប្រតិកម្មខ្លាំងជាប្រភេទ​(anaphylaxis)នឹងសារជាតិណាមួយក៏ដោយ ។ វាជាការងាយស្រួលដោយគ្រាន់តែបូមឈាមតែម្ដងជាការស្រេច មានការឈឺចាប់តិចជាងតេស្តលើស្បែក។ តេស្តនេះគេច្រើនប្រតិបត្តិនៅលើកូនក្មេងនិង​កូនតូចៗ។

ផលអវិជ្ជមាន

​ តេស្តនៅលើស្បែកមុននឹងធ្វើវាតម្រូវឲ្យអ្នកជំងឺឈប់ប្រើថ្នាំប្រភេទការពារអាល់លែកហ្ស៊ី ឧ៖ ពពួក Cetirizine, ​Desloratadine, Fexofenadine, Ebastine ជាដើម។ អ្នកខ្លាចរអារជាមួយបន្ទះម្ជុលច្រើន។តេស្តនេះអាចបណ្ដាលឲ្យមានប្រតិកម្មខ្លាំងanaphylaxis​ និងអាចមានប្រតិកម្មនិងបង្កគ្រោះថ្នាក់ដល់ជីវិតបាន។

តេស្តឈាមអាចមានការឈឺចាប់ខ្លះ អាចមានឈាម និងស្នាមជាំនៅកន្លែងបូម។តេស្តនេះមានតម្លៃថ្លៃ ត្រូវប្រើពេលយូរ។ ពេលខ្លះក៏វាមានលទ្ធផលមិនគ្រប់គ្រាន់សំរាប់ដឹងថាមានអាល់លែកហ្ស៊ីបានដែរ ព្រោះមានប្រតិកម្មខ្លះវាស្ដែងចេញតែតាមរយៈតេស្លលើស្បែកប៉ុណ្ណោះ។

ឯកសារយោង៖

– Blood Testing For Allergies, WebMD, by Kelli Miller, January 19, 2021

– Managing Allergic Patient, John H. Krouse, M. Jennifer Derebery, Stephen J. Chadwick