សរីរាង្គខាងក្រៅរបស់ត្រចៀក
ពាក្យថាត្រចៀកខាងក្រៅគឺរាប់ចាប់ពីស្លឹកត្រចៀរហូតដល់ក្រដាសខាងក្នុង។ស្លឹកត្រចៀមាន សណ្ឋានជាចង្អូរក្រវិកក្រវក់ ជង្ហុក មានរន្ធនិងរោម។ចំណែកឯរន្ធមានជម្រៅប្រហែល២,៥សង់ទីម៉ែត្រ មានទំហំតូចធំទៅ ខ្លះត្រង់ខ្លះវៀច ទៅតាមមនុស្សផ្សេងគ្នា ។សំណើមដែលមានក្នុងរន្ធត្រចៀកនិមួយៗក៏ខុសគ្នាដែរ មានស្ងួត សើមល្មម សើមបង្គួរ។
តើអាចម៍ត្រចៀកកើតមកពីអ្វី? វាកើតមកអំពីការរួមផ្សំនៃជាតិខ្លាញ់(sebum)ដែលបញ្ចេញដោយក្រពេញ sebaceous glands & apocrine glands) ។ជាទូទៅអាចម៍ត្រចៀកមានពណ៌ព្រឿងទៅត្នោតទុំ អាចម៍ត្រចៀកខ្លះទន់ជ្រាយ អាចម៍ត្រចៀកខ្លះរឹងល្មម តែអាចមានសណ្ឋានរឹងដែរ ។
កុំសូមច្រឡំជាមួយនឹងស្បែកងាប់ដែលកើតដោយសារការត្បារសំអាតឬឆ្កឹះញឹកញាប់ពេក វាមានសណ្ឋានជាស្រទាប់ស្ដើងៗព័ទ្ធជុំវិញរន្ធ។
របៀបថែទាំ៖
ហាមត្បារឬឆ្កឹះដោយឧបករណ៍រឹង វត្ថុមុតស្រួច (អាចដាច់ក្រដាសត្រចៀក)
ហាមត្បារញឹកញាប់ព្រោះនាំឲ្យខូចបរិស្ថាន(pH)របស់រន្ធត្រចៀកបាន។អាចបង្កដាច់ស្បែកនាំមេរោគចូល (អាចបង្កជាបូសបាន)
ហាមប្រើប្រដាប់ត្បារត្រចៀករបស់អ្នកដ៏ទៃ (អាចកើតជំងឺផ្សិតបាន)
សូមបញ្ជាក់ថា អាចម៍ត្រចៀកកើតត្រឹមស្បែកដែលមានក្រពេញបញ្ចេញខ្លាញ់ស្ថិតប្រហែល០,៨សង់ទីម៉ែតពីមាត់រន្ធតែប៉ុណ្ណោះ។អាចម៍ត្រចៀក ក៏ដុចជារាល់កំទេចឬផង់ធូលីដែលនៅក្នុងរន្ធ ស្បែកត្រចៀកមានសមត្ថភាពបញ្ចេញដោយស្វ័យប្រវត្តិដោយមិនចាំបាច់យើងសំអាតវាឡើយ។
ត្រចៀកជាវិញ្ញាណសំរាប់ត្រងសម្លេងពីពិភពខាងក្រៅ។ត្រចៀកដែលយើងនិយាយឲ្យចំគឺមាន៣ផ្នែក៖
ត្រចៀកខាងក្រៅដោយចាប់ពីស្លឹកត្រចៀកដល់ក្រដាសត្រចៀក
ត្រចៀកកណ្ដាលដែលមានកូនឆ្អឹង៣ដុំ មានសណ្ឋានប្រហាក់ប្រហែលនឹងប្រអប់ដែលនៅចន្លោះត្រចៀកណ្ដាលនិងក្នុង
ត្រចៀកក្នុងមាន២ផ្នែក មួយផ្នែកសំរាប់ស្ដាប់មានសណ្ឋានដូចគូថខ្យង មួយផ្នែកទៀតសំរាប់រក្សាលំនឹង
ផ្នែកទាំង៣របស់ត្រចៀកនេះមានសារៈសំខាន់ក្នុងការទទួលប្រភពសម្លេង ដែលផ្នែកនិមួយៗដែលមានមុខងារច្បាស់លាស់(ត្រចៀកក្រៅនិងត្រចៀកកណ្ដាលមានមុខងារក្នុងការបញ្ជូន)ជាឋាមពលម៉េកានិក ឯត្រចៀកក្នុងមានភារៈបំប្លែងឋាមពលម៉េកានិកទៅជាថាមពលជីវអគ្គិសនីដែលចុងក្រោយយើងអាចឮបានហើយអាចដឹងពីប្រភពមកពីខាងណា ប្រភេទសម្លេង(សម្លេងមនុស្ស ឧបករណ៍ភ្លេងឬក៏សត្វជាដើម) ប្រភព និងកំរិតសម្លេងខ្ពស់ទាប ។ដើម្បីយើងអាចស្ដាប់សម្លេងបានលុះត្រាណាតែផ្នែកនិមួយៗរបស់ត្រចៀកមិនមានខូចខាតឬប៉ះពាល់ដោយប្រការណាមួយ។ជាធម្មតាការស្ដាប់និងការនិយាយក្នុងជីវភាពប្រចាំថ្ងៃមានកំរិតជាអាំងតង់ស៊ីតេមានពី៣០dBដល់៧០dB (dB=decibel ជាឯកតាអាំងតង់ស៊ីតេសម្លេង) ក្នុងរលកធាតុអាកាសពី ២៥០Hz ដល់៤០០០ Hz (Hz= Hertz ជាឯកតារលកធាតុអាកាស)។ជាទូទៅរលកសម្លេងដែលគេនិយមនិយាយមានពី៥០០Hzដល់២០០០Hz។ប្រសិនក្នុងករណីណាដែលសម្លេងដែលយើងស្ដាប់ដែលយើងទទួលលើសពីកំរិតនេះ វាអាចឲ្យមានការប៉ះពាល់ដល់ប្រព័ន្ធសោតវិញ្ញាណដែលនាំបង្កឲ្យធ្លាក់សមត្ថភាពនៃការស្ដាប់ឬអាចបណ្ដាលឲ្យហ៊ឹងត្រចៀកនិងឲ្យខូចលែងស្ដាប់បានតែមដង។
របៀបបង្កានិងថែទាំ៖
ការពារដូចបានរៀបរាប់ដូចប្រការខាងលើ
ហាមមុជទឺកជ្រៅ(២ម៉ចុះក្រោម)ដោយមិនមានឧបករណ៍ការពារ
ហាមប្រើប្រាស់អាវុធឬសារធាតុផ្ទុះដោយមិនមានប្រដាប់ការពារ
ហាមការប្រឈមនឹងសម្លេងខ្លាំងៗដូចជាក្នុងការប្រគុំតន្ត្រី(concert)
ហាមពាក់ podcast ដែលបន្លឺសម្លេងខ្លាំង ឬ កំរិតសម្លេងខ្សោយតែប្រើរយៈពេលយូរ
ប្រុងប្រយ័ត្នឬជៀសវាងនូវកីឡានិងល្បែងណាដែលអាចបង្កគ្រោះថ្នាក់ដល់ក្បាល
រក្សាកំរិតជាតិស្ករក្នុងឈាម សម្ពាធឈាមឲ្យស្ថេរ
ហាមសេពគ្រឿងស្រវឹង
បើមានជំងឺត្រចៀកក្នុងផ្នែកណាមួយត្រូវប្រញាប់ប្រញាល់ព្យាបាលភ្លាម
ចំពោះកូនក្មេងត្រូវចាក់វ៉ា់ក់សាំងការពារជំងឺផ្ដាសាយ ស្អូច រលាកស្រោមខួរ
ជៀសវាងការព្យាបាលដោយជំនឿដែលមិនស្របនឹងវិទ្យាសាស្ដ្រ
មុខងាររក្សាលំនឹងរបស់ត្រចៀកខាងក្នុង
ដងខ្លួនមនុស្សយើងអាចឈរ និងរក្សាលំនឹងបានដោយសារមុខងារស៊ីសង្វាក់គ្នារវាងមុខងាររបស់សរីរាង្គ៣រួមមាន ៖
ត្រចៀកក្នុង(inner ear)ដែលមាន២ផ្នែក ១ផ្នែកសំរាប់បម្រើការស្ដាប់ (auditive system) និង១ផ្នែកទៀតសំរាប់ការរក្សាលំនឹង (vestibular system)
ប្រព័ន្ធសាច់ដុំកនិងប្រព័ន្ធសាច់ដុំនិងសន្លាក់ (cervical musculature & extensor musculature)
ប្រព័ន្ធភ្នែក (visual system)
ប្រព័ន្ធទាំង៣នេះ មានសារៈសំខាន់ក្នុងការរក្សាជំហរ លំនឹងដងខ្លួន និងសាច់ដុំ នៅពេលណាប្រព័ន្ធទាំង៣មានតុល្យភាពនឹងគ្នា។បើប្រព័ន្ធណាមួយនេះមានបញ្ហា ជំហរ លំនឹង ក៏មានបញ្ហាដែរ។
នៅក្នុងត្រចៀកក្នុងដែលមានមុខងារសំខាន់ក្នុងការរក្សាលំនឹងមានបំពង់តូចៗ៣ដែលស្ថិតនៅលើប្លង់៣ស្ទើរតែកែងនឹងគ្នា។ប្លង់ទាំងនោះគឺប្លង់មុខ-ក្រោយសំរាប់ទទួលរំញោចនៃចលនាមុខក្រោយរបស់ក្បាល ប្លង់ឆ្វេង-ស្ដាំសំរាប់ទទួលរំញោចនៃចលនាឆ្វេងស្ដាំរបស់ក្បាលក្បាល ប្លង់រាប(ប្លង់រាបស្មើរ)សំរាប់ទទួលរំញោចនៃចលនាងាកឆ្វេងស្ដាំរបស់ក្បាល។ដូចនេះប្លង់ទាំង៣ដែលបានរៀបរាប់ខាងលើទទួលមុខងាររក្សាលំនឹងនៃដងខ្លួនទាំងមូលទោះជាក្បាលមានទំនោរទៅទិសណាមួយដោយ។នៅក្នុងបំពង់ទាំង៣នេះមានកោសិការល្អិតៗដែលជាអ្នកទទួលការរំញោចនៃប្លង់និមួយៗ។បើមានកោសិការនៅក្នុងបំពង់និមួយៗមានបញ្ហា ការរក្សាលំនឹងក៏មានបញ្ហាដែរ។គេមិនត្រឹមសិក្សាតែត្រចៀកម្ខាងនោះទេ ពោលគឺទាំងសងខាង។
ការរក្សាជំហរឬលំនឹងមិនអាស្រ័យតែមុខងារបស់ត្រចៀកខាងក្នុងមួយមុខទេ តែវាក៏អាស្រ័យលើមុខងាររបស់ក្បាលដែរ។ តែភាគច្រើនជំងឺវិលមុខច្រើនតែបង្កដោយត្រចៀកខាងក្នុង។
របៀបថែទាំត្រចៀកក្នុងក៏មានលំនាំដូចរបៀបការពារត្រចៀកកណ្ដាលដែរ។
រូបភាពត្រចៀកក្នុង
សូមមើលអត្ថបទ៖
. ជំងឺវិលមុខ
. ត្រចៀកហ៊ឹង
ឯកសារយោង៖
OTOLARYNGOLOGY, The Essentials, Allen M Seidn Thomas A. Tami
Current Diagnosis & Treatment, OTOLARYNGOLOGY, Head and Neck surgery Anil K. LALWANI
Practical Otology, Daniel J. Pender
Précis d’audiométrie Clinique, Michelle Portmann, Claudine Portmann