+855 12 848 929ros.prachponlu@gmail.comចន្ទ-សៅរ៍ ៧ព្រឹក-៩ព្រឹក៣ៈ៣០រសៀល-៧ល្ងាចផ្ទះលេខ៧៩A/B ផ្លូវ៩៥ សង្កាត់បឹងកេងកងទី៣ ខ័ណ្ឌបឹងកេងកង រាជធានីភ្នំពេញ
  • English

ត្រចៀក / គ្លីនិកបូកគោ


ខែ​ឧសភា 24, 2022 Ros Prach Ponluត្រចៀក

ជំងឺថ្លង់ប្រភេទនេះជាការថ្លង់បណ្ដាលមកពីការប៉ះពាល់ឬការខូចរបស់ត្រចៀកក្នុងដែលមានមុខងារសំខាន់ក្នុងការស្ដាប់ឮនិងយល់បាននូវសម្លេង។សូមបញ្ជាក់ឲ្យបានច្បាស់ថាការស្ដាប់ឮតែមួយមុខវាមិនគ្រប់គ្រាន់ក្នុងការស្ដាប់បាននូវភាសានោះទេ លុះត្រាតែសម្លេងដែលឮហើយត្រូវបំប្លែងនៅក្នុងមណ្ឌលកណ្ដាលនៃភាសាទើបអាចយល់បាននូវ ពាក្យ ប្រយោគ និង ភាសាបាន។ ដូចជាករណីខ្លះអ្នកជំងឺគាត់បានសួរថាគាត់បានឮសម្លេងហេតុដូចម្ដេចបានជាគាត់ស្ដាប់មិនបាន?។ នេះមកពីត្រចៀកក្នុងរបស់គាត់មានបញ្ហាម្ខាងឬទាំង២ខាង។

មូលហេតុចំបងៗដែលបណ្ដាលឲ្យមានជំងឺថ្លង់នេះមានជាអាទិ៍៖

  • ជំងឺថ្លង់តាមអាយុ ភាគច្រើនចាប់ពីអាយុ​៥០ឡើង
  • ជំងឺថ្លង់បណ្ដាលមកពីប៉ះពាល់ឬប្រឈមនឹងសម្លេងខ្លាំងឬរយៈពេលយូរ
  • ជំងឺថ្លង់បណ្ដាលមកពីការប្រើថ្នាំដែលអាចឲ្យប៉ះពាល់ត្រចៀកក្នុង
  • ជំងឺ Menière​ (វិលមុខ ហ៊ឹងត្រចៀក ណែនត្រចៀក ការស្ដាប់ចុះខ្សោយ)
  • ការរលាកត្រចៀកក្នុងដោយវីរុស ដោយមេរោគ
  • គ្រោះថ្នាក់ដែលបណ្ដាលឲ្យប្រេះស្រាំឆ្អឹង​ Temporal ជាឆ្អឹងដែលនៅក្នុងនោះមានត្រចៀកក្រៅ កណ្ដាល និង ក្នុង
  • ត្រចៀកក្នុងដែលមានលក្ខណៈមិនគ្រប់គ្រាន់ពីកំណើត ។ល។

 

ចំណាត់ថ្នាក់នៃការបាត់បង់     ចំណាត់កំរិនៃការថ្លង់ដែលបណ្ដាលមកពីត្រចៀកក្រៅនិងត្រចៀកកណ្ដាលមួយបែបហៅថា (Conductive Hearing Loss=CHL) ការថ្លង់ដែលបណ្ដាលពីត្រចៀកក្នុងមួយបែបហៅថា (Sensi-Neural Hearing Loss= SNHL)

ចំណែកប្រភេទចម្រុះ(Mix Hearing Loss)គឺចការថ្លង់របស់ប្រព័ន្ធត្រចៀកកណ្ដាលរួមនិងប្រព័ន្ធត្រចៀកក្នុង។ឧទាហរណ៍ ការថ្លង់ចំពោះអ្នកមានជំងឺអំបៅអំបែករួមនិងជំងឺថ្ងង់មនុស្សចាស់។

សូមមើលអត្ថបទ៖

. ជំងឺថ្លងដែលបណ្ដាលមកពីត្រចៀកក្រៅនិងកណ្ដាល

ឯកសារយោង៖

Otolaryngology, The Essentials,

Allen M Seiden, Thomas A. Tami



ខែ​ឧសភា 20, 2022 Ros Prach Ponluត្រចៀក

សូមរំលឹកឡើងវិញបន្តិចពីប្រដាប់បញ្ជូនសម្លេងរបស់ត្រចៀក​ ក្នុងនោះមានរន្ធត្រចៀក ក្រដាសត្រចៀក និងត្រចៀកកណ្ដាលដែលនៅក្នុងនោះមានកូនឆ្អឹងតូចៗ៣។ក្នុងករណីយដែលមានបញ្ហាក្នុងប្រព័ន្ធនោះ ការស្ដាប់ត្រូវបានរំខានក្នុងកំរិតស្រាល បង្គួរ ឬធ្ងន់ទៅតាមបញ្ហាដែលបង្កឡើង។ការរំខាននោះយើងហៅថាត្រចៀកធ្ងន់(ស្ដាប់មិនសូវច្បាស់ក្នុងកំរិតពីស្រាលទៅធ្ងន់) តែវាមិនដល់ថ្នាក់ថ្លង់នោះទេ។

ផលរំខានទាំងនោះអាចមានជាទូទៅដូចជា៖

-​អាចម៍ត្រចៀកដែលស្ទះក្នុងរន្ធ

– ផ្សិតត្រចៀក

– របស់ដូចជា កៅស៊ូ ប្លាស្ទិក គ្រាប់ឃ្លីកង់ជាប់ស្ទះក្នុងរន្ធត្រចៀក

– រលាកក្រដាសត្រចៀក ធ្លុះក្រដាសត្រចៀក ដោយគ្រោះថ្នាក់ ដោយអំបៅអំបែក

– ជំងឺក្នុងត្រចៀកកណ្ដាល ដូចជាជំងឺដក់ទឹកក្នុងត្រចៀកកណ្ដាល

– ការភ្លាត់កូនឆ្អឹងត្រចៀកដោយគ្រោះថ្នាក់ជាដើម

ការស្ដាប់ធ្លាក់ចុះក្នុងក្រុមនេះមានកំរិតស្រាល ធ្ងន់ទៅតាមកំរិតនៃការប៉ះពាល់ឬការខូចខាត។

គេអាចវាយតម្លៃនៃការស្ដាប់ក្នុងកំរិតណានោះគេអាចធ្វើតេស្តត្រឹមសាកល្បងជាមួយអ្នកជំងឺ ប៉ុន្តែឲ្យមានសុក្រិតភាពគេត្រូវតេស្តជាមួយម៉ាស៊ីន (Audiometer) ។លទ្ធផលនៃតេស្តអាចវាយតម្លៃបានបានល្អជាង។ គេកំណត់ dB​(decibel) ជារង្វាស់ឯកតាអាំងតង់ស៊ីតតេសម្លេង។

ជាទូទៅកំរិតនៃការធ្លាក់ចុះវាមិនលើសពី៤០​dBក្នុងការសន្ទនាធម្មតា​ ក្នុងរលកសម្លេង​ ៥០០ដល់២០០០Hz មានន័យអ្នកជំងឺមិនមានបញ្ហាអ្វីក្នុងការស្ដាប់នោះទេ។​ សូមមើលតារាងខាងក្រោម។

ចំណាត់ថ្នាក់នៃការបាត់បង់សមត្ថភាពនៃការស្ដាប់៖

Adults (Goodman, 1965)
≤ 25dB Normal                                 ធម្មតា
26-40dB Mild​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​                                       ស្រាល
41-55dB Moderate           ​​​                    មធ្យម
56-70dB Moderately severe                  លើសមធ្យម
71-90dB Severe                                    ធ្ងន់
91+dB Profound                                  ធ្ងន់ខ្លាំង

 

ឯកសារយោង៖

Diagnostic Audiology, Pocket Guide

James Steiger, Erin L. Miller



ខែ​វិច្ឆិកា 24, 2020 Ros Prach Ponluត្រចៀក0

ជាធម្មតាការរស់ណៅប្រចាំថ្ងៃរបស់ យើងមិនឮសម្លេងអ្វីក្នុងត្រចៀកឡើយក្រៅអំពីការស្ដាប់នូវសម្លេងដែលនៅបរោស្ថានជុំវិញ។​សម្លេងដែលឮគឺមានប្រភពមកពីខាងក្រៅ។កាលបើយើងឮសម្លេងក្នុងត្រចៀកឬនៅក្នុងក្បាល គេសន្មត់ថាជាការហ៊ឹងត្រចៀក។ភាគច្រើនការហ៊ឹងត្រចៀកច្រើនតែឮនៅក្នុងត្រចៀកម្ខាង តែអាចមានសងខាង។ការដែលឮសម្លេងនៅក្នុងក្បាលកើតឡើងដែរតែដោយកម្រ។

សម្លេងដែលសន្មត់ថាជា “ហ៊ឹង” គឺជាសូរដែលមានលក្ខណៈដូចជា ៖ សម្លេងរៃយំ សម្លេងកប៉ាល់ សម្លេងពស់វែក។ល។ តែពាក្យថាហ៊ឹងនេះអាចមានការច្រឡំថាហ៊ឹងដែរ តែប្រការនេះមានសណ្ឋានដូចជាទឹកចូលវិញ ហើយមូលហេតុផ្សេងពីគ្នា ហើយការពញយបាលក៏ខុសគ្នាដែរ។​ក្រុមនេះមានមូលហេតុចេញពីត្រចៀកក្រៅនិងត្រចៀកកណ្ដាល។

ប្រភពដែលបង្កឲ្យហ៊ឹងត្រចៀកមានច្រើន អាចមកពីត្រចៀកក្រៅ ត្រចៀកកណ្ដាល ត្រចៀកក្នុងព្រមទាំងសរសៃបន្តពីត្រចៀកក្នុងទៅខូរក្បាល។

១- ប្រភពពីត្រចៀកក្រៅ

  • អាចម៍ត្រចៀក (រឹង ក្ដាំង )
  • បូសត្រចៀក ផ្សិតត្រចៀក
  • រលាកក្រដាសត្រចៀក
  • វត្ថុផ្សេងៗក្នុងរន្ធត្រចៀកមាន​ ប៉្លាស់ស្ទិក សត្វស្រមោច គ្រាប់អង្កាំជាដើម

  ២- ប្រភពមកពីត្រចៀកកណ្ដាល

  • រលាកត្រចៀកកណ្ដាល
  • រលាកត្រចៀកកណ្ដាលមានដក់ទឹក​ (OME)
  • Otosclerosis
  • ការភ្លាត់កូនឆ្អឹង (ossicular chain disruption)
  • បំពង់ Eustachian tube ចំហ (Patulous eustachian tube)

  ៣- ប្រភពមកពីត្រចៀកក្នុង

  • ជំងឺម៉េនីញែរ (Meniere disease) ជាជំងឺដែលសម្ពាធទឹកក្នុងត្រចៀកក្នុងខ្ពស់
  • ការលាកត្រចៀកក្នុង (Labyrinthitis)
  • ការរលាកបែបរួញស្វិតនៃត្រចៀកក្នុង (Cochlear otosclerosis)
  • ការប៉ះទង្គិចដោយសម្លេង (Acoustic trauma)
  • ការពុលថ្នាំទៅលើត្រចៀកក្នុង(Ototoxicity)
  • ចលនាឈាមរត់មិនស្រួលនៃត្រចៀកក្នុង(Circulatory failure)
  • ការប៉ះទង្គិចក្បាល (Head trauma)

៤- មូលហេតុផ្សេងទៀត

    • ដុំពកសសៃទី៨ក្នុងរន្ធត្រចៀកក្នុង (acoustic neuroma/neurinoma)
    • សម្ពាធឈាមខ្ពស់
    • ផលវិបាកនៃជំងឺទឹកនោមផ្អែម
    • ការមុជទឹកជ្រៅដោយគ្មានឧបករណ៍ការពារ
    • ការប្រឈមនឹងសម្លេងខ្លាំងៗ មានសម្លេងកាំភ្លើង សម្លេងផ្ទុះគ្រប់ប្រភេទ
    • ការប្រឈមនឹងសម្លេងការងារប្រចាំថ្ងៃក្នុងរោងសិប្បកម្ម រោងចក្រ ការដ្ឋាន​ រយៈពេលយូរ

សូមបញ្ជាក់ថាសម្លេងហ៊ឹងដែលឮដែលមានប្រភពពីត្រចៀកក្នុងមានលក្ខណៈ ដូចរៃយំ សម្លេងកប៉ាល់ សម្លេងខ្យល់ សម្លេងពស់វែកដកពពែ ។ល។ សម្លេងទាំងនោះអាចឮខ្សោយនៅពេលថ្ងៃ ឮខ្លាំងនៅពេលយប់ស្ងាត់ អាចពីមធ្យម ឬខ្លាំងរហូតដល់រំខានការសម្រាន្ដ និងមានអារម្មណ៍មួរម៉ៅខ្លាំងនិងស្ដ្រេសទៀតផង។

 ចំណាំ៖

 សម្លេងដែលហ៊ឹងដែលបង្កដោយមូលហេតុត្រចៀកក្រៅនិងកណ្ដាលមានសណ្ឋានខ្ទរ​ហាក់បីដូចមានទឹកចូល ហើយការស្ដាប់មានការប៉ះពាល់ខ្លះដោយស្ដាប់មិនសូវច្បាស់។

ចំណែកសម្លេងហ៊ឹងដែលមានមូលហេតុពីត្រចៀកក្នុងវិញមិនមានលក្ខណៈខ្ទរដូចជាមានទឹកចូលនោះទេ។ពេលខ្លះអាចស្ដាប់បានជាធម្មតា ពេលខ្លះស្ដាប់មិនសូវបានដែរ តែប្រភេទនៃការស្ដាប់មិនបានវាក៏ខុសគ្នាពីប្រភេទខាងលើដែរ។ ការវាស់សមត្ថភាពស្ដាប់ដោយឧបករណ៏ (audiometer) អាចញែកច្បាស់នូវប្រភេទនៃការធ្លាក់ចុះនៃការស្ដាប់។

ការផ្ដល់យោបល់៖ ពីសណាក់គ្រូពេទ្យនិងការណែនាំ

  • ពន្យល់ឲ្យបានច្បាស់អំពីមូលហេតុនៃបញ្ហា
  • ពន្យល់លក្ខណៈនៃសម្លេងដែលឮ (ខ្ទរឬមិនខ្ទរ)
  • ពន្យល់អំពីប្រភេទនៃការធ្លាក់ចុះការស្ដាប់
  • ពន្យល់អំពីការព្យបាល និងការវិវត្តន៍
  • ពន្យល់ឲ្យច្បាស់នូវផលប៉ះពាល់នៃការរស់នៅប្រចាំថ្ងៃនិងគុណភាពនៃជីវិត
  • ការបន្ធូរអារម្មណ៍ដោយការហាត់ប្រាណ លំហែរកាយ បន្ធូរសម្ពាធការងារ
  • ការហាត់បន្ថយស្ត្រេសតាមរបៀបយ៉ូហ្កា (Yoga)
  • ការធ្វើសមាធិ បន្ធូរអារម្មណ៍តានតឹង
  • ការចេះរស់នៅជាមួយវា

ការពន្យល់ទាំងអម្បាលមាណខាងលើត្រូវធ្វើឡើងជាមួយអ្នកជំងឺក្នុងបរិយាកាសស្និទ្ធស្នាលនិងប្រកបដោយវិជ្ជាជីវៈ។

សូមអានអត្ថបទ៖

.បូសត្រចៀក

.​ជំងឺដក់ទឹកក្នុងត្រចៀក

.ការរលាកត្រចៀកកណ្ដាល

 

 

ឯកសារយោង៖

Introduction to AUDIOLOGY, Fourth Edition, Frederick N. Martin



ខែ​វិច្ឆិកា 11, 2020 Ros Prach Ponluត្រចៀក0

វាជាផ្សិតអតិសុខុមប្រាណដែលក៏កើតឡើងនៅក្នុងរន្ធត្រចៀក។វាអាចកើតមាននៅត្រចៀកម្ខាងឬសងខាង។ជាធម្មជាតិផ្សិតអាចដុះទៅបានលុះត្រាណាតែកន្លែងមួយដែលមានលក្ខខណ្ឌសមស្របសំរាប់ការដុះនិងការលូតលាស់របស់វា។

លក្ខខណ្ឌសមស្របនោះមាន៖

  • ត្រចៀកមានសំណើម
  • ត្រចៀកមាន pHអាល់កាឡាំង (alkaline pH)
  • មានការជ្រៀតចូលរបស់ពងផ្សិត(spore)ពីខាងក្រៅដោយមានការចម្លងដូចជាការត្បារសំអាតត្រចៀកនឹង សា្លបមាន់ ផ្កាស្មៅ ប្រដាប់ត្បារត្រចៀកដោយខ្លួនឯងឬដោយជាងកាត់សក់​ឬដោយវត្ថុផ្សេងទៀតជាដើម។

សញ្ញានិងរោគសញ្ញា៖

  • ហ៊ឹងត្រចៀក
  • ស្ដាប់មិនច្បាស់
  • រមាស់ត្រចៀក​និងអាចមានខ្ទុះ
  • ពេលខ្លះមានការឈឺចាប់បន្តិចបន្តួច
  • បើគេពិនិត្យរន្ធត្រចៀកគេឃើញមានដុំក្នុងសណ្ឋានជា៖
    • ពណ៌សៗដូចជាក្រដាសសើមផុយ បញ្ជាក់ជាផ្សិតក្រុម Candida albicans
    • ពណ៌ខ្មៅដូចធ្យូង បញ្ជាក់ជាផ្សិតក្រុម Aspergillus niger
    • ពណ៌លឿង បញ្ជាក់ជាផ្សិតក្រុម​ Aspergillus flavinus (មិនសូវមានជួប)

ផលវិបាកនៃរោគផ្សិតត្រចៀក៖

  • ការរំខានដល់គុណភាពនៃជិវីតរួមមាន រមាស់ត្រចៀក ហ៊ឹងត្រចៀក ការស្ដាប់ថយចុះ
  • ការលាប់ចុះឡើងជាញឹកញាប់ដោយការព្យបាលមិនត្រឹមត្រូវ
  • ការវិវត្តន៍ទៅជាការធ្លុះក្រដាសត្រចៀកដោយយឺតយ៉ាវក្នុងការព្យបាល

ការការពារមិនឲ្យកើតផ្សិត៖

  • ហាមត្បារឬឆ្កឹះត្រចៀក
  • ប្រយ័ត្នទឹកចូល
  • ហាមដាក់ថ្នាំដែលមិនមានការអនុញ្ញាតឲ្យប្រើ
  • ជៀសវាងការព្យាបាលបែបជំនឿ
  • ជៀសវាងនូវរបៀបសំអាតត្រចៀកដោយគ្មានអនាម័យ

 

ឯកសារយោង៖

Practical Otology, Daniel J. Pender



ខែ​វិច្ឆិកា 10, 2020 Ros Prach PonluUncategorizedត្រចៀក0

ដូចពាក្យបានបញ្ជាក់ ការរលាកត្រចៀកកណ្ដាលនេះមានទឹកដក់នៅក្នុងត្រចៀកកណ្ដាល។ ទឹកនេះមិនមែនជាខ្ទុះ តែវាមានសភាពខាប់ជាងទឹកហើយមានសភាពបែបរអិលបន្តិច(serous) ពេលខ្លះមានសភាពអន្ធឹលដូចសំបោរ (mucoid)។ទឹកនៅទីនេះមិនជាទឹកដែលមិនមានមេរោគនោះទេ។ពីពេលមុនអ្នកវិទ្យាសាស្ដ្រយល់ថាមិនមែនបង្កដោយមេរោគទេ​ គេហៅថាជា (Glue ear)។តែបច្ចុប្បន្ននេះទឹកនេះមានមេរោគដោយគេប្រើវិធីមួយហៅថា (PCR= Polymerase Chain Reaction)។

ខាងក្រោមនេះជារូបភាពដែលបង្ហាញទីតាំងដែលសរីរាង្គខ្លះអាចបង្កជាមូលហេតុនាំឲ្យកើតការរលាក។ដូចជាសាច់អាដេណូយរីកធំនៅលើកូនក្មេង រលាកច្រមុះ រលាកសៃណឹស (sinus) និងដុំមហារីកនៅពីខាងក្រោយច្រមុះ។ កត្តាមួយទៀតដែលគេមិនត្រូវបំភ្លេចនោះគឺ អាល់ល្លែកហ្ស៊ី ផ្លូវដង្ហើមខាងលើនិងចំណីអាហារ។

​​​រូបភាពបង្ហាញទីតាំងសរីរាង្គដែលអាចបង្កការរលាកត្រចៀកកណ្ដាល
(Adenoids, Nasopharynx, Sinus)

កត្តាបរិស្ថាននិងការថែទាំ៖

  • ផ្សេងបារី
  • ការបំបៅទឹកដោះដោយដប
  • សមាជិកច្រើនក្នុងគ្រួសារ
  • ការថែទាំកុមារនៅមត្តេយ្យ

មេរោគបង្ក៖

Bluestone et al (19920

  • Staphyloccocus pneumoniae (35%)
  • Haemophilus influenzae (23%)
  • Maroxella catarrhalis (14%)

Post et al (1995)

  • Haemophilus influenzae (54.5%)
  • Moraxella catarrhalis (46.4%)
  • S. pneumoniae (29.9%)

សញ្ញានិងរោគសញ្ញា៖

  • មានឈឺត្រចៀកបន្តិចបន្តួចបន្ទាប់ពីផ្ដាសាយ
  • មានអាការៈដូចជាមានទឹកក្នុងត្រចៀក
  • ហ៊ឹងត្រចៀកហាក់បីដូចមានទឹកក្នុងត្រចៀក
  • ស្ដាប់មិនសូវច្បាស់រហូតដល់ធ្ងន់ត្រចៀកខ្លាំង
  • បើពិនិត្យត្រចៀកពេលខ្លះមិនចាប់អារម្មណ៏ថាមានអ្វីប្លែក
  • ក្រដាសត្រចៀកឡើងព៌តស្អាប់ ពេលខ្លះក្រដាសហាក់ដូចស្ដើងមានឃើញទឹកនៅក្នុងត្រចៀក ពេលខ្លះក្រដាសត្រចៀកផត(នៅពេលការវិវត្តន៍ច្រើនខែ)

រោគវិនិច្ឆ័យ៖

  • វិធីដែលសំខាន់ក្នុងការធ្វើរោគវិនិច្ឆ័យគឺការវាស់ការស្ដាប់ (Audiometry) និងការវវាស់សម្ពាធត្រចៀកកណ្ដាល (tympanometry) ដោយម៉ាស៊ីន Impedanciometer។ រង្វាស់ដែលបានពី​ tympanometry អាចឲ្យយើងរករោគវិនិច្ឆ័ួយបានដោយងាយជាងការឆ្លុះមើលក្រដាសត្រចៀក ជាពិសែសនៅលើកូនក្មេង។

ការព្យាបាល៖

  •  ដោយឱសថចំពោះការលាកដែលស្ថិតក្នុងការវិវត្តន៍រយៈតិចជាង២ឬ៣ខែ។មានការខ្វែងគំនិតគ្នាខ្លះលើការប្រើថ្នាំផ្សះ (antibiotic)ដោយគេយល់ថាអាល់ល្លែកហ្ស៊ីជាការួមចំណែកក្នុងបង្កឲ្យមានការរលាក។ខ្លះបានប្រកាន់យកការចោះក្រដាសត្រចៀកដាក់បំពង់ (Tympanostomy tube insertion)
  • ពេលខ្លះតម្រូវការវះកាត់អាដេណូយ (Adenoidectomy) ប្រសិនជាមានលាប់ចុះឡើងច្រើនដងនៃការរលាកនេះ

ផលវិបាក៖

  • ការវិវត្តន៍ដោយមិនព្យបាលអាចប្រឈមនឹងការថយចុះការស្ដាប់។បើក្មេងវិញអាចមានការយឺតយ៉ាវក្នុងការរៀនសូត្រព្រោះតែការថយចុះនៃការស្ដាប់។ ការថយចុះចាប់ពី៣០dBឡើងទៅគឺមានបញ្ហាស្ដាប់ (conductive hearing loss)
  • ប្រការមួយទៀតនៅពេលក្រដាសត្រចៀកផតរហូតដល់បាតត្រចៀកកណ្ដាល​ (middle ear atelectasisឬ​ adhesive otitis) ពេលនោះការស្ដាប់ធ្លាក់ចុះខ្លាំងមិនអាចកែបានឡើយ
  • ការវិវត្តន៍មួយផ្សេងទៀតគឹលទ្ធភាពក្នុងការកើត “cholesteatoma” ដោយការផតក្រដាសត្រចៀកនៅចំណុចណាមួយ

 

រូបភាពការរលាកត្រចៀកកណ្ដាលមានដក់ទឹក
Otitis Media with Effusion
រូបភាពការរលាកត្រចៀកកណ្ដាលបង្ហូរដោយដាក់បំពង់ Tympanostomy Tube Insertion
 

 

ឯកសារយោង៖

  1. Otolaryngology, The Essentials, Allen M Seiden
  2. Ear, Nose, and Throat Diseases with Head and Neck Surgery, Hans Behrbohm, Oliver Kaschke
  3. Managing the Allergic Patient, John H. Krouse, M. Jennifer Derebery

 



ខែ​វិច្ឆិកា 7, 2020 Ros Prach Ponluត្រចៀក0

ជាជំងឺមួយរ៉ាំរ៉ៃដេលវិវត្ពីក្រោយការរលាកស្រួចស្រាវរបស់ត្រចៀកកណ្ដាលដែលមិនបានព្យាបាលឲ្យបានជាសះស្បើយត្រឹមត្រូវ។វាគ៏អាចជាផលវិបាកពីការដាច់ក្រដាសត្រចៀកដោយគ្រោះថ្នាក់ផ្សេងៗដែលមិនបានព្យាបាលជាសះស្បើយ។

មូលហេតុទី១ដំបូង ជាកត្តាចម្បងដែលបណ្ដាលឲ្យកើតមាននូវអំប៉ៅអំបែក។

ជំងឺនេះគេច្រើនសង្កេតឃើញមាននៅប្រទេសកំពង់អភិវឌ្ឍ។ ទស្សនៈដែលថាអំបៅអំបែកកើតមកពីទឹកចូលត្រចៀកគឺមិនត្រឹមត្រូវ។ ពោលគឺនៅពេលក្រដាសមិនដាច ហើយបើមានទឹកចូលប្រាកដណាស់ថាមិនអាចកើតអំបៅអំបែកបានទេ។ចំពោះអំបៅអំបែកដែលសម្ងំ(អសកម្ម)អាចលាប់ឡើងវិញ នៅពេលមានទឹកចូល ផ្ដាសសាយ ឬទាស់ចំណីផ្សេងៗ ដូចជា ចំណីសមុទ្រ ប្រហុក ទឹកត្រី ទំពាំង ។ល។

រោគសញ្ញានិងសញ្ញា៖

  • ខ្ទុះហូរចេញពីត្រចៀកដែលឈឺម្ដងម្កាលឬអាចហូរសឹងតែប្រចាំ
  • មិនមានការឈឺចាប់អ្វីគួរកត់សំគាល់នោះទេ តែបើមានវាអាចជាសញ្ញាមួយដែលគួរយកចិត្តទុកដាក់
  • ការស្ដាប់មានការថយចុះ ទៅតាមទំហំដាចតូចឬធំរបស់ក្រដាសត្រចៀក តាមការបាត់បង់កូនឆ្អឹងតូចៗក្នុងត្រចៀក តាមពេលវេលានៃការរលាក
  • បើពិនិត្យត្រចៀកគេសង្កេតឃើញក្រដាសត្រចៀកដាចមានទំហំតូចឬធំទៅតាមការវិវត្តរបស់វា មានសំណើមបែបខ្ទុះ ខ្ទុះរាវឬខាប់ អាចមានឫសដូងក្នុងរន្ធត្រចៀក(aural polyp)ថែមទៀតផង
  • បើខ្ទុះដែលមានក្លិនស្អុយដូចកណ្ដុរងាប់ជាសញ្ញាប្រភេទដែលអាចមានផលវិបាកឌេលអាចមកពី Cholesteatoma

មេរោគបង្ក៖

  • Pseudomonas aeruginosa
  • Staphylococcus aureus
  • Proteus

ប្រភេទ៖

  • ប្រភេទសាមញ្ញ មិនមានការវិវត្តទៅមានផលវិបាកអ្វីទាំងអស់
  • ប្រភេទមានផលវិបាកពោលគេហៅថាអំបៅអំបែកដែលមាន(cholesteatoma) វាអាចបណ្ដាលឲ្យមានផលវិបាកច្រើនដូចជា៖
    • វៀចមុខម្ខាងដោយមានការប៉ះពាល់ដល់​សសៃញោចទី៧ (facial nerve)
    • រលាកឆ្អឹង​mastoid​ (mastoiditis)
    • រលាកឡាប៊ីរាំងក្នុង (suppurative labyrinthitis)
    • រលាកស្រោមខួរក្បាល (meningitis)
    • អាប់សែខួរក្បាល (brain abscess)

ការការពារនិងការព្យាបាល៖

  • ក្នុងប្រភេទសាមញ្ញគេព្យាបាលវា រួចហើយនៅពេលស្ងួតល្អ គេអាចប៉ះក្រដាសត្រចៀកឡើងវីញបាន។
  • ចំពោះប្រភេទដែលមានផលវិបាក​វិញ គេព្យាបាលដោយការវះកាត់សំអាត cholesteatoma រួចហើយគេអាចធ្វើការប៉ះប៉ុនក្រដាសត្រចៀកឡើងវិញបានដែរ តែលទ្ធផលវាអាស្រ័យលើ cholesteatoma មានទំហំតូចឬធំ និងភាពស្ទាត់ជំណាញរបស់គ្រូពេទ្យវះកាត់។

 

ឯកសារយោង៖

  1. Current Diagnosis & Treatment, OTOLARYNGOLOGY, Head and Neck surgery Anil K. LALWANI
  2. Practical Otology, Daniel J. Pender

 



ខែ​វិច្ឆិកា 6, 2020 Ros Prach Ponluត្រចៀក0

ត្រចៀកកណ្ដាលមានរាងប្រហាក់ប្រហែលនឹងប្រអប់តូចមួយនៅពីក្រោយក្រដាសត្រចៀក។នៅក្នុងប្រអប់នោះមានកូនឆ្អឹង៣ដុំនិងរុំព័ទ្ធដោយភ្នាស។នៅផ្នែកខាងក្នុងខាងមុខនៃប្រអប់តូចនេះមានរន្ធតូចមួយភ្ជាប់ទៅបំពង់ដែលចាក់ទៅក្នុងទៅក្រោមហើយមានរន្ធនៅខាងចុងស្ថិតនៅលំហក្រោយច្រមុះ។​ បំពង់មានឈ្មោះ (eustachian tube)​ ដែលមានមុខងារក្នុងការរក្សាតុល្យភាពសម្ពាធរវាងបិរស្ថានខាងក្រៅនិងត្រចៀកកណ្ដាល។​(មើលរូបខាងក្រោម)

 

ក្រដាសត្រចៀករលាក
ក្រដាសត្រចៀករលាក

មូលហេតុបណ្ដាលឲ្យមានការលាក៖

  • ជំងឺផ្ដាសាយ
  • សាច់អាដេណូយរីកធំ (adenoidមាននៅក្រោយច្មុះកូនក្មេង)
  • ការផ្លាស់ប្ដូរសម្ពាធនៅពេលយន្ដហោះចុះ-ឡើង ការមុជទឹកជ្រៅដោយគ្មានឧបករណ៏ការពារ
  • ពេលខ្លះដុំសាច់(មហារីក)ដែលនៅក្នុងលំហក្រោយច្រមុះ (rhinopharynx)

មូលហេតុអម្បាលមាណខាងលើអាចបង្កឲ្យមានការផ្លាស់ប្ដូរសម្ពាធនៅក្នុងត្រចៀកកណ្ដាលដោយសារមានការស្ទះឬហើមមាត់រន្ធ eustachian tube​។សម្ពាធនៅក្នុងត្រចៀកកណ្ដាលក្លាយទៅជាដក(negative pressure)។ភ្នាសនៅក្នុងត្រចៀកកណ្ដាលចាប់ហើមដែលបណ្ដាលឲ្យមានការកកើតនៃពពួកមេរោគ។ទីបំផុតមានការលាកតែម្ដង។

មេរោគបង្ក៖

  • Streptococcus pneumoniae (>40%)
  • Haemophilus inflenzae (25-30%)
  • Moraxella catarrhalis (10-20%)

អាចមានក្រុម Staphyococcus aureus, Pseudomonas aeruginosa បង្កផងដែរ។

 

រោគសញ្ញានិងសញ្ញា៖

  • ឈឺត្រចៀក​ខាងក្នុង (ទាញស្លឹកត្រចៀកមិនបណ្ដាលឲ្យឈឺទេ)
  • ក្ដៅខ្លួនភាគច្រើនសង្កេតឃើញនៅលើកូនក្មេង
  • ហូរខ្ទុះចេញពីរន្ធត្រចៀក
  • ការស្ដាប់ចុះខ្សោយ
  • បើពិនិត្យត្រចៀកគេឃើញក្រដាសត្រចៀកឡើងក្រហម ឬព័ណ៌ស្អាប់ ឡើងក្រាស់ ឡើងប៉ោងខុសធម្មតា ពេលខ្លះមានខ្ទុះ

​​ ផលវិបាក៖

  • អាចបង្កឲ្យមានការលាកឆ្អឹង(mastoid)ហៅថា(Acute mastoiditis)
  • អាចឲ្យរលាកស្រោមខួរក្បាល(ចំពោះក្មេងដែលមានសុខភាពទន់ខ្សោយ)
  • ធ្លាយក្រដាសត្រចៀកអាចក្លាយជាអំបៅអំបែក
  • ការរលាករ៉ាំរ៉ៃត្រចៀកកណ្ដាលមានដក់ទឹក (otitis media with effusion)
  • មានបញ្ហាការស្ដាប់ចុះខ្សោយ

វិធីការពារ៖

  • ប្រញាប់ប្រញាល់ព្យបាលជំងឺផ្ដាសាយ
  • ការពារត្រចៀកនៅពេលមានសកម្មភាពដែលអាចប៉ះពាល់ត្រចៀក
  • មុនជិះយន្ដហោះ ហើយបើមានជំងឺផ្ដាសាយ ត្រូវព្យាបាលវាឲ្យសះស្បើយជាមុន
  • ចាក់វ៉ាក់សាំងការពារផ្ដាសាយជាប្រចាំ
  • ចាក់វ៉ាក់សាំង pneumococcal vaccine (Pneumo 23, Prevnar 13)
  • យកចិត្តទុកចំពោះសុខភាពទូទៅ ជាពិសេសកូនក្មេង

 

ឯកសារយោង៖

  1. Current Diagnosis & Treatment, OTOLARYNGOLOGY, Head and Neck surgery Anil K. LALWANI
  2. Practical Otology, Daniel J. Pender

 



ខែ​វិច្ឆិកា 5, 2020 Ros Prach Ponluត្រចៀក0

បូសត្រចៀកក៏ដូចបូសនៅកន្លែងណាផ្សេងទៀតនៅក្នុងខ្លួនយើងដែរ។បូសត្រចៀកសំដៅបូសដែលកើតនៅលើរន្ធត្រចៀក និយាយឲ្យច្បាស់ទៅទៀតនោះគឺវាកើតលើផ្នែកដែលមានរោមនៃរន្ធត្រចៀក។មូលហេតុចម្បងគឺដោយសារមានការរលាត់ឬរបួសនៅលើរន្ធនេះតែម្ដង។ការនេះរលាកឬរលាត់គឺដោយសារតែយើងបង្កវាដោយត្បារ ​កេះដោយវត្ថុរឹងឬមុតស្រួច ។

មេរោគដែលបង្ក៖

  • Streptococcus aureus
  • Streptococcus epidermidis
  • Pseudomonas aeruginosa
  • Escherichia coli

សញ្ញានិងរោគសញ្ញា៖

  • មានរមាស់ ការឈឺចាប់ពីតិចទៅខ្លាំងពិបាកនឹងទ្រាំ បើកូនក្មេងអាចយំ
  • ហ៊ឹងត្រចៀក ស្ដាប់មិនសូវច្បាស់​
  • អាចមានកូនកណ្ដុរនៅខាងមុខរន្ធត្រចៀកឬក្រោយត្រចៀក
  • រន្ធរ្រចៀកហើម មានខ្ទុះ  ប៉ះសឹងតែមិនបាន​ (ឈឺខ្លាំង)

ផលវិបាក៖

  • ជាទូទៅជាសះស្បើយដោយការព្យបាលបានត្រឹមត្រូវ
  • អាចក្លាយទៅជាអាប់សែក្រោយត្រចៀក តែមិនម៉ែនជាអាប់សែBezoldទេ (Bezold’s abscess)
  • អាចវិវត្តទៅជាការរលាកស្លឹកត្រចៀក រលាកឆ្អឹងខ្ចីរបស់រន្ធត្រចៀក រហូតសែលលុយលីត​(cellulitis)

ប្រភេទ៖

  • ប្រភេទធម្មតា
  • ប្រភេទធ្ងន់ធ្ងរ ​(necrotizing external otitis)ប្រភេទនេះតែងតែជួបលើអ្នកជំងឺដែលមានទឹកនោមផ្អែម​ អ្នកដែលមានប្រព័ន្ធការពាររាងកាយខ្សោយ                                                                                                              ​​​​​​​​​
ការរលាកស្លឹកត្រចៀក(perichondritis)បន្ទាប់ពីបូសត្រចៀក

ឯកសារយោង៖

  1. Practical OTOLOGY, Danie, J. Pender
  2. Current Diagnosis & Treatment, ANIL K. LALWANI

 

 



ខែ​វិច្ឆិកា 4, 2020 Ros Prach Ponluត្រចៀក0
  • សរីរាង្គខាងក្រៅរបស់ត្រចៀក

ពាក្យថាត្រចៀកខាងក្រៅគឺរាប់ចាប់ពីស្លឹកត្រចៀរហូតដល់ក្រដាសខាងក្នុង។ស្លឹកត្រចៀមាន សណ្ឋានជាចង្អូរក្រវិកក្រវក់ ជង្ហុក មានរន្ធនិងរោម​​។​ចំណែកឯរន្ធមានជម្រៅប្រហែល២,៥សង់ទីម៉ែត្រ មានទំហំតូចធំទៅ ខ្លះត្រង់​ខ្លះវៀច​ ទៅតាមមនុស្សផ្សេងគ្នា ។សំណើមដែលមានក្នុងរន្ធត្រចៀកនិមួយៗក៏ខុសគ្នាដែរ មានស្ងួត សើមល្មម សើមបង្គួរ។

តើអាចម៍ត្រចៀកកើតមកពីអ្វី? វាកើតមកអំពីការរួមផ្សំនៃជាតិខ្លាញ់(sebum)ដែលបញ្ចេញដោយក្រពេញ​ sebaceous glands​ & apocrine glands) ។ជាទូទៅអាចម៍ត្រចៀកមានពណ៌ព្រឿងទៅត្នោតទុំ អាចម៍ត្រចៀកខ្លះទន់ជ្រាយ អាចម៍ត្រចៀកខ្លះរឹងល្មម តែអាចមានសណ្ឋានរឹងដែរ ។

កុំសូមច្រឡំជាមួយនឹងស្បែកងាប់ដែលកើតដោយសារការត្បារសំអាតឬឆ្កឹះញឹកញាប់ពេក ​វាមានសណ្ឋានជាស្រទាប់ស្ដើងៗព័ទ្ធជុំវិញរន្ធ។

របៀបថែទាំ៖

  • ហាមត្បារឬឆ្កឹះ​ដោយឧបករណ៍រឹង​ វត្ថុមុតស្រួច (អាចដាច់ក្រដាសត្រចៀក)
  • ហាមត្បារញឹកញាប់ព្រោះនាំឲ្យខូចបរិស្ថាន(pH)របស់រន្ធត្រចៀកបាន។​អាចបង្កដាច់ស្បែកនាំមេរោគចូល (អាចបង្កជាបូសបាន)
  • ហាមប្រើប្រដាប់ត្បារត្រចៀករបស់អ្នកដ៏ទៃ (អាចកើតជំងឺផ្សិតបាន)

សូមបញ្ជាក់ថា អាចម៍ត្រចៀកកើតត្រឹមស្បែកដែលមានក្រពេញបញ្ចេញខ្លាញ់ស្ថិតប្រហែល០,៨សង់ទីម៉ែតពីមាត់រន្ធតែប៉ុណ្ណោះ។អាចម៍ត្រចៀក ក៏ដុចជារាល់កំទេចឬផង់ធូលីដែលនៅក្នុងរន្ធ ស្បែកត្រចៀកមានសមត្ថភាពបញ្ចេញដោយស្វ័យប្រវត្តិដោយមិនចាំបាច់យើងសំអាតវាឡើយ។

  • មុខងារស្ដាប់របស់ត្រចៀក

ត្រចៀកជាវិញ្ញាណសំរាប់ត្រងសម្លេងពីពិភពខាងក្រៅ។ត្រចៀកដែលយើងនិយាយឲ្យចំគឺមាន៣ផ្នែក៖

  • ត្រចៀកខាងក្រៅដោយចាប់ពីស្លឹកត្រចៀកដល់ក្រដាសត្រចៀក
  • ត្រចៀកកណ្ដាលដែលមានកូនឆ្អឹង៣ដុំ មានសណ្ឋានប្រហាក់ប្រហែលនឹងប្រអប់​ដែលនៅចន្លោះត្រចៀកណ្ដាលនិងក្នុង
  • ត្រចៀកក្នុងមាន២ផ្នែក មួយផ្នែកសំរាប់ស្ដាប់មានសណ្ឋានដូចគូថខ្យង មួយផ្នែកទៀតសំរាប់រក្សាលំនឹង

ផ្នែកទាំង៣របស់ត្រចៀកនេះមានសារៈសំខាន់ក្នុងការទទួលប្រភពសម្លេង ដែលផ្នែកនិមួយៗដែលមានមុខងារច្បាស់លាស់(ត្រចៀកក្រៅនិងត្រចៀកកណ្ដាលមានមុខងារក្នុងការបញ្ជូន)ជាឋាមពលម៉េកានិក ឯត្រចៀកក្នុងមានភារៈបំប្លែងឋាមពលម៉េកានិកទៅជាថាមពលជីវអគ្គិសនីដែលចុងក្រោយយើងអាចឮបានហើយអាចដឹងពីប្រភពមកពីខាងណា ប្រភេទសម្លេង(សម្លេងមនុស្ស ឧបករណ៍ភ្លេងឬក៏សត្វជាដើម) ប្រភព និងកំរិតសម្លេងខ្ពស់ទាប ។ដើម្បីយើងអាចស្ដាប់សម្លេងបានលុះត្រាណាតែផ្នែកនិមួយៗរបស់ត្រចៀកមិនមានខូចខាតឬប៉ះពាល់ដោយប្រការណាមួយ។ជាធម្មតាការស្ដាប់និងការនិយាយក្នុងជីវភាពប្រចាំថ្ងៃមានកំរិតជាអាំងតង់ស៊ីតេមានពី៣០dBដល់៧០dB (dB=decibel ជាឯកតាអាំងតង់ស៊ីតេសម្លេង)​ ក្នុងរលកធាតុអាកាសពី​ ២៥០Hz ដល់៤០០០ Hz (Hz= Hertz ជាឯកតារលកធាតុអាកាស)។ជាទូទៅរលកសម្លេងដែលគេនិយមនិយាយមានពី​៥០០Hzដល់២០០០Hz។ប្រសិនក្នុងករណីណាដែលសម្លេងដែលយើងស្ដាប់ដែលយើងទទួលលើសពីកំរិតនេះ វាអាចឲ្យមានការប៉ះពាល់ដល់ប្រព័ន្ធសោតវិញ្ញាណដែលនាំបង្កឲ្យធ្លាក់សមត្ថភាពនៃការស្ដាប់ឬអាចបណ្ដាលឲ្យហ៊ឹងត្រចៀកនិងឲ្យខូចលែងស្ដាប់បានតែមដង។

របៀបបង្កានិងថែទាំ៖

  • ការពារដូចបានរៀបរាប់ដូចប្រការខាងលើ
  • ហាមមុជទឺកជ្រៅ(២ម៉ចុះក្រោម)ដោយមិនមានឧបករណ៍ការពារ
  • ហាមប្រើប្រាស់អាវុធឬសារធាតុផ្ទុះដោយមិនមានប្រដាប់ការពារ
  • ហាមការប្រឈមនឹងសម្លេងខ្លាំងៗដូចជាក្នុងការប្រគុំតន្ត្រី(concert)
  • ហាមពាក់ podcast ដែលបន្លឺសម្លេងខ្លាំង​ ឬ​​ កំរិតសម្លេងខ្សោយតែប្រើរយៈពេលយូរ
  • ប្រុងប្រយ័ត្នឬជៀសវាងនូវកីឡានិងល្បែងណាដែលអាចបង្កគ្រោះថ្នាក់ដល់ក្បាល
  • រក្សាកំរិតជាតិស្ករក្នុងឈាម សម្ពាធឈាមឲ្យស្ថេរ
  • ហាមសេពគ្រឿងស្រវឹង
  • បើមានជំងឺត្រចៀកក្នុងផ្នែកណាមួយត្រូវប្រញាប់ប្រញាល់ព្យាបាលភ្លាម
  • ចំពោះកូនក្មេងត្រូវចាក់វ៉ា់ក់សាំងការពារជំងឺផ្ដាសាយ ស្អូច​ រលាកស្រោមខួរ
  • ជៀសវាងការព្យាបាលដោយជំនឿដែលមិនស្របនឹងវិទ្យាសាស្ដ្រ

មុខងាររក្សាលំនឹងរបស់ត្រចៀកខាងក្នុង

ដងខ្លួនមនុស្សយើងអាចឈរ និងរក្សាលំនឹងបានដោយសារមុខងារស៊ីសង្វាក់គ្នារវាងមុខងាររបស់សរីរាង្គ៣រួមមាន ៖

  • ត្រចៀកក្នុង(inner ear)ដែលមាន២ផ្នែក ១ផ្នែកសំរាប់បម្រើការស្ដាប់ (auditive system) និង១ផ្នែកទៀតសំរាប់ការរក្សាលំនឹង (vestibular system)
  • ប្រព័ន្ធសាច់ដុំកនិងប្រព័ន្ធសាច់ដុំនិងសន្លាក់ (cervical musculature & extensor musculature)
  • ប្រព័ន្ធភ្នែក (visual system)

ប្រព័ន្ធទាំង៣នេះ មានសារៈសំខាន់ក្នុងការរក្សាជំហរ លំនឹងដងខ្លួន និងសាច់ដុំ នៅពេលណាប្រព័ន្ធទាំង៣មានតុល្យភាពនឹងគ្នា។បើប្រព័ន្ធណាមួយនេះមានបញ្ហា ជំហរ លំនឹង ក៏មានបញ្ហាដែរ។

នៅក្នុងត្រចៀកក្នុងដែលមានមុខងារសំខាន់ក្នុងការរក្សាលំនឹងមានបំពង់តូចៗ៣ដែលស្ថិតនៅលើប្លង់៣ស្ទើរតែកែងនឹងគ្នា។ប្លង់ទាំងនោះគឺប្លង់មុខ-ក្រោយសំរាប់ទទួលរំញោចនៃចលនាមុខក្រោយរបស់ក្បាល ប្លង់ឆ្វេង-ស្ដាំសំរាប់ទទួលរំញោចនៃចលនាឆ្វេងស្ដាំរបស់ក្បាលក្បាល ប្លង់រាប(ប្លង់រាបស្មើរ)សំរាប់ទទួលរំញោចនៃចលនាងាកឆ្វេងស្ដាំរបស់ក្បាល។ដូចនេះប្លង់ទាំង៣ដែលបានរៀបរាប់ខាងលើទទួលមុខងាររក្សាលំនឹងនៃដងខ្លួនទាំងមូលទោះជាក្បាលមានទំនោរទៅទិសណាមួយដោយ។នៅក្នុងបំពង់ទាំង៣នេះមានកោសិការល្អិតៗដែលជាអ្នកទទួលការរំញោចនៃប្លង់និមួយៗ។បើមានកោសិការនៅក្នុងបំពង់និមួយៗមានបញ្ហា ការរក្សាលំនឹងក៏មានបញ្ហាដែរ។គេមិនត្រឹមសិក្សាតែត្រចៀកម្ខាងនោះទេ ពោលគឺទាំងសងខាង។

ការរក្សាជំហរឬលំនឹងមិនអាស្រ័យតែមុខងារបស់ត្រចៀកខាងក្នុងមួយមុខទេ តែវាក៏អាស្រ័យលើមុខងាររបស់ក្បាលដែរ។ តែភាគច្រើនជំងឺវិលមុខច្រើនតែបង្កដោយត្រចៀកខាងក្នុង។

របៀបថែទាំត្រចៀកក្នុងក៏មានលំនាំដូចរបៀបការពារត្រចៀកកណ្ដាលដែរ។

រូបភាពត្រចៀកក្នុង

សូមមើលអត្ថបទ៖

. ជំងឺវិលមុខ

. ត្រចៀកហ៊ឹង

 

ឯកសារយោង៖

  1. OTOLARYNGOLOGY, The Essentials, Allen M Seidn Thomas A. Tami
  2. Current Diagnosis & Treatment, OTOLARYNGOLOGY, Head and Neck surgery Anil K. LALWANI
  3. Practical Otology, Daniel J. Pender
  4. Précis d’audiométrie Clinique, Michelle Portmann, Claudine Portmann

 

 



ខែ​តុលា 14, 2020 Ros Prach Ponluត្រចៀក0

កុមារនៅអាយុប៉ុន្មានទើបអាចចេះនិយាយបាន? ចាប់ពីអាយុចន្លោះ១២ទៅ១៨ខែរហូតដល់​២ឆ្នាំកុមារចាប់ផ្ដើមចេះនិយាយជាបណ្ដើរៗដូចជាបន្លឺពាក្យថា ម៉ាក់ៗ ប៉ាៗ ។ពាក្យចំនួនដល់ប្រហែល២០០ដែលក្មេងអាចនិយាយបានក្នុង២ឆ្នាំទៅ៣ឆ្នាំ។កូនក្មេងដែលមានកាយសម្បទា និងការលូតលាស់គ្រាប់គ្រាន់នៃសរសៃប្រាសាទ ពេលនោះក្មេងនឹងអាចត្រងត្រាប់ពាក្យដែលគេបានឮដោយសារត្រចៀករបស់គេដែលមានសមត្ថភាពស្ដាប់នូវសម្លេងនៅជុំវិញគេ។នៅពេលនោះកុមារចាប់ត្រាប់តាមពាក្យដែលគេបានឮ។នេះជាដំណាក់កាលដំបូងនៃការចេះនិយាយ។ឪពុកម្ដាយភាគច្រើនតែងច្រឡំនឹងពាក្យដែលយើងនិយមថាជាពាក្យកកែរកករ ដោយក្ដីអំណរថាកូនរបស់ខ្លួនចេះនិយាយ។តាមពិតមិនមែនទេ។ការចេះនិយាយគឺជាការត្រាប់នូវសម្លេងដែលកុមារបានឮ ។បើមិនឮម្ដេចនឹងអាចត្រាប់តាមបាន?។

តាមន័យពិតការចេះពាក្យ១ម៉ាត់២ម៉ាត់មិនមានសេចក្ដីថាចេះនិយាយនោះទេ។នេះគ្រាន់ជាចាប់ផ្ដើម។ យើងត្រូវតាមដានមើលថាកូនរបស់យើង ថាតើវាមានការវិវឌ្ឍន៍ក្នុងចេះពាក្យដែរឬទេ?ព្រោះថា​កុមារដែលមានបញ្ហាក្នុងការស្ដាប់មិនមានការរីកចំរើននៃការរៀនពាក្យដូចក្មេងធម្មតាឡើយ។ការវាយតម្លៃនៃការស្ដាប់បានរបស់កុមារតម្រូវមានការធ្វើរោគវិនិច្ឆ័យត្រឹមត្រូវនិងទាន់ពេលវេលា ដោយហេតុថាការស្ដាប់មិនសូវឬក៏មិនបានវាបណ្ដាលឲ្យការរៀនភាសាមានការយឺតយ៉ាវឬមួយមិនអាចតែម្ដង។ការអន្តរាគមន៍ទាន់ពេលវេលាកុមារអាចមានលទ្ធភាពរៀនភាសាបាន។

ឯកសារយោង៖

  1. Fondamentos Audiofoniátricos; Jorge Parello, M.A. Rodriguez, Miguel Serra-Reventos
  2. Otorrinolaringología, Oído Tomo 2; Michael M. Paparella, Donald A. Shumrick